ភ្នំពេញៈ ម្ចាស់ខ្សែក្រវាត់ ISKA វ៉ន វីវ៉ា បានបង្កើតនូវរឿងដ៏ចម្លែកមួយ ដោយរូបគេបានឆ្លៀតឱកាសផ្តួលអ្នកប្រដាល់មកពីក្លិបអូរដឹមកីឡា សូយ វិរៈ ឲ្យសន្លប់ធំក្នុងការប្រកួតកម្តៅសាច់ដុំ នៅលើសង្វៀនស៊ីធីអិន កាលពីរថ្ងៃសៅរ៍កន្លងមក ដើម្បីទទួលបានប្រាក់បន្ថែមចំនួន១០០ដុល្លារពី K cement ។
មុនការប្រកួតចាប់ផ្តើម ទាំងពិធីករផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងអ្នកធ្វើអត្ថាធិប្បាយនៅសង្វៀនផ្ទាល់ បានប្រកាសម្តងហើយម្តងទៀតថា«ការជួបគ្នារបស់ វ៉ន វីវ៉ា និង សូយ វិរៈ នៅពេលនេះ គ្រាន់តែការប្រកួតកម្តៅសាច់ដុំរបស់ វ៉ន វីវ៉ា ដើម្បីឲ្យគេត្រៀមខ្លួនឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍ ASEAN 2 ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ»។
ឆ្លងកាត់ការប្រកួតនោះ វ៉ន វីវ៉ា និង សូយ វិរៈ បានព្យាយាមប្រឡែងគ្នាដោយការទាត់ ម៉ាត់ និងបុកជង្គង់ថ្នមៗ ដើម្បីឲ្យសមទៅនឹងពាក្យថាការប្រកួតកម្តៅសាច់ដុំ ហើយកម្លាំងវាយចេញបែបស្រាលៗរបស់ពួកគេ មិនបានធ្វើឲ្យភាគីណាមួយមានការឈឺខ្លួននោះឡើយ។ លើសពីនេះអ្នកទាំងពីរតែងតែបង្ហាញនូវអាការៈសុំទោសដាក់គ្នា នៅពេលនរណាម្នាក់ បានជ្រុលវាយត្រូវគូប្រកួតហាក់ខ្លាំងបន្តិចនោះ។
ស្របពេលដែលវ៉ន វីវ៉ា និង សូយ វិរៈកំពុងព្យាយាមប្រឡែងគ្នានោះខាងក្រុមហ៊ុន K cement ដែលតែងតែផ្តល់ប្រាក់១០០ដុល្លារ ជូនដល់កីឡាករដែលបានផ្តួលគូប្រកួតឲ្យ ក្នុងលំដាប់គូពិសេសទី៥ និងគូឯកប្រចាំសប្តាហ៍នោះ ក៏បានប្រកាសផ្តល់រង្វាន់នេះដល់ការប្រកួតកម្តៅសាច់ដុំនេះដែរ។ មានន័យថា បើអ្នកណាម្នាក់អាចផ្តួលគូប្រកួតឲ្យសន្លប់នៅក្នុងទឹកណាមួយនោះ អ្នកនោះនឹងទទួលបាន១០០ដុល្លារបន្ថែមលើប្រាក់តម្លៃខ្លួន ប៉ុន្តែហេតុការណ៍មួយនេះមិនត្រូវបានគេរំពឹងថា កើតមានឡើងនោះឡើយ ព្រោះនេះគ្រាន់តែជាការប្រកួតកម្តៅសាច់ដុំ។
