Headlines:

ប្រណាំង​កង់​ជើង​ឯក​ប្រចាំ​ឆ្នាំ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក​



121109_26a
ទិដ្ឋ​ភាព​នៃ​ការ​ប្រកួត​ប្រណាំង​កង់​ក្នុង​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​ភ្នំតាម៉ៅ កាល​ពី​ឆ្នាំ​២០១១ កន្លងមក​។ រូបថត យឺន ពន្លក​

ភ្នំពេញៈ បន្ទាប់​ពី​លើក​ពេល​២​ដង​កន្លង​មក ការ​ប្រកួត​កីឡា​ប្រណាំង​កង់​កួក និង​កង់​ដៃ​ត្រង់​ជ្រើស​រើស​ជើង​ឯក​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១២ ត្រូវ​បាន​ពិភាក្សា​នៅ​ថ្ងៃ​នេះ ខណៈ​ការ​ប្រកួត​ផ្លូវ​ការ​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ស្អែក​នៅ​លើ​ទឹក​ដី​របស់​ខេត្ត​កំពត។

ការ​ប្រកួត​ប្រចាំ​ឆ្នាំ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​មួយ​នេះ​បាន​បែង​ចែក​ការ​ប្រកួត​ជា​២​ដាច់​ដោយ​ឡែក​ពី​គ្នា។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ គឺ​ជា​ការ​ប្រណាំង​កង់​កួក​ក្នុង​រយៈ​ចម្ងាយ​១២០​គីឡូ​ម៉ែត្រ ដោយ​ចេញ​ដំណើរ​ពី​ចំណុច​គីឡូម៉ែត្រ​លេខ​២៨​ជិត​ផ្សារ​ព្រៃ​ទទឹង​ខេត្ត​កំពង់​ស្ពឺ ឆ្ពោះ​ទៅ​ទីផ្តាច់​ព្រ័ត្រ​ត្រង់​រង្វង់​មូល​ទី​រួម​ខេត្ត​កំពត រីឯ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​គឺ​ជា​ការ​ប្រណាំង​កង់​ដៃ​ត្រង់ លើ​ចម្ងាយ​ផ្លូវ​៤០​គីឡូ​ម៉ែត្រ ដែល​ប្រណាំង​នៅ​តាម​ផ្លូវ​កំពង់​បាយ មក​ទី​ផ្តាច់​ព្រ័ត្រ នៅ​រង្វង់​មូល​ទី​រួម​ខេត្ត​កំពត​ដូច​គ្នា​។

លោក ទុយ វិច្ឆិកា អនុប្រធាន​ការិយា​ល័យ​កីឡា​ទំនើប​នៃ​នាយក​ដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ក្លិប​សមាគម នៅ​ក្នុង​ប្រទេស​ចំនួន​១៣​ចូល​រួម​ដោយ​ក្នុង​នោះ​មាន​កីឡាករ​២៥៥​នាក់​(ប្រណាំង​កង់​ដៃ​ត្រង់​២១២​នាក់ និង​កង់​កួក​៤៣​នាក់) និង​កីឡាការិនី​២៧​នាក់(​ប្រណាំង​កង់​ដៃ​ត្រង់​២៦​នាក់ និង​កង់​កួក​១​នាក់) សរុប​មាន​ចំនួន​២៦៨​នាក់ ហើយ​កីឡាករ-ការិនី​១៤​នាក់​លេង​ទាំង​២​វិញ្ញាសា​ផង​ដែរ។

លោក​បាន​លម្អិត​នៃ​ចំនួន​ចូល​រួម​ទាំង​នេះ​ថា​៖​«ក្លិប​កង់​ហោះ មាន​កីឡាករ​៣៩​នាក់​(ស្រី​៧​នាក់) ក្លិប​មិត្ត​សម្លាញ់ ១១​នាក់ ក្លិប​ឫទ្ធី​សែន​១៨​នាក់ ក្លិប​អូរឫស្សី​៣៣​នាក់​(ស្រី​២នាក់) អង្គការ​ភាព​ញញឹម​នៃ​កុមារ ២២​នាក់(ស្រី​៤​នាក់) ក្លិប​EYC ២១​នាក់​(ស្រី​១​នាក់) ខេត្ត​កំពង់ចាម ១០​នាក់ ក្រសួង​មហាផ្ទៃ ១៣​នាក់​(ស្រី​៣​នាក់) ក្រសួង​ការពារ​ជាតិ ៤​នាក់​(ស្រី​២​នាក់) សាកល​វិទ្យាល័យ​ធនធាន​មនុស្ស ១៧​នាក់​(ស្រី​៧​នាក់) ខេត្ត​កណ្តាល ១០​នាក់ ខេត្ត​ព្រះសីហនុ ១០​នាក់ និង​អ្នក​ចូល​រួម​ជា​លក្ខណៈ​ឯក​ជន មាន​ចំនួន​៦០​នាក់​(ស្រី​២​នាក់)»។

