Headlines:

កំពូល​ជើង​ឯក​អាស៊ាន​២​លើ​សង្វៀន​ស៊ី​ធីអិន​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ



121123_25a
កីឡាករ​កម្ពុជា​ទាំង​៦នាក់ រួម​ទាំង​កីឡាករ​មក​ពី​ប្រទេស​ថៃ​ និង​ឡាវ បង្ហាញ​ខ្លួន​នៅ​ក្នុងសន្និសីទសារព័ត៌មាន​កាល​ពី​ល្ងាច​ម្សិលមិញ​។ ស្រេង ម៉េង​ស្រ៊ុន​

ភ្នំពេញៈ ភាព​ភ្ញាក់​ផ្អើល ជា​មួយ​នឹង​ទស្សនីយ​ភាព​ដ៏​កក្រើក នឹង​កើត​មាន​ឡើង​ក្នុង​ការ​ប្រកួត​កីឡា​ប្រដាល់​កំពូល​ជើង​ឯក​អាស៊ាន​លើក​ទី​២ (ASEAN​2) នៅ​លើ​សង្វៀន​ស៊ីធីអិន នា​រាត្រី​ថ្ងៃ​សុក្រ​នេះ ខណៈ​កីឡាករ​ជើង​ខ្លាំង​តំណាង​ឲ្យ​កម្ពុជា​ចំនួន​៦​នាក់​មាន វ៉ន វីវ៉ា កែវ រំចង់ សេន ប៊ុនថេន ឡុង សុភី យ៉េន ឌីណា និង ឯម លីថូ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ប្រឈម​មុខ​ជា​មួយ​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ថៃ​និង​ឡាវ​។

ការ​ប្រកួត​កីឡា​ប្រដាល់​កំពូល​ជើង​ឯក​អាស៊ាន ដែល​រៀប​ចំ​ឡើង​ដើម្បី​អបអរ​សារទ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​មួយ​នេះ ធ្លាប់​បាន​ធ្វើ​ឡើង​ម្តង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១២ ហើយ​លទ្ធ​ផល​នៃ​ការ​ប្រកួត​កីឡាករ​កម្ពុជា វ៉ន វីវ៉ា ឡុង សុភី ភេឌី ម៉ឺន​សុភា និង ឯម វត្ថា បាន​ទទួល​ជ័យ​ជម្នះ​រៀង​ៗខ្លួន លើ​កីឡាករ​ថៃ ឡាវ និង ម៉ា​ឡេស៊ី ខណៈ ឯម លីថូ ចាញ់​កីឡា​ករ​ឡាវ និង សេន ប៊ុនថេន បាន​ចាញ់​កីឡាករ​ថៃ Tanasak​។

សម្រាប់​ការ​ប្រកួត​លើក​នេះ ស៊ីធីអិន​បាន​សម្រេច​យក​កីឡាករ​ថៃ​៤​នាក់ និង​កីឡា​ករ​ឡាវ​២​នាក់ មក​ប្រកួត​ជា​មួយ​កីឡា​ករ​កម្ពុជា ហើយ​កីឡាករ​ឡាវ​ទាំង​២​នាក់​នេះ មាន​ម្នាក់ ធ្លាប់​បាន​យក​ឈ្នះ​ឯម លីថូ និង​ម្នាក់​ទៀត​ធ្លាប់​ត្រូវ​បាន សែន រ៉ាឌី វាយ​ឲ្យ​សន្លប់ ខណៈ​៤​នាក់​ផ្សេង​ទៀត មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ឡើយ។

ប៉ុន្តែ​លោក ម៉ា សេរី ប្រធាន​កីឡា​ប្រចាំ​នៅ​ស៊ីធីអិន ធ្លាប់​បាន​ប្រាប់​ថា អ្នក​ទាំង​៤​នោះ​សុទ្ធ​តែ​ជា​ជើង​ខ្លាំង ដែល​លោក​បាន​ចុះ​ទៅ​ជ្រើស​រើស​ដល់​ថៃ​តែ​ម្តង។

នៅ​ក្នុង​ការ​ប្រកួត​នេះ ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​៥៤​គីឡូ​ក្រាម​របស់​ស៊ីធីអិន ឯម លីថូ ត្រូវ​ដាក់​ឲ្យ​ជួប​ជើង​ខ្លាំង​របស់​ឡាវ​Seuaphom Thongbang ដែល​ធ្លាប់​ប្រកួត​៨៣​ដង ឈ្នះ​៧៦ ចាញ់​៧ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​២៥​ដង ហើយ​គេ​ម្នាក់​នេះ​ហើយ ដែល​ធ្លាប់​ឈ្នះ​ពិន្ទុ ឯម លីថូ ផ្ទាល់​នា​ការ​ប្រកួត​លើក​មុន។

ចំណែក​អ្នក​លេង​ស្នៀត​ជង្គង់ ឡុង សុភី ដែល​ធ្លាប់​ផ្តួល​ជន​ជាតិ​ម៉ាឡេស៊ី Mohamad Rafi Abdul Manaf ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​នា​ការ​ប្រកួត ASEAN1​នោះ អាច​ជួប​ការ​ប្រកួត​ដ៏​តឹង​តែង​មួយ ព្រោះ​រូប​គេ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​កម្ពស់​ខ្ពស់​ឈ្មោះ Sanam Chhok Keat Vy។ កីឡាករ​ថៃ​រូប​នេះ បាន​ចូល​ជំនួស​មិត្ត​រួម​ជាតិ Somsak Hormcheun ដែល​កំពុង​យាយី​ដោយ​សារ​ជំងឺ។ Sanam មិន​មាន​ការ​បញ្ជាក់​ពី​ប្រវត្តិ​របស់​ខ្លួន​បាន​ច្បាស់​ឡើយ ប៉ុន្តែ​រូបគេ​នឹង​ក្លាយ​ជា​ការ​គំរាម​កំហែង​មួយ​ដ៏​ធំ​ចំពោះ​កីឡាករ ឡុង សុភី។

