ក្រុងហ្សឺណែវៈ អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA ធ្វើដំណើរឆ្ពោះទៅមុខជាមួយនឹងសំណើមួយសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ដែលត្រូវបានធ្វើជាម្ចាស់ផ្ទះដោយប្រទេសចំនួន១២ និងមិនមែនរៀបចំដោយប្រទេសមួយ ឬពីរដូចធម្មតាឡើយ នេះបើតាមការបញ្ជាក់របស់លោក Theo Zwanziger សមាជិកគណៈកម្មាធិការប្រតិបត្តិ UEFA របស់អាល្លឺម៉ង់ កាលពីថ្ងៃអង្គារ។
លោក Zwanziger ដែលជាអតីតប្រធានសមាគមកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB) បាននិយាយថា ផែនការនេះ ដែលនៅតែត្រូវទទួលសច្ចានុមតិពីសំណាក់សមាជិកប្រតិបត្តិរបស់ UEFA នោះ អាចនឹងផ្តល់ឲ្យដល់ប្រទេសចំនួន១២ក្នុងការធ្វើជាម្ចាស់ផ្ទះនៃយុទ្ធនាការដែលពង្រីកនេះ ដែលនឹងមានក្រុមរហូតដល់ទៅ២៤ មិនមែន១៦ដូចបច្ចុប្បន្នឡើយ។
លោក Zwanziger បាននិយាយប្រាប់កាសែត Bild ថា៖ «លោក Michel Platini បានប្រាប់ខ្ញុំអំពីគម្រោងរបស់លោកនៅក្នុងកិច្ចពិភាក្សាជាឯកជនមួយ។ ប៉ុន្តែវានៅតែត្រូវការសច្ចានុមតិពីសំណាក់សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ»។
បើយោងទៅតាមលោក Zwanziger គម្រោងនេះ នឹងផ្តល់ឱកាសដល់ប្រទេសចំនួន១២ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ខណៈប្រទេសដែលត្រូវជ្រើសរើសគឺអាស្រ័យទៅលើចំណាត់ថ្នាក់ក្នុង UEFA របស់ពួកគេនៅពេលនោះ និងអាស្រ័យទៅលើថា តើពួកគេបានឆ្លងផុតវគ្គជម្រុះសម្រាប់យុទ្ធនាការនេះ ឬយ៉ាងណា។
បើយោងទៅតាមការផ្សាយរបស់កាសែត Bild ដដែលនេះ មានការលើកឡើងថា ប្រសិនបើប្រទេសអាល្លឺម៉ង់ បានឆ្លងផុតវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍នេះ ពួកគេនឹងចូលរួមការប្រកួតជម្រុះតាមពូលរបស់ពួកគេនៅឯកីឡដ្ឋាន Olympic ក្នុងទីក្រុងប៊ែរឡាំង។
លោក Platini បាននិយាយកាលពីខែតុលាថា លោកត្រឹមតែជំរុញឆ្ពោះទៅមុខជាមួយនឹងគំនិតនៃការរៀបចំព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ទូទាំងទ្វីបនេះប៉ុណ្ណោះ ប្រសិនបើសមាគមដែលជាសមាជិកគាំទ្រផែនការនេះ។
លោកក៏បានឲ្យដឹងផងដែរថា យុទ្ធនាការដែលមានការប្រកួតកើនឡើងក្នុងឆ្នាំ២០២០នេះ នឹងនាំឲ្យមានការចំណាយច្រើនពេកសម្រាប់ប្រទេសម្ចាស់ផ្ទះតែមួយ ឬក៏សហម្ចាស់ផ្ទះដេញថ្លៃ។ គំនិតរបស់លោក Platini នៃមានការប្រកួតក្នុងប្រទេសចំនួន១២ ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវរៀបចំនៅលើទីលានតែមួយ នឹងត្រូវយកមកពិភាក្សាដោយក្រុមប្រឹក្សាប្រតិបត្តិក្នុងខែធ្នូ ខណៈសេចក្តីសម្រេចមួយនឹងត្រូវធ្វើឡើងនៅដើមឆ្នាំក្រោយ៕ IS
ភ្នំពេញ ប៉ុស្តិ៍







