ក្រុងឡុងដ៍ៈ Steven Gerrard ដែលជាប្រធានក្រុមនៃក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស បានស្ថិតក្នុងសភាពរឹងមាំគ្រប់គ្រាន់សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅរាត្រីនេះជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ក្រោយពីការពិនិត្យដោយម៉ាស៊ីនស្កែនមួយ ហើយនឹងត្រូវក្លាយជាកីឡាករអង់គ្លេសទី៦ក្នុងការបង្ហាញខ្លួនជាអន្តរជាតិលើកទី១០០។
Gerrard បានរងរបួសអំឡុងពេលដែលក្រុម Liverpool បានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹង Chelsea នៅឯកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃអាទិត្យ ប៉ុន្តែសមាគមកីឡាបាល់ទាត់អង់គ្លេស (FA) បាននិយាយថា ខ្សែបម្រើរូបនេះ នឹងធ្វើដំណើរជាមួយនឹងក្រុម។
FA បានបញ្ជាក់នៅលើគេហទំព័ររបស់ពួកគេ (www.thefa.com) ថា៖ «Steven Gerrard នឹងត្រូវធ្វើដំណើរជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសទៅកាន់ប្រទេសស៊ុយអែត ក្រោយពីទទួលនូវការត្រួតពិនិត្យដោយម៉ាស៊ីនស្កែនយ៉ាងប្រុងប្រយ័ត្នកាលពីរសៀលថ្ងៃចន្ទ។
ដំណឹងនេះ នឹងនាំនូវភាពធូរស្រាលមួយដល់លោកគ្រូបង្វឹក Roy Hodgson ខណៈដែលក្រុមរបស់លោកត្រូវបានកាត់បន្ថយដោយសារតែការដកខ្លួនរបស់សមាជិកសំខាន់ៗចំនួន៥នាក់ ដែលក្នុងនោះរាប់បញ្ចូលទាំង Wayne Rooney និង Theo Walcott ផងដែរ។
ខ្សែបម្រើ Raheem Sterling វ័យ១៧ឆ្នាំ ដែលជាមិត្តរួមក្រុម Liverpool ជាមួយGerrard អាចនឹងធ្វើការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១របស់គេ ក៏ដូចជាខ្សែបម្រើ Leon Osman វ័យ៣១ឆ្នាំ របស់ក្រុម Everton។
ការកោះហៅកីឡាករវ័យក្មេងដែលមានបទពិសោធមួយចំនួនដូចជា កីឡាករ Raheem និងខ្សែបម្រើ Wilfried Zaha វ័យ២០ឆ្នាំរបស់ក្រុម Crystal Palace ដែលស្ថិតនៅក្នុងក្របខ័ណ្ឌ Championship ក៏បានបង្ហាញផងដែរថា លោក Hodgson កំពុងតែត្រៀមលក្ខណៈក្នុងការផ្តល់ឱកាសដល់ក្រុមកីឡាយុវជនរបស់លោកដើម្បីធ្វើការបង្ហាញខ្លួនក្នុងការប្រកួតដែលអាចនឹងក្លាយជាការប្រកួតដ៏រំភើបមួយ៕ IS
ភ្នំពេញ ប៉ុស្តិ៍







