ភ្នំពេញៈ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មវិធីសលត៍ និងការគាំទ្រពីសំណាក់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អង្គការផ្កាយសមុទ្រនឹងបញ្ជូនក្រុមកីឡាបាល់ទាត់កុមារីចំនួន២៣នាក់ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍U-15 Girls នៅប្រទេសសិង្ហបុរី។
ការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ដែលក្រុមកម្ពុជាគឺតំណាងឲ្យកិច្ចសហប្រតិបត្តិការលើកម្មវិធីបាល់ទាត់រវាងអង្គការផ្កាយសមុទ្រ និងកម្មវិធីសលត៍ (ISF/SALT)។
ព្រឹត្តិការណ៍នេះទទួលបាននូវការគាំទ្រដោយស្ថាប័ន UWCSEA East Campus របស់សិង្ហបុរី ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់នារីនៅក្នុងសកម្មភាពកីឡាបាល់ទាត់។
យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការផ្កាយសមុទ្រ ក្រុមកុមារីកម្ពុជា ធ្លាប់បានចេញទៅប្រកួតនៅសិង្ហបុរីម្តងកាលពីឆ្នាំ២០១០ ហើយនៅឆ្នាំនេះ ក្នុងចំណោមជម្រើសទាំង២៣នាក់ ១៦នាក់គឺជាកីឡាការិនី ៦នាក់ជាសិស្សឆ្នើមនៅសាលារដ្ឋនិង២នាក់ជាកុមារីគថ្លង់ដែលចូលរួមក្នុងកម្មវិធីកីឡាបាល់ទាត់។
កញ្ញាជួបវិច្ឆិកាអនុប្រធានអង្គការផ្កាយសមុទ្របានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាកុមារីកម្ពុជាមួយក្រុមនេះ នឹងដឹកនាំដោយលោក Leo Brogan ប្រធានក្រុមប្រឹក្សាភិបាល និងលោក Sam Scheingruber ដែលជាគ្រូបង្វឹករួមទាំងជំនួយការពីរនាក់ទៀត។
ពួកគេនឹងចេញដំណើរនៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ខាងមុខនេះ ដោយនៅក្នុងប្រទេសសិង្ហបុរី ពួកគេត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះនិងក្រុមសាលាផ្សេងៗទៀត ដែលមានសរុបជាង១០ប្រកួត។ ដោយឡែក នៅថ្ងៃទី១ ខែធ្នូ នឹងមានការប្រកួតក្រោមទម្រង់ជាក្រុមដែលមានម្ខាងៗចំនួន៧នាក់៕
ភ្នំពេញ ប៉ុស្តិ៍







