សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

ក្លិប​កង់​ហោះនិង​ព្រះសីហនុ ឈ្នះ​ជើង​ឯក​ប្រចាំ​ឆ្នាំ



121113_26a
លោក ប៊ូ ជុំសេរី (ទីបីពី​ស្តាំ) អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់​រំ យុវជន និងកីឡា នា​ពិធី​ចែក​រង្វាន់​ដល់​ក្រុម​កីឡាករ​ដែល​បាន​ឈ្នះ​។ ទុយ វិច្ឆិកា

ភ្នំពេញៈ ការ​ប្រកួត​កីឡា​ប្រណាំង​កង់​គួក និង​កង់​ដៃ​ត្រង់​ជ្រើស​រើស​ជើង​ឯក​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១២ ដែល​ធ្វើ​ឡើង​នៅ​ទី​រួម​ខេត្ត​កំពត​នោះ បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​ដោយ​កីឡាករ​មក​ពី​ក្លិប​កង់​ហោះ បាន​គ្រប់​គ្រង​តំណែង​ជើង​ឯក​ការ​ប្រណាំង​កង់​គួក ខណៈ​ម្ចាស់​ជើង​ឯក​នៃ​ការ​ប្រណាំង​កង់​ដៃ​ត្រង់ បាន​ទៅ​លើ​កីឡាករ​មក​ពី​ខេត្ត​ព្រះសីហនុ។

ការ​ប្រកួត​ប្រចាំ​ឆ្នាំ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​មួយ​នេះ មាន​ក្លិប​ចំនួន​១៣​ចូល​រួម​ដោយ​ក្នុង​នោះ​មាន​កីឡាករ​២៥៥​នាក់ និង​កីឡា​ការិនី​២៧​នាក់ ដែល​ត្រូវ​បាន​កំណត់​ការ​ប្រកួត​ទៅ​លើ​វិញ្ញាសា​ការ​ប្រកួត​ប្រណាំង​កង់​គួក និង​ការ​ប្រកួត​ប្រណាំង​កង់​ដៃ​ត្រង់ ប៉ុន្តែ​មាន​តែ​កីឡាករ​តំណាង​ឲ្យ​ក្លិប​ចំនួន​៣​ប៉ុណ្ណោះ ដែល​បាន​ឈ្នះ។

ការ​ប្រកួត​ប្រណាំង​កង់​គួក​ចម្ងាយ​១២០​គីឡូ​ម៉ែត្រ ដែល​មាន​កីឡាករ​៤៣​នាក់​និង​កីឡា​ការិនី​២​នាក់​ចូល​រួម សម្រាប់​ការ​ចេញ​ដំណើរ​ពី​ចំណុច​ផ្លូវ​គីឡូ​ម៉ែត្រ​លេខ​២៨​ជិត​ផ្សារ​ព្រៃ​ទទឹង​ខេត្ត​កំពង់​ស្ពឺ ឆ្ពោះ​ទៅ​ទីផ្តាច់​ព្រ័ត្រ​ត្រង់​រង្វង់​មូល​ទី​រួម​ខេត្ត​កំពត​នោះ បាន​បញ្ចប់​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​សៅរ៍​មក​ម៉្លេះ។

ជើង​ឯក​ប្រចាំ​ឆ្នាំ​លើ​វិញ្ញាសា​នេះ បាន​ទៅ​លើ​កីឡាករ វង្ស ខាន់ពៅ របស់​ក្លិប​កង់​ហោះ​ជា​មួយ​ថិរ​វេលា ៣.៤៤.០០.៦១​ម៉ោង រីឯ​លេខ​២ ខេង ទី មក​ពី​ខេត្ត​ព្រះសីហនុ ប្រើ​ពេល​៣.៤៥.១០.១៨​ម៉ោង ខណៈ​លេខ​៣ ស្រី យ៉ា មក​ពី​ក្លិប​កង់​ហោះ ចំណាយ​ពេល ៣.៤៥.១០.៥០​ម៉ោង។ ចំណែក​លេខ​៤​ដល់​លេខ​៧ ជា​កីឡាករ​មក​ពី​ក្លិប​កង់​ហោះ​ទាំង​អស់ និង​លេខ​៨មក​ពី​ក្លិប​EYC ដោយ​ពួក​គេ​ធ្វើ​នៅ​ក្នុង​រយៈ​ពេល​ចាប់​ពី​៣.៤៥.១០.៦៩ ម៉ោង​ទៅ ៣.៤៦.១២.២២ ម៉ោង។

