ភ្នំពេញៈ អ្នកប្រដាល់ជើងថ្មី តក់ សោភ័ណ្ឌ មកពីក្លិបអេភូថងកីឡា និងអ្នកលេងស្នៀតចម្រុះ ឆាយ មាស មកពីក្លិបតេជះរាជសីហ៍ខេត្តក្រចេះ ទទួលបាន៣ពិន្ទុដូចគ្នា នាការប្រកួតវិលជុំបើកឆាក ដណ្តើមប្រាក់ក្នុងធនាគារ ក្នុងទម្ងន់៦០គីឡូក្រាម លើសង្វៀនប៉ុស្តិ៍លេខ៣ កាលពីល្ងាចថ្ងៃសៅរ៍ កន្លងមក បន្ទាប់ពីពួកគេបានយកឈ្នះរៀងៗខ្លួនលើ ធី តុងហ៊ី និង កន ចន្ថា យ៉ាងលំបាក។
ការប្រកួតដែលឧបត្ថម្ភដោយក្រុមហ៊ុនទឹកបរិសុទ្ធហាយតិចមួយនេះ បានជ្រើសរើសកីឡាករ៨នាក់មកធ្វើការប្រកួតទៅតាមពូលចំនួន២ ហើយកាលពីថ្ងៃសៅរ៍វាជាការប្រកួតវិលជុំជម្រុះក្នុងពូលAប៉ុន្តែកន ចន្ថា ដែលប្រកួតចាញ់ ឆាយ មាស នោះគឺត្រូវបានដាក់ឲ្យឡើងវាយជំនួសជើងខ្លាំង សារឿន ចាន់ ដែលមានរបួសនៅក្នុងអំឡុងពេលនៃការហ្វឹកហាត់ត្រៀម។
តុងហ៊ី ដែលមានប្រៀបផ្នែកកម្ពស់នោះ បានព្យាយាមចូលវាយលុកទៅលើ សោភ័ណ្ឌ ជាបន្តបន្ទាប់ដើម្បីប្រើស្នៀតជង្គង់ប៉ុន្តែ ជើងក្រោមទាំងពីររបស់គេត្រូវបានបន្ទន់បន្តិចម្តងៗ ដោយកម្លាំងទាត់សន្ធាប់ខ្លាំងៗរបស់ សោភ័ណ្ឌ ហើយអ្វីដែលធ្វើឲ្យគេកាន់តែជួបការលំបាកនោះ គឺការម៉ាត់ និងបុកជង្គង់ថែមរបស់ សោភ័ណ្ឌ។
ថ្វីបើទទួលរងការទាត់ ម៉ាត់ និងបុកជង្គង់យ៉ាងណាក្តី ប៉ុន្តែ ធី តុងហ៊ី មិនរាថយនោះទេ ដោយរូបគេនៅតែរក្សាការម៉ាត់ ទាត់ និងបុកជង្គង់ជាបន្តបន្ទាប់ ហើយភាពអំណត់នេះធ្វើឲ្យ សោភ័ណ្ឌ ព្យាយាមវាយទប់យ៉ាងលំបាក។
នៅទឹកទី៤ តុងហ៊ីធ្វើឲ្យ សោភ័ណ្ឌ មានភាពទន់ជ្រាយ ក្រោមការចូលចាប់ប្តូរជង្គង់របស់គេ ប៉ុន្តែរូបគេក៏ទ្រមខ្លួនក្រោមការទាត់ ម៉ាត់ និង បុកជង្គង់សងចូលពេញៗរបស់ សោភ័ណ្ឌ វិញផងដែរ។ បន្ថែមពីលើនេះ សោភ័ណ្ឌ បានវាយកែងបណ្តាលឲ្យរូបគេបែកនៅលើចុងចិញ្ចើមខាងឆ្វេងហូរឈាម។
ដោយមើលឃើញថាខ្លួនកំពុងចាញ់ប្រៀបនោះ តុងហ៊ី បានប្រើប្រាស់កម្លាំងចុងក្រោយវាយលុកហើយសកម្មភាពនេះធ្វើឲ្យសោភ័ណ្ឌ កាន់តែជួបការហេវហត់ ប៉ុន្តែការដកថយរួមទាំងការព្យាយាមទាត់ និងម៉ាត់ ដោយប្រយោលមិនត្រឹមតែជួយឲ្យរូបគេគេចផុតពីការដាក់គំនាបរបស់ តុងហ៊ី ប៉ុណ្ណោះទេ ប៉ុន្តែវាជាល្បិចរកបានពិន្ទុបន្ថែមរបស់ សោភ័ណ្ឌ ដើម្បីឈ្នះក្នុងការប្រកួតដ៏លំបាកមួយនេះ។
រីឯកន ចន្ថា ដែលឡើងប្រឈមមុខជាមួយ ឆាយ មាស ជំនួស សារឿន ចាន់ ដោយគ្មានការត្រៀមខ្លួននោះ បានព្យាយាមដើរចូលស្ទើរ៥ទឹកពេញ ដើម្បីចាប់ ឆាយ មាស បុកជង្គង់ប៉ុន្តែការសន្សំចិត្តមួយនេះ មិនអាចជួយឲ្យរូបគេឈ្នះបានឡើយ ខណៈ ឆាយ មាស បានម៉ាត់ ទាត់ បុកជង្គង់ និងវាយកែង សងបានយ៉ាងល្អ។
ឆាយ មាស បានប្រើកម្លាំងស្ទើរខ្សោះពីខ្លួន ដើម្បីវាយស្តាត់ទប់ការដើរចូលប្តូរជង្គង់របស់ កន ចន្ថា។ ថ្វីបើរូបគេអាចបំលាស់ទីបានលឿន ដើម្បីវាយបកយ៉ាងណាក្តី តែការលើកដៃបិទយ៉ាងរឹងមាំរបស់ ចន្ថា ធ្វើឲ្យ ឆាយ មាសស្ទើរតែអស់វិធីសាស្រ្តម៉ាត់ និងវាយកែង។
នៅក្នុងទឹកទី៥ ឆាយ មាស អាចវាយបំបែកការឃុំមុខដ៏រឹងមាំរបស់ កន ចន្ថា ដោយរូបគេបានឆ្មក់ឱកាសស្ទុះចូលវាយកែងចំថ្គាម ចន្ថា ពេញមួយទំហឹង នៅពេល ចន្ថា ខ្វះការប្រុងប្រយ័ត្ន ហើយភ្លាមនោះគេបានចូលម៉ាត់ និងទាត់ថែមលឿនៗស្ទើរតែធ្វើឲ្យ ចន្ថា ដួលសន្លប់ទៅហើយ។ នៅទីបំផុត ឆាយ មាស ត្រូវបានអាជ្ញាកណ្តាលលើកដៃឲ្យឈ្នះក្នុងការប្រកួតយ៉ាងស័ក្តិសម៕
ភ្នំពេញ ប៉ុស្តិ៍







