ភ្នំពេញៈ ការជួយធ្វើនំម្តាយដើរលក់នំតាមផ្លូវងើបពីយប់ដើម្បីទិញបន្លែនៅផ្សារនិងការចេញទៅធ្វើការងារនៅប្រទេសថៃ គឺជាដំណើរជីវិតដែលយុវតី ឈឺននីផាបានឆ្លងកាត់ខណៈរូបនាងស្ថិតនៅអាយុក្រោម១៥ឆ្នាំ។ប៉ុន្តែរឿងរ៉ាវដែលបានកើតឡើងកន្លងមកនេះហាក់បានរសាត់ចេញឆ្ងាយពីរូបនាងហើយពោលគឺបន្ទាប់ពីនាងបានចូលរួមក្នុងកម្មវិធីកីឡាបាល់ទាត់កុមារី (Mighty Girls) របស់អង្គការកម្មវិធីសលត៍ (SALT Academy Program) ចាប់តាំងពីឆ្នាំ២០០៨មក។
អង្គការកម្មវិធីសលត៍ដែលមានទីស្នាក់ការនៅទីរួមខេត្តបាត់ដំបង ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ក្នុងខេត្តចំនួនបីគឺខេត្តបាត់ដំបងប៉ៃលិននិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីសម្របសម្រួលអភិវឌ្ឍសកម្មភាព និងការប្រកួតកីឡាបាល់ទាត់ក្នុងតំបន់។
បច្ចុប្បន្នក្នុងវ័យ១៨ឆ្នាំនីផាដែលមានកំណើតនៅភូមិហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យបានលើកឡើងថា៖ «តាមរយៈកីឡាបាល់ទាត់ ខ្ញុំបានក្លាយជាមនុស្សម្នាក់ដែលស្គាល់ច្បាស់ពីពិភពខាងក្រៅ»។
នាងរៀបរាប់ថា នៅក្នុងវ័យជាង១០ឆ្នាំប៉ុណ្ណោះ នាងបានរ៉ាប់រងការងារជាច្រើននៅក្នុងគ្រួសារ។ នាងមិនបានរៀនពេញលេញឡើយ ព្រោះពេលថ្ងៃត្រូវដើរលក់នំចេកចៀន និងបង្អែមជាមួយម្តាយហើយត្រូវឆាប់ក្រោកជារៀងរាល់ព្រឹកដើម្បីទៅទិញអីវ៉ាន់នៅឯផ្សា។ ក្នុងអាយុត្រឹម១៤ឆ្នាំនីផា បានសម្រេចចិត្តបោះបង់ចោលការសិក្សាហើយចេញធ្វើការងារនៅប្រទេសថៃជាមួយបងស្រីបង្កើត។នាងធ្វើការនៅទីនោះបានត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ ព្រោះមិនអាចទ្រាំទ្រចំពោះការវាយធ្វើបាបពីសំណាក់ថៅកែបាន។
ក្រោយត្រឡប់មកពីថៃ នីផា បានស្នាក់នៅក្នុងអង្គការមនុស្សធម៌មួយនៅក្នុងខេត្តបាត់ដំបង ហើយនៅឆ្នាំ២០០៨ នាងបានជួបលោក Sam Schweigruber ដែលជាស្ថាបនិក និងជាប្រធានអង្គការកម្មវិធីសលត៍។
នាងបានបញ្ជាក់ថា៖ « Sam បានស្វែងរកក្រុមកុមារីដើម្បីចូលរួមក្នុងក្រុមកីឡាបាល់ទាត់ដូច្នេះខ្ញុំនិងមិត្តភក្តិមួយចំនួនក៏បានសម្រេចចិត្តចូលរួមជាមួយគាត់»។ នីផាបានអះអាងថា៖ «ក្រៅពីខេត្តនានានៅកម្ពុជាកីឡាបាល់ទាត់បាននាំឲ្យខ្ញុំស្គាល់ប្រទេសក្រៅមួយចំនួនដូចជា ឡាវវៀតណាមថៃចិនសិង្ហបុរី និងស្កុតឡេន»។
មិនមែនត្រឹមតែជាកម្មវិធីកីឡាបាល់ទាត់
លោក Sam Schweigruber បានបញ្ជាក់ឲ្យដឹងថា កម្មវិធីMighty Girls បានក្លាយជាកម្មវិធីដំបូងបំផុតនៅកម្ពុជា។ បុរសសញ្ជាតិស្វ៊ីសវ័យ៣៣ឆ្នាំដែលនិយាយភាសាខ្មែរយ៉ាងច្បាស់រូបនេះ បានគូសបញ្ជាក់ថា៖ «យើងគឺជាអង្គការទីមួយនៅកម្ពុជាដែលធ្វើការយ៉ាងច្បាស់លាស់បំផុតលើកម្មវិធីកីឡាបាល់ទាត់កុមារី»។
