ក្រុង ញូវយ៉ក: លោក Chuck Pagano ដែលជាគ្រូបង្វឹករបស់ក្រុម Indianapolis Colts បានវិលត្រឡប់មកធ្វើការជាមួយនឹងក្រុមស្ថិតក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់អាមេរិក National Football League មួយនេះកាលពីថ្ងៃចន្ទ ក្នុងរយៈពេលប្រមាណជា៣ខែក្រោយពីលោកត្រូវបានគេពិនិត្យឃើញថា មានជំងឺមហារីកគ្រាប់ឈាម។
ការវិលត្រឡប់របស់លោក Pagano បានកើតឡើងក្នុងរយៈពេលមួយថ្ងៃក្រោយពីក្រុម Indianapolis Colts បានឈ្នះកៅអីក្នុងវគ្គជម្រុះមួយជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ២០-១៣ លើក្រុម Kansas City Chiefs។ Indianapolis មានកំណត់ត្រានៃការទទួលជ័យជម្នះចំនួន១០លើក និងចាញ់៥លើកនៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងរដូវកាលជាទៀងទាត់របស់ខ្លួននៅថ្ងៃអាទិត្យ ដោយត្រូវប៉ះជាមួយនឹងក្រុម Houston Texans។
លោក Pagano បានធ្វើការថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់លោក ក្រុមវេជ្ជបណ្ឌិត ក្រុម និងលោក Jim Irsay ដែលជាម្ចាស់កម្មសិទ្ធិក្លិប Colts របស់លោកនៅក្នុងការធ្វើសន្និសីទសារព័ត៌មានមួយ ដោយបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃដ៏រីករាយបំផុតទី២នៃជីវិតរបស់លោក បន្ទាប់ពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោក។
Pagano កំពុងតែស្ថិតក្នុងរដូវកាលទី១របស់លោកក្នុងការដឹកនាំក្រុម Colts ក្រោយពីចូលជំនួសកន្លែងលោក Jim Caldwell ដែលត្រូវបានបណ្តេញចេញក្រោយពីជួបយុទ្ធនាការនៃការរងបរាជ័យចំនួន១៤លើក និងឈ្នះ២លើក។ Pagano វ័យ៥២ឆ្នាំ បានចាកចេញពីក្រុមនេះកាលពីចុងខែកញ្ញាដើម្បីទទួលការព្យាបាល ក្រោយពីត្រូវបានពិនិត្យឃើញថា មានជំងឺមហារីកគ្រាប់ឈាម និងទៅលើខួរឆ្អឹង៕ IS
ភ្នំពេញ ប៉ុស្តិ៍