សម្រាប់​ការ​ប្រកួត​នេះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រ​យាន បាន​ចេញ​នូវ​បទ​បញ្ជា​ប្រកួត​យ៉ាង​ត្រឹម​ត្រូវ​ដែល​ស្រប​ទៅ​តាម​ច្បាប់​ប្រកួត​របស់​សហភាព​កីឡា​ទោចក្រ​យាន​អន្តរ​ជាតិ ហើយ​បទ​បញ្ជា​នោះ​បាន​កំណត់​ថា ប្រភេទ​កង់​កួក​ដែល​ត្រូវ​យក​មក​ប្រកួត ត្រូវ​មាន​វិជ្ឈមាត្រ​នៃ​រង្វង់​កង់​៦៨​សង់ទី​ម៉ែត្រ ព្រម​ទាំង​មាន​ហ្រ្វាំង​មុខ និង ហ្រ្វាំង​ក្រោយ​ប្រើ​ប្រាស់​បាន ប៉ុន្តែ​មិន​ត្រូវ​មាន​ជន្ទល់​នោះ​ទេ រីឯ​ប្រភេទ​កង់​ដៃ​ត្រង់ ពុំ​មាន​កំណត់​ក្នុង​បទ​បញ្ជា​ឡើយ។

ក្នុង​ការ​ប្រណាំង អ្នក​ដែល​នៅ​ក្រោយ​គេ​ចម្ងាយ​២​គីឡូ​ម៉ែត្រ ឬ​ជិះ​យឺត​ជាង​គេ​ក្នុង​រយៈ​ពេល​១៥​នាទី កំណត់​ថា​ត្រូវ​ចាញ់ និង​ត្រូវ​បាន​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត​ដោះ​ស្លាក​លេខ​អាវ​ឈប់​ឲ្យ​ប្រកួត។ បើ​សិន​ជា​កីឡាករ​ណា​ជិះ​យក​សន្ទុះ​តាម​រថយន្ត​ឬ​ម៉ូតូ​ក្នុង​ចម្ងាយ​ជិត​ជាង​៥០​ម៉ែត្រ ក៏​ត្រូវ​គណៈ​កម្មការ​ដក​ស្លាក​លេខ លែង​ឲ្យ​បន្ត​ការ​ប្រកួត​។

លោក វ៉ាន់ ថន អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន បាន​ពន្យល់​ថា៖ «យើង​ជា​សមាជិក​របស់​សហ​ភាព​កីឡា​ទោចក្រ​យាន​អន្តរ​ជាតិ ហេតុ​នេះ​រាល់​ការ​ប្រកួត​យើង​ត្រូវ​អនុវត្ត​ច្បាប់​និង​បញ្ជា​ឲ្យ​ស្រប​តាម​លក្ខណៈ​ស្តង់ដារ​អន្តរ​ជាតិ ដើម្បី​ឲ្យ​កីឡាករ កីឡកា​រិនី​របស់​យើង​មាន​ការ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ច្បាប់​ទម្លាប់​នៃ​ការ​ប្រណាំង​កង់»។

លោក​បាន​បញ្ជាក់​ថា​៖​«​ការ​ប្រកួត​នេះ មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​ដើម្បី​បំផុស​វិស័យ​កីឡា​ប្រណាំង​កង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​ថ្នាក់​ជាតិ សម្រាប់​ជ្រើស​រើស​អ្នក​មាន​ទេព​កោសល្យ ត្រៀម​ចូល​ហ្វឹក​ហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​»។

លោក​បាន​បន្ថែម​ថា​៖ ​«​នៅ​ឆ្នាំ​នេះ វា​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​ខុស​ប្លែក​ពី​ការ​ប្រកួត​ឆ្នាំ​មុនៗ ត្រង់​ថា​នៅ​ឆ្នាំ​នេះ​មាន​នារី​ក្លាហាន​ម្នាក់​បាន​ដាក់​ពាក្យ​ប្រកួត​ប្រណាំង​កង់​កួក ដែល​យើង​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​យល់​ព្រម​ឲ្យ​ស្រ្តី​អាច​ចូល​រួម​ប្រកួត​ជម្រើស​ជាតិ​ដូច​បុរស​ដែរ»៕