អង្គការកម្មវិធីសលត៍បានដំណើរអស់រយៈពេល៦ឆ្នាំមកហើយខណៈកម្មវិធីកីឡាបាល់ទាត់កុមារីបានចេញជារូបរាងនៅក្នុងឆ្នាំ២០០៨ ប៉ុន្តែដំណើរការផ្លូវការដែលមានការផ្តល់នូវកន្លែងស្នាក់នៅនិងការបង់ថ្លៃការសិក្សាគឺបានចាប់ផ្តើមឡើងចាប់តាំងពីខែកញ្ញា ឆ្នាំ២០១០។
លោក Sam បានអះអាងថា៖ «យើងមិនមែនផ្តោតសំខាន់តែលើការប្រកួតកីឡាបាល់ទាត់នោះឡើយ។ យើងមានកម្មវិធីបង្រៀនក្រុមកុមារីដែលជាកីឡាការិនីទាំងអស់ទាក់ទងនឹងជំនាញបំណិនជីវិត។ ក្រៅពីការណែនាំទាក់ទងនឹងសិទ្ធិរបស់ពួកគេយើងតែងតែបញ្ចូលកម្មវិធីសុខភាពការគោរពវិន័យផងដែរ។ យើងផ្តោតសំខាន់លើការពង្រឹងជំនឿចិត្តរបស់កុមារី និងបង្រៀនពួកគេឲ្យមានក្តីសុបិន រួមទាំងគោលដៅនៅក្នុងជីវិត»។
បច្ចុប្បន្នក្រុមកីឡាបាល់ទាត់ជម្រើសជាតិកុមារីកម្ពុជាមានកីឡាការិនីជាង៨០ភាគរយចេញមកពីក្រុមMighty Girls។ ក្រោមការដឹកនាំរបស់លោក Sam ក្រុមកីឡាការិនីអាយុក្រោម១៤ឆ្នាំបានចេញដំណើរទៅប្រកួតនៅប្រទេសវៀតណាមកាលពីឆ្នាំ២០១១ ដោយកាលនោះពួកគេបានបំបាក់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-១ ហើយនៅក្នុងឆ្នាំនេះ នាការប្រកួតផ្លូវការមួយនៅប្រទេសឡាវ ក្រុមកីឡាការិនីអាយុក្រោម១៥ឆ្នាំកម្ពុជា បានបំបាក់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៣-០។
បន្ថែមពីលើនេះ ក្រុមMighty Girls ដែលតំណាងឲ្យខេត្តបាត់ដំបង បានក្លាយជាម្ចាស់ជើងជើងសម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នានាការប្រកួតជ្រើសរើសជើងឯកបាល់ទាត់នារីទូទាំងប្រទេស និងពានរង្វាន់ជាច្រើនទៀត។ កន្លងមកសមាជិកមួយចំនួនបានចេញទៅលេងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងបាងកកប្រទេសថៃ និងប្រទេសសិង្ហបុរីដែលមានកីឡាការិនីម្ខាង៧នាក់។
អ្នកស្រី សូដានីប្រធានកម្មវិធីMighty Girls បានលើកឡើងថាការបញ្ជ្រាបកីឡាបាល់ទាត់ដល់កុមារី គឺចង់ជំរុញពួកគេឲ្យមានភាពក្លាហានភាពជាអ្នកដឹកនាំនិងស្មារតីជាក្រុម។
បច្ចុប្បន្នក្មេងស្រីចំនួន២៤នាក់ចន្លោះពីអាយុ១៥ ទៅ១៨ឆ្នាំ កំពុងស្ថិតនៅក្រោមការប្រមូលផ្តុំផ្ទាល់នៃកម្មវិធីMighty Girls ដោយពួកគេទទួលបាននូវការរៀនសូត្រនៅសាលាឯកជន Dewey International Secondary School ក្នុងកម្រិតថ្នាក់ខុសៗគ្នា ហើយក្រៅពីជំនាញកីឡាបាល់ទាត់ អង្គការសលត៍ធ្វើការបណ្តុះបណ្តាលបន្ថែមលើចំណេះដឹងភាសាអង់គ្លេសកុំព្យូទ័រផ្នែកគ្រូបង្វឹកអាជ្ញាកណ្តាលនិងវិធីសាស្ត្រដឹកនាំផ្សេងៗ។
កម្មវិធីកម្មវិធីសលត៍កំពុងធ្វើការដោយផ្ទាល់ជាមួយសហគមន៍ជាង២០ក្នុងខេត្តបាត់ដំបង ប៉ៃលិននិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីសំណាក់ក្មេងប្រុសនិងក្មេងស្រីជាង២០០០នាក់។ នៅក្នុងកម្មវិធី Mighty Girls ក្មេងស្រីប្រមាណ៤០០នាក់បានចូលរួមយ៉ាងខ្លាំងក្លាក្នុងសកម្មភាពកីឡាបាល់ទាត់។