ការ​ប្រកួត​ប្រណាំង​កង់​ដៃ​ត្រង់​ចម្ងាយ​៤០​គីឡូ​ម៉ែត្រ ដែល​មាន​កីឡាករ​២១២​នាក់ កីឡា​ការិនី​២៥​នាក់​ចូល​រួម​ប្រកួត​នៅ​លើ​ដង​ផ្លូវ​ខេត្ត​កំពត​វិញ​នោះ លេខ​១​បាន​លើ​កីឡាករ មាស សុជីវន ខេត្ត​ព្រះសីហនុ​ប្រើ​ពេល​១.២១.១២.០៧​ម៉ោង លេខ​២ ខេង ទី ខេត្ត​ព្រះសីហនុ ប្រើ​ពេល​១.២៣.៤៩.២៨​ម៉ោង និង​លេខ​៣ យឿន ភិយុទ្ធ របស់​ក្លិប EYC ចំណាយ​ពេល ១.២៣.៤៩.៨១​ម៉ោង។ ចំណែក​ចំណាត់​ថ្នាក់​លេខ​៤​ដល់​លេខ​៨ ដែល​សុទ្ធ​តែ​ជា​កីឡាករ​មក​ពី​ក្លិប​កង់​ហោះ​នោះ ពួក​គេ​ប្រើ​ពេល​នៅ​ចន្លោះ​ពី ១.២៣.៥០.៨១​ម៉ោង​ដល់​១.២៣.៥១.០១ម៉ោង។

ចំពោះ​កីឡា​ការិនី​ទាំង​២៧​នាក់ ដែល​បាន​ចូល​រួម​ជាមួយ​ក្រុម​បុរស​នោះ បាន​ធ្លាក់​ពី​ការ​ប្រកួត​ទាំង​អស់ ប៉ុន្តែ​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត បាន​ផ្តល់​ចំណាត់​ថ្នាក់​និង​ប្រាក់​រង្វាន់​ដល់​កីឡា​ការិនី​៣​នាក់​មក​ពី​ក្លិប​កង់​ហោះ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​នារី ដែល​ត្រូវ​បាន​ក្រសួង អនុញ្ញាត​ឲ្យ​ចូល​ប្រកួត​ចម្រុះ​ជា​មួយ​ក្រុម​បុរស​ជា​លើក​ដំបូង​មួយ​នេះ ហើយ​អ្នក​ទាំង​៣​នាក់​នោះ​មាន ហេង ស៊ីវឡាង ហេង ស៊ីវហ្គិច និង ម៉ែន សុលី។

លោក វ៉ាន់ ថន អគ្គ​លេខាធិការ​សហ​ព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន បាន​វាយ​តម្លៃ​ថា ការ​ប្រកួត​នៅ​ឆ្នាំ​នេះ ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ រីឯ​ការ​ប្រកួត​មាន​សណ្តាប់​ធ្នាប់​ល្អ និង​មិន​មាន​អ្នក​ចូល​រួម​ណា​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ឡើយ​។

លោក​បាន​បញ្ជាក់​ថា​៖​«​អ្នក​ទទួល​បាន​ចំណាត់​ថ្នាក់​ចាប់​ពី​លេខ​១​ដល់​លេខ​៥ លើ​វិញ្ញាសា​កង់​គួក នឹង​ត្រូវ​រើស​ឲ្យ​ត្រៀម​ចូល​ហ្វឹក​ហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​នា​ឆ្នាំ​២០១៣ ជំនួស​អ្នក​ចាស់ៗ ប៉ុន្តែ​អ្នក​ទាំង​៥​នេះ​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ បើ​សិន​ពួក​គេ​មិន​អាច​រក្សា​ចំណាត់​ថ្នាក់​បាន​ល្អ​ទៀត​ទេ​នោះ ព្រោះ​យើង​នឹង​មាន​ការ​ប្រកួត​សាក​ល្បង​លើ​ចម្ងាយ​ផ្លូវ​៤០​គីឡូ​ម៉ែត្រ​ចំនួន​៣​ដង​ផ្សេង​ទៀត»។

លោក​បាន​បន្ថែម​ថា​៖​«​ចំណែក​ក្រុម​កង់​ដៃ​ត្រង់ មក​ដល់​ពេល​នេះ​មិន​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ហ្វឹក​ហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​នោះ​ឡើយ​ប៉ុន្តែ​យើង​កំពុង​តែ​មាន​ផែន​ការ​ស្នើ​សុំ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ឲ្យ​មាន​ការ​ជ្រើស​លើ​វិញ្ញាសា​ប្រភេទ​នេះ»៕