ភ្នំពេញ: កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំពិធីចាប់ឆ្នោតរើសពូលសម្រាប់ក្រុមដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៣។
ព្រឹត្តិការណ៍ដែលរៀបចំប្រចាំឆ្នាំជាលើកទី៧នេះ នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០១៣ ដោយមានការបែងចែកជាពីតំណាក់កាល។
ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែធ្នូ ជាការប្រកួតជុំបឋមនៅតំបន់ចំនួន៦ គឺតំបន់រាជធានីភ្នំពេញ តំបន់ខាងកើត(ស្វាយរៀងជាម្ចាស់ផ្ទះ) តំបន់កណ្តាល(សៀមរាប) តំបន់ខាងលិច (បាត់ដំបង) តំបន់ខាងត្បូង (កំពត) និងតំបន់ខាងជើង (រតនគិរី)។
តំបន់រាជធានីភ្នំពេញ មាន៩ក្រុមចូលរួមដោយត្រូវបានបែងចែកជាបីពូល។ ពូល A ក្រុមពោធិ៍សែនជ័យត្រូវជួបជាមួយក្រុមឫស្សីកែវនិងដូនពេញ រីឯក្រុមដែលកាត់ចេញពីលីកនារដូវកាលមុន វេស្ទើនអែហ្វស៊ី ត្រូវតទល់ជាមួយក្រុមដង្កោ និង៧មករា ខណៈឆ្លាមសមុទ្រដែលធ្លាប់មានបទពិសោធខ្ពស់ ត្រូវប្រជែងជាមួយក្រុមទួលគោក និងចំការមន។
នៅតំបន់ខាងកើត ក្រុមម្ចាស់ផ្ទះស្វាយរៀង ប៉ះជាមួយក្រុមខេត្តកណ្តាល និងព្រៃវែង។ រីឯតំបន់កណ្តាលមានការចូលរួមរហូតដល់ទៅ៥ក្រុម ដោយក្រុមម្ចាស់ផ្ទះសៀមរាប នឹងមានជំនួបដ៏តឹងតែងជាមួយក្រុមខេត្តឧត្តរមានជ័យ កំពង់ធំ បន្ទាយមានជ័យ និងអាស៊ីអឺរ៉ុប (ព្រះវិហារ)។ នៅតំបន់ខាងលិចក្រុមខេត្តបាត់ដំបងត្រូវស្វាគមន៍ក្រុមដែលមកពីខេត្តជាប់របងគឺ ប៉ៃលិន និងកំពង់ឆ្នាំង។ នៅតំបន់ខាងត្បូង ម្ចាស់ផ្ទះកំពតទទួលភ្ញៀវមកពីតំបន់សមុទ្រកោះកុង កែប រួមទាំងក្រុមនៃខេត្តតាកែវ។ ចំណែកឯតំបន់ខាងជើងម្ចាស់ផ្ទះរតនគិរី ត្រូវប្រជែងពិន្ទុជាមួយខេត្តក្រចេះ និងមណ្ឌលគិរី។
ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលនៃពូលទាំងបីក្នុងតំបន់រាជធានីភ្នំពេញ និងជើងខ្លាំងកំពូលនៃតំបន់៥ទៀត នឹងត្រូវឡើងបន្តទៅកាន់ជុំចុងក្រោយដែលរៀបចំនៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅនៅទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក និងស្តាតចាស់។
ការប្រកួតជុំចុងក្រោយត្រូវបានបែងចែកជា៤ពូលបន្តទៀត ដោយនៅក្នុងពូល A ជើងឯករងបីជំនាន់ណាហ្គាខប ត្រូវប៉ះជាមួយម្ចាស់ជើងឯកឆ្នាំ២០១០ ក្រសួងការពារជាតិ រួមទាំងលេខមួយពូលC នៃតំបន់ភ្នំពេញ និងលេខមួយនៃតំបន់ខាងជើង។ រីឯពូល B ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិប៉ះជើងឯករងឆ្នាំ២០១១ បៀលប្រាយយូណាយធីត ក្រុមលេខមួយពូល B នៃតំបន់ភ្នំពេញ និងលេខមួយនៃតំបន់ខាងត្បូង។ ម្ចាស់ជើងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១២ ចម្ការកៅស៊ូបឹងកេត ស្ថិតនៅក្នុងពូល C ជាមួយគិរីវង់សុខសែនជ័យ ក្រុមលេខមួយតំបន់ខាងលិច និងលេខមួយតំបន់ខាងកើត។ ពូលD នឹងបង្កឲ្យមានការប្រកួតដ៏តឹងតែងដោយក្រុមលេខមួយពូល A នៃតំបន់ភ្នំពេញ និងលេខមួយនៃតំបន់កណ្តាល ត្រូវប្រជែងយកពិន្ទុជាមួយក្រុមដែលធ្លាប់ទទួលបានតំបន់តំណែងជើងឯកពីរជំនាន់ គឺព្រះខ័នរាជ និងភ្នំពេញក្រោន។
ពីរក្រុមដែលទទួលបានពិន្ទុលើសគេនៃពូលនីមួយៗ នឹងឈានបន្តទៅប្រកួតវគ្គខ្វែង ហើយក្រុមដែលទទួលជ័យជម្នះជាបន្តបន្ទាប់ ត្រូវឆ្ពោះទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ ១/២ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣។
ពានរង្វាន់មិត្តភាពទូរទស្សន៍ ខេត្តប៊ិញភឿក
ក្រុមចំនួនបីដែលតំណាងឲ្យកម្ពុជា គឺភ្នំពេញក្រោន ព្រះខ័នរាជ និងចម្ការកៅស៊ូបឹងកេតកំពុងមានសកម្មភាពនៃក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់មិត្តភាពទូរទស្សន៍ខេត្តប៊ិញភឿក ប្រទេសវៀតណាម។
កាលពីថ្ងៃពុធ ភ្នំពេញក្រោនបានទទួលជ័យជម្នះលើក្រុម Lao TV ៥-១ ដោយឃឹម បូរី និងហុង ផេង ស៊ុតបានម្នាក់២គ្រាប់ ហើយ ម៉ាត់ ហាសាន់ បន្ថែមបានមួយគ្រាប់។ នាការប្រកួតបន្ទាប់ ទុំ សារាយ ប្រាក់ មុន្នីឧត្តម និងសុកចាន់រស្មី ស៊ុតបាល់បញ្ចូលទីម្នាក់មួយគ្រាប់សម្រាប់ព្រះខ័នរាជ ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយក្រុម U21 T&T Hanoi។ កាលពីថ្ងៃម្សិលមិញ ចាន់ វឌ្ឍនាកា រកបានបីគ្រាប់ និងស៊ីន ដាលីន បន្ថែមមួយគ្រាប់ ខណៈចម្កាកៅស៊ូបឹងកេតបំបាក់ក្រុមសៃហ្គន ៤-១។
លោក អោក សំណាង អគ្គលេខាធិការក្លិបព្រះខ័នរាជ បានឲ្យដឹងថាក្រុមរបស់លោកនិងក្រុមបឹងកេត បានរៀបចំការរំឭកព្រះវិញ្ញាណក្ខន្ធសម្តេចព្រះវររាជបិតា និងពាក់ប្រឡង់ដៃកាន់ព្រះរាជមរណទុក្ខ។ កាលពីម្សិញមិញក៏មានជម្លោះដ៏តឹងតែងរវាងU21 ឡាវ និងក្រុមម្ចាស់ផ្ទះ ប៊ិញភឿកផងដែរ៕
ភ្នំពេញ ប៉ុស្តិ៍






