ក្រុង មេនឆេស្ទ័រ: លោក Alex Ferguson អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានរៀបចំក្រុមសម្រាប់ការប្រកួតនៅក្នុងកម្មវិធីដ៏មមាញឹកយ៉ាងគ្រប់គ្រាន់រួចជាស្រេច ខណៈដែលលោកត្រៀមលក្ខណៈសម្រាប់ការចាប់ផ្តើមនូវការប្រកួតដ៏មមាញឹកមួយជាមួយនឹងដំណើរទៅប្រកួតរបស់ក្រុមភ្ញៀវ Newcastle United ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃនេះ។
ការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ទាំងខកចិត្តនៅលើទឹកដីក្រុម Swansea City កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យ Man United កាត់បន្ថយការនាំមុខរបស់ខ្លួននៅលើកំពូលតារាងនៅត្រឹម៤ពិន្ទុលើក្រុម Manchester City។ ការស្វែងរកពិន្ទុជាច្រើនបន្ថែមទៀតនៅលើទឹកដីខ្លួនឯងដោយការទទួលភ្ញៀវ Newcastle និង West Bromwich Albion និងការធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Wigan Athletic សុទ្ធសឹងជាកម្មវិធីប្រកួតនៅថ្ងៃឈប់សម្រាករបស់លោកFerguson។
លោកអាចទទួលស្គាល់នូវការពិតថា Newcastle ដែលកំពុងតែឈរក្នុងចំណាត់ថ្នាក់លេខ១៤លើតារាងនោះ មិនធ្លាប់បានទទួលជ័យជម្នះសោះនៅលើទឹកដី Old Trafford បើគិតចាប់តាំងពីការទទួលជ័យជម្នះក្នុងលទ្ធផល ២-០ នៅក្នុងការប្រកួតក្របខ័ណ្ឌចាស់កាលពីឆ្នាំ១៩៧២។ លោក Ferguson ត្រូវបានផ្តល់នូវការជឿជាក់ផ្សេងៗតាមរយៈការវិលត្រឡប់ពីរបួសរបស់ខ្សែការពារសំខាន់ៗដែលក្នុងនោះរាប់បញ្ចូលទាំងខ្សែការពារអន្តរជាតិស៊ែប៊ី Nemanja Vidic ដែលបានធ្វើការចាប់ផ្តើមប្រកួតជាលើកទី១របស់ខ្លួនចាប់តាំងពីខែកញ្ញានៅលើទឹកដីក្រុម Swansea និង Jonny Evans ដែលក៏បានចាប់ផ្តើមការប្រកួតដូចគ្នានេះក្នុងប្រទេសវេលស៍ផងដែរ។
Vidic បាននិយាយថា៖ «បច្ចុប្បន្នយើងមានបីប្រកួតក្នុងចន្លោះពេល៩ថ្ងៃខាងមុខនេះ។ ពិតណាស់យើងមានកីឡាករបី ឬបួនរូបដែលនឹងវិលត្រឡប់មកប្រកួតវិញក្រោយពីរងរបួស ហើយពួកគេនឹងក្លាយជាកម្លាំងសំខាន់សម្រាប់អំឡុងពេលនេះ»។ លោក Ferguson បានធ្វើការផ្លាស់ប្តូរជាទៀងទាត់អំពីការប្រើប្រាស់សមាជិកក្រុមរបស់ខ្លួននាការប្រកួតនៅថ្ងៃឈប់សម្រាកតាមរយៈការច្របាច់បញ្ចូលគ្នានូវខ្សែការពារទាំង៥ខុសៗគ្នាជាលើកទី២៦នៅឆ្នាំនេះនៅឯកីឡដ្ឋាន Liberty។
បញ្ហានៅក្នុងតំបន់ការពាររបស់ Man United ត្រូវបានបង្ហាញនៅក្នុងពេលពួកគេបានបណ្តោយឲ្យមានគ្រាប់ស៊ុតបញ្ចូលទីរបស់ខ្លួនជាលើកទី២៥មកទល់ពេលនេះ ដែលជាចំនួនដ៏ខ្ពស់បំផុតពីសំណាក់ក្រុមមួយដែលកំពុងតែឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League នៅត្រឹមថ្ងៃបុណ្យណូអែលបើគិតចាប់តាំងពីក្រុម Norwich City បានធ្វើឲ្យរបូតរហូតដល់ទៅចំនួន៣៤គ្រាប់នៅត្រឹមដំណាក់កាលដូចគ្នានេះក្នុងរដូវកាលឆ្នាំ១៩៩២-១៩៩៩៣។ ប៉ុន្តែបញ្ហានោះមិនបានធ្វើឲ្យលោក Ferguson រួញរាក្នុងការធ្វើការផ្លាស់ប្តូរកីឡាករឡើយ។
នៅពេលត្រូវបានចោទសួរទាក់ទងនឹងការរៀបចំក្រុមដើម្បីប្រកួតជាមួយនឹងក្រុម Swansea ថា តើលោកនឹងធ្វើការផ្លាស់ប្តូរក្រុមរបស់លោកចុះឡើង ឬយ៉ាងណា អ្នកចាត់ការទូទៅសញ្ជាតិស្កុតឡេនរូបនេះបានប្រាប់ទូរទស្សន៍ MUTV ថា៖ «ពិតណាស់ ដោយគ្មានការសង្ស័យ។ វានឹងមិនមែនជាក្រុមដូចគ្នានៅក្នុងការប្រកួតទាំងនេះណាមួយឡើយ។ វានឹងមានការផ្លាស់ប្តូរគ្រប់ការប្រកួតទាំងអស់»។
