ក្រុមបាសេឡូណាៈ Barcelonaបានខ្ជះខ្ជាយឱកាសទី១របស់ពួគគេក្នុងការឈានទៅប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្រោយពីរងបរាជ័យដ៏មិននឹកស្មានដល់ក្រោមថ្វីជើងក្រុម Celticប៉ុន្តែ Man United បានឈានទៅវគ្គបន្ត ខណៈ Bayern Munich ដែលរកបាន៦គ្រាប់ស្ថិតយ៉ាងប្រកៀកក្នុងការឆ្លងផុតវគ្គជម្រុះកាលពីថ្ងៃពុធ។
ជើងខ្លាំង Barcelona បានទទួលបរាជ័យក្នុងលទ្ធផល ២-១ នៅក្នុងទីក្រុង Glasgowក្រោយពីខ្សែការពារ Victor Wanyama និងខ្សែប្រយុទ្ធ Tony Watt បានរកគ្រាប់បាល់ឈ្នះដ៏អស្ចារ្យសម្រាប់ក្រុមម្ចាស់ជើងឯកស្កុតឡេនមួយនេះ ដែលបានទម្លុះខ្សែការពារដែលទន់ខ្សោយរបស់ Barcelona ជាមួយនឹងការវាយសម្រុកឥតឈប់ឈរ។
ខ្សែប្រយុទ្ធ Lionel Messi បានវាយបកបានមួយគ្រាប់វិញនៅជិតបញ្ចប់ការប្រកួត ប៉ុន្តែពិន្ទុដែលនឹងនាំឲ្យក្រុមលេខ១នៅក្នុងពូល G មួយនេះឈានទៅវគ្គបន្តមិនមែនកំពុងតែខិតជិតមកដល់ឡើយ បើទោះបីពួកគេនៅតែនាំមុខពីរពិន្ទុលើក្រុម Celticពីរពិន្ទុ និងនាំមុខលើក្រុម Benfica ដែលបានទទួលជ័យជម្នះ ២-០ លើក្រុម Spartak Moscow ចំនួន៥ពិន្ទុ ខណៈនៅសល់ពីរប្រកួតទៀតក៏ដោយ។
លោក Neil Lennon អ្នកចាត់ការទូទៅរបស់ក្រុម Celtic បានប្រាប់អ្នកយកព័ត៌មានថា៖ «រឿងដ៏ត្រឹមត្រូវនៅទីនោះ ដែលជាពេលមួយក្នុងចំណោមពេលវេលាដ៏មានមោទនភាពបំផុតនៃអាជីពរបស់ខ្ញុំ»។
ក្រុមរបស់លោក ក៏បានមានគ្រាប់បាល់នាំមុខមុនផងដែរនៅឯកីឡដ្ឋាន Nou Camp នៅមុនពេលរងបរាជ័យក្នុងលទ្ធផល ២-១ កាលពីខែមុន។
គ្រូបង្វឹករូបនេះ បានបន្ថែមទៀតថា៖ «យើងចង់ធ្វើឲ្យខ្លួនយើងមានភាពយុត្តិធម៌ ហើយយើងបានសម្រេចគោលដៅនោះ។ យើងបានផ្តួលក្រុមដ៏ខ្លាំងបំផុតក្នុងពិភពលោក។ វាគឺជាការប្រកួតប្រជែងដ៏តឹងរ៉ឹងមួយ ហើយយើងបានសម្រេចលទ្ធផលដ៏អស្ចារ្យ»។
នៅក្នុងខណៈនោះផងដែរ ក្រុម Man Unitedវាយបកដេញតាមពីក្រោយដើម្បីទទួលជ័យជម្នះ៣-១ នៅលើទឹកដីក្រុម Braga ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ពី Robin van Persie គ្រាប់បាល់ប៉េណាល់ទីរបស់ Wayne Rooney និងគ្រាប់បាល់របស់ Javier Hernandez នៅក្នុងរយៈពេល១០នាទីចុងក្រោយបានជួយឲ្យខ្លួនឈានទៅវគ្គបន្តក្នុងនាមក្រុមលេខ១ក្នុងពូល។
ការរងបរាជ័យមួយក្រោយពីគ្រាប់បាល់ប៉េណាល់ទីនៅដើមតង់ទី២របស់កីឡាករ Alan សម្រាប់ក្រុមម្ចាស់ផ្ទះ Braga របស់ព័រទុយហ្គាល់ ស្ទើរតែកើតឡើងទៅហើយក្នុងការប្រកួតពូល H ប៉ុន្តែ Man United បានធ្វើការវាយបកត្រឡប់ទៅវិញ៕ IS
ភ្នំពេញ ប៉ុស្តិ៍







