ភ្នំពេញៈ ក្រុមប្រឹក្សាអូឡាំពិកទ្វីបអាស៊ី (OCA) បានសន្យាដល់កម្ពុជាថា នឹងបន្តផ្តល់ការឧបត្ថម្ភទាំងទៅលើផ្នែកសម្ភារ និងហិរញ្ញវត្ថុសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតដើម្បីបន្ថែមធនធាននៃការអភិវឌ្ឍកីឡារបស់ព្រះរាជាណាចក្រកម្ពុជា។
OCA នឹងដាក់ចេញនូវការផ្តួចផ្តើមគំនិតថ្មីចំនួនពីរ ខណៈដែលកំពុងតែពង្រីកការឧបត្ថម្ភរបស់ខ្លួនសម្រាប់ការបង្កើតមជ្ឈមណ្ឌលសុខាភិបាល និងវិទ្យាសាស្ត្រកីឡានៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរំពឹងថា នឹងត្រូវប្រតិបត្តិការត្រឹមខែមេសាឆ្នាំក្រោយ។ OCA ធ្លាប់បានផ្តល់មូលនិធិទៅលើការសាងសង់មជ្ឈមណ្ឌលហែលទឹកក្នុងខេត្តកំពតកាលពីរយៈពេលពីរឆ្នាំកន្លងទៅ។
ការធានារ៉ាប់រងផ្សេងៗទាក់ទងនឹងការឧបត្ថម្ភសម្រាប់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានកើតឡើងក្រោយជំនួបរវាងលោក Sheikh Mohammed Al Fahad Al Sabah ប្រធាន OCA អំឡុងពេលនៃកិច្ចប្រជុំមួយជាមួយលោក ថោង ខុន ប្រធាន NOCC និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការរបស់ NOCC នៅក្នុងផ្នែកមួយនៃមហាសន្និបាតរបស់ OCA លើកទី៣១ក្នុងទីក្រុងម៉ាកាវ កាលពីសប្តាហ៍មុន។
បើយោងទៅតាម NOCC សមាជិកគ្រួសារអូឡាំពិកអាស៊ី នឹងប្រមូលផ្តុំគ្នាក្នុងទីក្រុងភ្នំពេញនៅឆ្នាំក្រោយសម្រាប់ព្រឹត្តិការណ៍ OCA Fun Run ដើម្បីធ្វើការផ្សព្វផ្សាយភាពសុខដុម និងការយោគយល់គ្នាកាន់តែល្អប្រសើរ។
លោក វ៉ាត់ ចំរើន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា៖ «ការរត់ប្រណាំងកម្សាន្តរបស់ OCA នឹងក្លាយជាឱកាសដ៏អស្ចារ្យ និងកម្រមួយសម្រាប់ NOCC ក្នុងការបង្ហាញវឌ្ឍនភាពដែលយើងធ្វើក្នុងរយៈពេលបីទៅបួនឆ្នាំចុងក្រោយនេះ និងដើម្បីពង្រឹងទំនាក់ទំនងការងារជាមួយនឹងជាតិសាសន៍ដែលជាសមាជិកបងប្អូនជាច្រើនទៀតរបស់យើង»។
លោកបានបន្ថែមទៀតថា៖ «ប្រធាន OCA ដែលក៏ជាប្រធានរបស់គណៈកម្មាធិការសាមគ្គីអូឡាំពិកអន្តរជាតិ និងជាប្រធានសមាគមនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិផងដែរនោះ ពិតជាកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍរបស់យើង ហើយលោកបានធានាដល់យើងថា នឹងផ្តល់ជំនួយទាំងអស់តាមដែលអាចធ្វើបាន»។
មូលនិធិរបស់ OCA ក៏នឹងផ្តល់ឲ្យប្រទេសកម្ពុជាសម្រាប់ការសាងសង់មជ្ឈមណ្ឌលមួយក្នុងខេត្តសៀមរាបដែលបម្រើដល់សកម្មភាពកីឡារបស់ស្ត្រី ដោយNOCC បានធ្វើការគាំទ្រចាប់តាំងពីឆ្នាំ២០១១មកម៉្លេះ។
ជាមួយនឹងការផ្តោតទៅលើទ្វីបអាស៊ីអាគ្នេយ៍សន្និបាតក្នុងទីក្រុងម៉ាកាវ ត្រូវបានស្ថិតទៅលើការប្រជែងគ្នារវាងទីក្រុងហាណូយ និងទីក្រុង Surabaya សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អាស៊ីហ្គេមឆ្នាំ២០១៩។ នាពេលនោះប្រតិភូកម្ពុជា ដែលបានគាំទ្រទីក្រុងហាណូយ បានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួនយ៉ាងច្បាស់ទៅក្នុងរបៀបវារៈអនាគតរបស់ខ្លួន។
ក្រៅពីកិច្ចប្រជុំជាមួយនឹងមន្ត្រីជំនាញរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិជាច្រើននាក់NOCC បានទទួលនូវការសន្យាទាក់ទងការឧបត្ថម្ភជាពីសំណាក់ចលនាសាមគ្គីអូឡាំពិកទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីហ្វឹកហាត់សម្រាប់អត្តពលិក និងគ្រូបង្វឹក ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស និងរដ្ឋបាល៕ IS
ភ្នំពេញ ប៉ុស្តិ៍