មកដល់ពេលនេះ ក្មេងស្រីប្រមាណ២០នាក់ដែលបានឆ្លងកាត់កម្មវិធី Mighty Girlsចូលរួមក្នុងសកម្មភាពដឹកនាំក្រុមកីឡាបាល់ទាត់នៅក្នុងតំបន់ផ្សេងៗដោយពួកគេដើរតួនាទីជាគ្រូបង្វឹកជំនួយការអាជ្ញាកណ្តាល និងអ្នកសម្របសម្រួលជាដើម។
ស្នាដៃដែលទទួលបាននូវការកត់សម្គាល់
កាលពីឆ្នាំ២០០៩ លោកSam បានទទួលមេដាយកិត្តិយសពីរាជរដ្ឋាភិបាលកម្ពុជាចំពោះសកម្មភាពកែប្រែសហគមន៍តាមរយៈកីឡាបាល់ទាត់របស់អង្គការកម្មវិធីសលត៍។កាលពីដើមខែវិច្ឆិកា កម្មវិធីសលត៍ បានជាប់ឈ្មោះក្នុងចំណោមអង្គការឆ្នើមប្រចាំឆ្នាំនាវេទិកាអន្តរជាតិស្តីពីសន្តិភាព និងកីឡា ដែលរៀបចំនៅទីក្រុង Sochi ប្រទេសរុស្ស៊ីហើយនៅថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ សហព័ន្ធកីឡាបាល់អាស៊ី ដែលមានទីស្នាក់ការនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នឹងផ្តល់រង្វាន់ដែលមានឈ្មោះថា AFC Dream Asia ដោយអង្គការកម្មវិធីសលត៍គឺជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពចំនួន៥ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ។
កាលពីខែតុលាលោក Sam Schweigruber ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោន។ ទោះបីជាយ៉ាងណាក៏ដោយ លោកSam នៅតែបន្តជួយផ្តល់ប្រឹក្សាយោបល់លើសកម្មភាពការងាររបស់អង្គការកម្មវិធីសលត៍។
លោក Andy Brouwer ដែលជាមន្ត្រីព័ត៌មានរបស់ភ្នំពេញក្រោន រំពឹងថាក្លិបអាចនឹងធ្វើការយ៉ាងស្អិតល្មួតជាមួយអង្គការសលត៍ក្នុងការពង្រឹងក្រុមកីឡាបាល់ទាត់កុមារ ហើយក្រុមកុមារីនឹងអាចក្លាយជាផ្នែកមួយនៃកម្មវិធីរបស់ក្លិប។
កាលពីខែតុលា គឿម កញ្ញា អាយុ១៤ឆ្នាំដែលជាកីឡាការិនីម្នាក់របស់ Mighty Girls បានតំណាងឲ្យកម្ពុជាទៅចូលរួមវេទិកាមួយនៅក្នុងទីក្រុងតៃប៉ិ (តៃវ៉ាន់) ដើម្បីចែករំលែកបទពិសោធរបស់ខ្លួនស្តីពីការរួមចំណែកកែប្រែសហគមន៍តាមរយៈកីឡាបាល់ទាត់ រួមទាំងបានលើកឡើងផងដែរពីតួនាទីរបស់ក្មេងស្រីនៅកម្ពុជា បញ្ហានៃភាពក្រីក្រ ការអប់រំ និងការជួញដូរមនុស្ស។
អ្នកស្រី Lilian Yap Hsu អ្នកជំនាញកិច្ចការអន្តរជាតិនៃអង្គការ Garden of Hope Foundation ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ការចូលរួមចែករំលែកបទពិសោធរបស់កុមារីកញ្ញា គឺស្ថិតក្នុងក្របខ័ណ្ឌនៃយុទ្ធនាការ Asia Girls Campaign ឆ្នាំ២០១២។
យុទ្ធនាការ Asia Girls Campaign គឺជាការចូលរួមចំណែកដើម្បីអបអរទិវាកុមារីអន្តរជាតិថ្ងៃទី១១ ខែតុលា ដែលបានកំណត់ដោយអង្គការសហប្រជាជាតិ។ ក្រោមការខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់អង្គការផ្លែនអន្តរជាតិ ក្នុងយុទ្ធនាការ «ដោយសារខ្ញុំជាកុមារី» ទិវាកុមារីអន្តរជាតិត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១២នេះ៕
ភ្នំពេញ ប៉ុស្តិ៍







