ក្រុងប៊ើនៈ Real Madrid និង AC Milan ស្ថិតក្នុងចំណោម៦ក្រុមដែលបានឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ខណៈក្រុមអ្នកមាន Man City បានបរាជ័យម្តងទៀតក្នុងវគ្គជម្រុះតាមពូល។
AC Milan បានឆ្លងផុតវគ្គជម្រុះជាមួយនឹងជ័យជម្នះ៣-១ នៅលើទឹកដីរបស់Anderlecht ដោយក្នុងចំណោមគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ពួកគេមានមួយគ្រាប់ដែលស៊ុតត្រឡប់រំលងក្បាលពីសំណាក់Philippe Mexesស្រដៀងទៅនឹងការស៊ុតរបស់ Zlatan Ibrahimovic សម្រាប់ក្រុមជម្រើសជាតិស៊ុយអែតពេលជួបជាមួយអង់គ្លេស។
Paris St Germain, Arsenal និងក្រុមមកពីក្របខ័ណ្ឌ Bundesliga ទាំងពីរ Borussia Dortmund និង Schalke 04 គឺជាក្រុម៣ផ្សេងទៀតដែលឈានទៅវគ្គបន្ត ជាមួយនឹងការនៅសល់១ប្រកួតក្នុងដៃ។
វាគឺជាឱកាសជាលើកទី១៣ជាប់ៗគ្នាដែលអ្នកចាត់ការទូទៅ Arsene Wenger បានដឹកនាំឲ្យក្រុម Arsenalឈានទៅវគ្គ១៦ក្រុមចុងក្រោយ។
៧ក្រុមផ្សេងទៀតដែលមាន Malaga, Barcelona, Porto, Man United, Valencia, Bayern Munich និង Shakhtar Donetsk សុទ្ធសឹងតែឈានទៅវគ្គបន្តរួចជាស្រេចហើយ។
ម្ចាស់ជើងឯក៩សម័យកាល Real Madrid បានបញ្ចប់ជាមួយនឹងលទ្ធផលស្មើ ១-១ នៅលើទឹកដីMan City ដែលបានកាត់ចេញពីរឆ្នាំជាប់គ្នា។
ខ្សែប្រយុទ្ធ Karim Benzema បានជួយឲ្យក្រុមរបស់លោក Jose Mourinho ធ្វើការនាំមុខមុន ហើយគ្រាប់បាល់ស៊ុតបញ្ចូលទីដោយការស៊ុតពិន័យ១១ម៉ែត្ររបស់ Sergio Aguero កើតឡើងយឺតពេកក្នុងការសង្គ្រោះក្រុមម្ចាស់ផ្ទះក្នុងពូល D បើទោះបីបន្ទាប់ពី Alvaro Arbeloa ត្រូវបានបណ្តេញចេញក៏ដោយ។ ក្នុងពូលដដែលDortmund បានផ្តួលជើងឯកទ្វីបអឺរ៉ុប៤សម័យកាល Ajax Amsterdam ៤-១។
ម្ចាស់ជើងឯក៧សម័យកាល AC Milan បានទុកបញ្ហាក្នុងក្របខ័ណ្ឌ Serie A របស់ពួកគេមួយឡែក ខណៈដែល Stephan El Shaarawy, Mexes និង Alexandre Pato បានរកគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី២នៅលើទឹកដីAnderlecht នៅក្នុងពូល C។
ចំណែកMalaga ដែលបានឆ្លងផុតវគ្គជម្រុះរួចជាស្រេចពីក្នុងពូល C នោះ បានពង្រឹងការឈរនៅលើកំពូលតារាងជាមួយនឹងលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Zenit St Petersburg។
Ezequiel Lavezzi បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី១សម្រាប់PSG ដើម្បីជួយឲ្យក្រុមរបស់បារាំងមួយនេះ ទទួលជ័យជម្នះ២-០ នៅលើទឹកដីDynamo Kiev និងឆ្លងផុតពីពូល A ជាមួយPorto។
ជ័យជម្នះ ២-០ របស់Arsenal លើMontpellier និងជោគជ័យ ១-០ របស់ Schalke លើOlympiakos Piraeus បានធ្វើឲ្យក្រុមទាំងពីរឆ្លងផុតពីការប្រកួតជម្រុះពូល B។ Jack Wilshere រកបានគ្រាប់ដំបូង បើគិតចាប់តាំងពីវិលត្រឡប់មកពីការរងរបួសដ៏យូរអង្វែង និងមួយគ្រាប់ទៀតសម្រេចបានដោយLukas Podolski។ ការស៊ុតបាល់បញ្ចូលទីរបស់Christian Fuchs គ្រប់គ្រាន់ក្នុងការជួយឲ្យ Schalke បំបាក់ជើងឯកក្រិក១-០៕ IS
ភ្នំពេញ ប៉ុស្តិ៍