រាល់ក្រុមស្ថិតក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់កំពូលរបស់អង់គ្លេសទាំងអស់ នឹងប្រកួតនៅថ្ងៃនេះក្នុងកម្មវិធីប្រពៃណីឈ្មោះថា Boxing Day លើកលែងតែជំនួបរវាងក្រុម Arsenal និង West Ham United ដោយការប្រកួតរបស់ពួកគេត្រូវបានពន្យារពេលដោយសារតែការធ្វើកូដកម្មលើផ្លូវក្រោមដីដែលបានគ្រោងទុកមួយ។
Manchester United នឹងដឹងយ៉ាងច្បាស់ថា ការឈរនៅលើកំពូលតារាងនៅក្នុងពេលនេះនឹងក្លាយជាសារជូនពរដ៏ចម្រុះមួយ។ នៅក្នុងចំណោមការបញ្ចប់រដូវកាលចំនួន២០បើគិតចាប់តាំងពីការបង្កើតក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ១៩៩២មក មានក្រុមដែលឈរនៅលើកំពូលតារាងនៅថ្ងៃទី២៥ ខែធ្នូចំនួន៩ប៉ុណ្ណោះ ដែលបានសម្រេចនូវការឈ្នះពានរង្វាន់ជើងឯកពេលបញ្ចប់រដូវកាល។ ក្រុម Norwich City, Aston Villa, Leeds United, Arsenal (ពីរលើក), Newcastle United (ពីរលើក), Liverpool (ពីរលើក) និងក្រុម Manchester United (ពីរលើក) សុទ្ធសឹងទទួលបរាជ័យក្នុងការលើកពានរង្វាន់ក្របខ័ណ្ឌកំពូលនេះ ក្រោយពីអបអរថ្ងៃបុណ្យណូអែលតាមរយៈការឈរនៅលើកំពូលតារាង។
ការប្រជែងដណ្តើមពានរបស់ក្រុម Manchester City នឹងបន្តនៅថ្ងៃនេះនៅលើទឹកដីក្រុម Sunderland ដែលជាកន្លែងពួកគេបានទទួលជ័យជម្នះត្រឹមតែពីរលើកប៉ុណ្ណោះក្នុងចំណោមការធ្វើដំណើរទៅប្រកួតចំនួន៥លើកចុងក្រោយរបស់ពួកគេ។ ពួកគេបានទទួលបរាជ័យក្នុងលទ្ធផល ១-០ នៅលើទឹកដី Stadium of Light នេះកាលពីរដូវកាលមុន ក្រោយពីខ្សែប្រយុទ្ធ Ji Dong-won រកគ្រាប់បាល់ឈ្នះនៅក្នុងនាទីបន្ថែម។ ប៉ុន្តែ Man City ក៏មានភាពប៉ិនប្រសប់ក្នុងការរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតផងដែរ ហើយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Gareth Barry នៅពេលប្រកួតជាមួយនឹង Reading កាលពីថ្ងៃសៅរ៍បានធានាថា ពួកគេបានចូលប្រកួតក្នុងថ្ងៃបុណ្យណូអែលតាមរយៈការដេញតាមយ៉ាងប្រកៀកពីក្រោយក្រុម Man United។ ពួកគេនឹងធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Norwich ហើយនឹងទទួលភ្ញៀវ Stoke City បន្ទាប់ពីការប្រកួតជាមួយនឹងក្រុម Sunderland។
ក្រុមលេខ៣ Chelsea នឹងធ្វើដំណើរទៅកាន់ទឹកដី Carrow Road របស់ Norwich ហើយនឹងស្ថិតក្នុងស្មារតីដ៏ខ្ពស់ក្រោយពីទម្លាយសំណាញ់ចំនួន៨គ្រាប់លើក្រុម Aston Villa ដែលមិនធ្លាប់បានបណ្តោយឲ្យមានគ្រាប់បាល់បញ្ចូលទីយ៉ាងច្រើនដូចនេះនៅក្នុងការប្រកួតក្របខ័ណ្ឌកំពូលមួយឡើយ។
នៅទីបំផុតក្រុមតោខៀវមួយនេះ បានរកឃើញនូវភាពមុតស្រួចរបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Rafa Benitez ដែលបានរកឃើញផ្លូវមួយដើម្បីធ្វើឲ្យខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Fernando Torres រកគ្រាប់បាល់បញ្ចូលទីម្តងទៀត។
Chelsea កំពុងដេញតាមពីក្រោយក្រុម Manchester City ចំនួន៧ពិន្ទុ ប៉ុន្តែនៅសល់មួយប្រកួតក្នុងដៃ។
Frank Lampard ដែលបានក្លាយជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេបំផុតរបស់ Chelsea ក្នុងក្របខ័ណ្ឌកំពូលនេះជាមួយនឹងការស៊ុតបញ្ចូលទីចំនួន១៣០គ្រាប់ ក្រោយពីរកគ្រាប់បាល់បំប៉ោងសំណាញ់ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៨-០ លើ Aston Villa នោះ បាននិយាយថា ក្រុមនេះកំពុងតែស្វែងរកភាពខ្លាំងជាទៀងទាត់របស់ពួកគេ៕ IS
ភ្នំពេញ ប៉ុស្តិ៍