តែទោះបីជាយ៉ាងណា ឈានចូលដល់ការប្រកួតទឹកទី៥ វ៉ន វីវ៉ា ហាក់ចង់បង្ហាញពីសកម្មភាពប្រកួតដ៏ពិតប្រាកដមួយ ដោយរូបគេបានបន្ថែមទម្ងន់នៃការវាយចេញរបស់ខ្លួន ហើយគេបានម៉ាត់សន្ធាប់លឿនៗទៅលើផ្ទៃមុខ សូយ វិរៈ រហូត វិរៈ រកឱកាសវាយបកវិញមិនបាន ប៉ុន្តែលោកអាជ្ញាកណ្តាល សុខ វិជ័យ បានឃាត់សកម្មភាពវាយបែបជក់ដៃរបស់ វីវ៉ា ដោយធ្វើការរាប់ទៅលើ សូយ វិរៈ។
ក្រោយការរាប់នេះ សូយ វិរៈ ហាក់មានស្មារតីមិនសូវរឹងមាំឡើយ ហើយគេបានព្យាយាមម៉ាត់សងលឿនៗទៅលើការលើកដៃឃុំផ្ទៃមុខរបស់ វីវ៉ា ប៉ុន្តែកីឡាកររូបនេះ មិនបានប្រុងប្រយ័ត្នពីការវាយបករបស់ វ៉ន វីវ៉ា វិញនោះទេព្រោះការប្រកួត៤ទឹកកន្លងមក ពួកគេតែងទុកចន្លោះឲ្យគ្នា ដើម្បីធ្វើការវាយបកទៅវិញទៅមក។ ស្ថិតក្នុងកាលៈទេសៈនេះ វ៉ន វ៉វ៉ា បានប្រើដៃស្តាំម៉ាត់ចំថ្គាម សូយ វិរៈ មួយទំហឹង បណ្តាលឲ្យ វិរៈ ដួលដេកសន្លប់មិនអាចក្រោកឈរបានឡើយ។
ដោយមើលឃើញ វិរៈ ដួលដេកសន្លប់បែបនេះ វ៉ន វីវ៉ា បានរត់ទៅជួយគ្រា និងបានសុំទោស នូវអ្វីដែលរូបគេបានជ្រុលដៃម៉ាត់ត្រូវខ្លាំងបណ្តាលឲ្យសន្លប់បែបនេះ ប៉ុន្តែក្រោយហេតុការណ៍នេះ វីវ៉ា បានបង្ហាញទឹកមុខញញឹមដាក់កាម៉ារ៉ា ដើម្បីស្វាគមន៍ជ័យជម្នះរបស់ខ្លួន រួមទាំងទឹកប្រាក់ឧបត្ថម្ភបន្ថែមចំនួន១០០ដុល្លារពី K cement។
ក្រោយការសន្លប់នៅក្នុងការប្រកួតកម្តៅសាច់ដុំនេះ សូយ វិរៈ បាននិយាយថា៖«ខ្ញុំមិនមានអារម្មណ៍តូចចិត្តនូវអ្វីដែល វ៉ន វីវ៉ា បានវាយខ្ញុំឲ្យសន្លប់នោះទេ ព្រោះកីឡាប្រដាល់វាតែប៉ុណ្ណោះទៅហើយ ហើយខ្ញុំក៏ធ្លាប់ជួបហេតុការណ៍បែបនេះពីមុនមកដែរ»។
តែទោះបីជាយ៉ាងណា គេបានបញ្ជាក់ថា៖«ខ្ញុំមានអារម្មណ៍សឺទៅហើយនៅពេលគេវាយខ្ញុំឲ្យអាជ្ញាកណ្តាលរាប់នោះ ហើយការម៉ាត់ចូលមួយដៃចុងក្រោយរបស់គេ គឺមានទម្ងន់ធ្ងន់ មិនអាចឲ្យខ្ញុំទ្រាំទ្របានឡើយ។ ការវាយចូលនោះខ្ញុំអត់មានការប្រុងប្រយ័ត្នការពារខ្លួននោះឡើយ ព្រោះខ្ញុំយល់ថានេះគ្រាន់តែជាការប្រកួតកម្តៅសាច់ដុំ មិនអាចមានការវាយបកមានទម្ងន់ខ្លាំងបែបនេះនោះទេ ប៉ុន្តែខ្ញុំអត់ខឹងនោះទេ។ គេបានមកសុំទោសខ្ញុំនិងបានឲ្យលុយខ្ញុំ១៥០០០រៀលនៃចំណែកប្រាក់១០០ដុល្លារ ដែលគេទទួលបានពីការឧបត្ថម្ភរបស់ K cement»៕
ភ្នំពេញ ប៉ុស្តិ៍







