ភ្នំពេញៈ រដូវកាលឆ្នាំ២០១២-២០១៣ របស់សហព័ន្ធកីឡាបាល់ឱបកម្ពុជា (CFR) បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នៅឯកីឡដ្ឋានស្តាតចាស់ ខណៈដែលក្រុមការពារតំណែងជើងឯក Sisowath Knights បានដាក់ទណ្ឌកម្មលើStade Khmer យ៉ាងចាស់ដៃ។
ក្រុម Sisowath Knights បានចាប់ផ្តើមយ៉ាងខ្លាំងក្លា តាមរយៈធ្វើការគ្រប់គ្រងបាល់និងការប្រកួតរបស់ពួកគេស្ទើរតែទាំងស្រុង ហើយការគ្រប់គ្រងនេះ បានបញ្ចប់រហូតទាល់ពួកគេបានធ្វើការនាំមុខយ៉ាងចាស់ដៃ ខណៈដែលពួកគេមិនដែលរងនូវការគំរាមត្រឡប់មកវិញឡើយ។
ការព្យាយាមចំនួន១១លើក ដែលបីលើកបានមកពីកីឡាករ Rowdie Loughlin និងការរកពិន្ទុដ៏គួរឲ្យកត់សម្គាល់ចំនួន៦លើកទៀតនៅជិតបញ្ចប់ការប្រកួត បានជួយឲ្យក្រុមជើងខ្លាំង Sisowath Knights បញ្ចប់ក្នុងជ័យជម្នះដ៏ធំក្នុងលទ្ធផល ៦៧-០។
ចំណែកក្រុម Stade Khmer ត្រឹមតែមិនអាចស៊ូជាមួយនឹងភាពរឹងមាំ និងភាពរហ័សរហួនរបស់គូប្រជែងខ្លួនប៉ុណ្ណោះ។
Dan Wetherall ដែលជាកីឡាកររបស់ក្រុម Knights និងក៏ជាមន្ត្រីម្នាក់របស់ CFR ផងដែរនោះ បានកត់សម្គាល់ទៅលើការបង្ហាញពីទម្រង់លេងរបស់ខ្សែប្រយុទ្ធរបស់ពួកគេ សម្រេច ថា គឺជាជំនួយដ៏សំខាន់សម្រាប់ការទទួលជោគជ័យរបស់ពួកគេ។ ខណៈដែលបន្ថែមថា ពួកគេបានជ្រើសរើសយកកីឡាករឆ្នើមៗជាច្រើនក្នុងឆ្នាំនេះ ហើយជាមួយនឹងការបន្ថែមកីឡាករមួយចំនួនមកពីក្រុម Cambodian Eagles Aussie Rules Football បានធ្វើឲ្យពួកគេស្ថិតក្នុងទីតាំងដ៏ល្អក្នុងការប្រជែងជាមួយនឹងក្រុម Saigon Geckos ក្នុងការប្រកួត ANZ Royal Super 4 League នោះ Wetherall បាននិយាយថា៖ «យើងពិតជាធ្វើបានយ៉ាងល្អនៅថ្ងៃនេះ»។
នៅមុនពេលបើករដូវកាលនេះ សហព័ន្ធកីឡាបាល់ឱបកម្ពុជា បានរៀបចំយុទ្ធនាការនេះសម្រាប់ក្មេងដែលមានឈ្មោះថា RESPECT ឬបុរសល្អក្នុងកីឡាបាល់ឱប (Good Men in Rugby) និងមានការចូលរួមពីសំណាក់សិស្សានុសិស្សចំនួន២៥០នាក់មកពីសាលា និងអង្គការផ្សេងៗគ្នាចំនួន៥។
គោលបំណងនៃព្រឹត្តិការណ៍នេះ គឺការចូលរួមជួយបញ្ចប់ការប្រើអំពើហិង្សាទៅលើស្ត្រីតាមរយៈការផ្សព្វផ្សាយភាពស្មើគ្នានៃភេទក្នុងចំណោមបុរស។
ការប្រកួតក្នុងយុទ្ធនាការRESPECT ត្រូវបានចែកចេញជាប្រាំទីលានខុសៗគ្នាដែលជាកន្លែងសិស្សានុសិស្សអាចរៀនអំពីភាពស្មើគ្នានៃភេទក្នុងចំណោមពួកគេ៕ IS
ភ្នំពេញ ប៉ុស្តិ៍