ដោយ​ឡែក​សិស្ស​គុន​មក​ពី​អប្សរា​គុន​ខ្មែរ ដែល​ធ្លាប់​ប្រកួត​៣៦​ដង ឈ្នះ​៣៥ ចាញ់១ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ចំនួន​១៥​ដង យ៉េន ឌីណា ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជា​មួយ​កីឡា​ករ​ឡាវ Samboun Vongsa ដែល​ធ្លាប់​សន្លប់​ក្រោម​ផ្លែ​កែង សែន រ៉ាឌី នា​ការ​ប្រកួត​អន្តរ​ជាតិ​កម្ពុជា-ឡាវ​កាល​ពី​ឆ្នាំ​២០១០។

ប៉ុន្តែ​កីឡាករ​ឡាវ​ដែល​ធ្លាប់​បាន​ប្រកួត​៨២​ដង ឈ្នះ​៧០ ចាញ់​១២ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ចំនួន​២៥​ដង​ម្នាក់​នេះ អាច​នឹង​ធ្វើ​ឲ្យ យ៉េន ឌីណា ជួប​ការ​លំបាក​ក៏​ថា​បាន ព្រោះ​ការ​សន្លប់​លើក​មុន ដោយ​សារ​គេ​មើល​ស្រាល សែន រ៉ាឌី ខ្លាំង​ពេក ទើប​ធ្វើ​ឲ្យ​មាន​ការ​ភ្លាត់​ស្នៀត។

កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង សែន រ៉ាឌី ហៅ​ម្ទេស​ខ្មាំង មិន​អាច​ឡើង​ប្រកួត​ជា​មួយ​ម្ចាស់​ជើង​ឯក​ប្រចាំ​ប៉ុស្តិ៍​លេខ​៧​របស់​ថៃ S. Suradeth តាម​ការ​គ្រោង​ទុក​បាន​នោះ​ទេ ព្រោះ​របួស​ថ្គាម​របស់ រ៉ាឌី ដែល​បន្សល់​ទុក​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុន​សែន នៅ​ណាហ្គា​វើល​កន្លង​មក​នេះ នៅ​មិន​ទាន់​បាន​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ ហេតុ​នេះ​ស៊ីធីអិន​បាន​សម្រេច​ដាក់ សេន ប៊ុនថេន ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Chanak Ehsaktwin ជំនួស​គូ​មួយ​នេះ។

ម្ចាស់​ខ្សែ​ក្រវាត់​របស់​សង្វៀន​បាយ័ន កែវ រំចង់ នឹង​ត្រូវ​ប្រឈម​មុខ​ជា​មួយ​កីឡាករ​ថៃ Tirapong Saengdaeng ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ​ក្រាម។ រំចង់ ធ្លាប់​ប្រកួត​បាន ១០៤​ដង ឈ្នះ​៩២ ចាញ់​៩ ស្មើ​៣ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​៤០​ដង ខណៈ Saengdaeng ធ្លាប់​ប្រកួត​១២០​ដង ឈ្នះ​៩៥ ចាញ់​២៣ ស្មើ​២ និង​ធ្លាប់​ផ្តួល​គេ​ឲ្យ​សន្លប់​ចំនួន​៤៥​ដង ហេតុ​នេះ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​មួយ។

ចំពោះ​គូ​សំខាន់​ប្រចាំ​ព្រឹត្តិការណ៍ ម្ចាស់​ខ្សែ​ក្រវាត់ ISKA វ៉ន វីវ៉ា នឹង​ត្រូវ​ប្រឈម​មុខ​ជា​មួយ​កីឡាករ​ដ៏​ល្បី​ឈ្មោះ​របស់​ថៃ Surasak Delee ហៅ Thanekek ដែល​មាន​ប្រវត្តិ​ប្រកួត​រហូត​ដល់​១៥៦​ដង។

អ្នក​ទាំង​ពីរ​នេះ​ធ្លាប់​បាន​ផ្គូ​ផ្គង​ឲ្យ​ជួប​គ្នា​ម្តង​រួច​មក​ហើយ​នៅ​ក្នុង ការ​ប្រកួត ASEAN​1 ប៉ុន្តែ​ការ​ប្រកួត​នោះ​ត្រូវ​បាន​ផ្លាស់​ប្តូរ និង​បាន​ដាក់​កីឡាករ​ថៃ Phet Taksin មក​ជំនួស ប៉ុន្តែ​គេ​បាន​ចាញ់​ពិន្ទុ វ៉ន វីវ៉ា។

ការ​ប្រកួត​គឺ​មាន​លក់​សំបុត្រ​សម្រាប់​ចូល​អ្នក​ចូល​ទស្សនា​លើក​នេះ ដោយ​មាន​តម្លៃ​ចំនួន​៦០០០រៀល។

មុន​នឹង​ឈាន​ដល់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ សន្និសីទ​សារព័ត៌មាន​ត្រូវ​បាន​រៀប​ចំ​មួយ​លើក​មក​ហើយ​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន ដោយ​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ គឺ​ជា​ការ​រៀប​ចំ​ជា​លើក​ទីពីរ បន្ទាប់​ពី​ពិធី​កាន់​ព្រះរាជ​មរណ​ទុក្ខ​សម្តេច​ឪ៕