ភ្នំពេញៈ បន្ទាប់ពីការបញ្ចប់ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រុមកីឡាវាយសីកម្ពុជានឹងមានកាលវិភាគដ៏មមាញឹកមួយបន្ថែមទៀត ក្នុងព្រឹតិ្តការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់រណសិរ្ស២ធ្នូ។
ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានបង្កើតឡើងដោយសមាគមកីឡាវាយសីក្រសួងមហាផ្ទៃដើម្បីរំឭកដល់ខួបលើកទី៣៤(១៩៧៨-២០១៣) នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (ថ្ងៃទី២ ខែធ្នូ)។ វាជាការផ្តួចផ្តើមគំនិតរបស់អ្នកលេងកីឡាវាយសីចាស់ៗ និងថ្នាក់ដឹកនាំកីឡាវាយសីរបស់សមាគមនៃក្រសួងមហាផ្ទៃ។
ក្រុមចំនួន៦មកពីប្រទេសវៀតណាមត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ បើតាមអ្នករៀបចំកម្មវិធី ខ្លឹមសារ និងកម្មវត្ថុមិនសំដៅលើប្រាក់រង្វាន់ជាសំខាន់នោះឡើយ ប៉ុន្តែវាជាការប្រកួតដើម្បីពង្រឹងចំណងមិត្តភាព សុខភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសដើម្បីរំឭកខួប២ធ្នូ។
លោកជាប៊ុនហេងប្រធានលេខាធិការដ្ឋាននៃសម្ព័ន្ធកីឡានគរបាលជាតិដែលជាអ្នកផ្ដើមគំនិតមួយរូបក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍នេះ បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថាការប្រកួតនេះមានរយៈពេល៣ថ្ងៃគឺថ្ងៃទី២១ដល់ទី២៣ខែធ្នូដោយមានជាង៦០ប្រកួត។
លោកបានអះអាងថានឹងធ្វើឲ្យកម្មវិធីនេះក្លាយទៅជាព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំតែម្ដង។
ក្រុមកីឡាករវាយសីវៀតណាមដែលត្រូវបានអញ្ជើញនោះមានក្រុមក្រុងហូជីមិញ ក្រុមកាន់ថឺក្រុមខេត្តទៀងយ៉ាងខេត្តដុងថាប់ខេត្តអាងយ៉ាងនិងក្រុមជម្រើសខេត្តគៀងយ៉ាង។
លោកបន្តទៀតថាក្នុងក្រុមទាំង៦របស់វៀតណាមនោះក្រុមជម្រើសក្រុងហូជីមិញ ជម្រើសខេត្តកាន់ថឺនិង ជម្រើសខេត្តទៀងយ៉ាងជាក្រុមដែលខ្លាំងជាងគេដូច្នេះក្រុមកម្ពុជាត្រូវត្រៀមក្រុមឆ្នើមដើម្បីតទល់ជាមួយពួកគេ។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតនោះរួមមានការប្រកួតវាយជាគូបុរសសម្រាប់ប្រភេទអាយុក្រោម៣០ឆ្នាំអាយុពី៣០ទៅ៣៩ឆ្នាំ អាយុពី៤០ទៅ៤៩ឆ្នាំ និង អាយុចាប់ពី៥០ឆ្នាំឡើង ។
ចំពោះក្រុមកីឡាការិនីវិញមានតែការប្រកួតវាយគូសម្រាប់ប្រភេទអាយុក្រោម ៣០ឆ្នាំប៉ុណ្ណោះ។
លក្ខខណ្ឌនៃការប្រកួតនោះគឺសម្រាប់មួយក្រុមលេងបានតែមួយវិញ្ញាសាប៉ុណ្ណោះមិនអនុញ្ញាតឲ្យក្រុមតែមួយលេង២ឬ៣ វិញ្ញាសាបានឡើយ ។
តាមប្រភពពីសមាគមកីឡាវាយសីក្រសួងមហាផ្ទៃការប្រកួតនេះ មិនប្រើប្រាស់ថវិកាជាតិនោះឡើយគឺបានមកពីថ្នាក់ដឹកនាំដែលនិយមស្រឡាញ់វិស័យកីឡាដោយពួកគាត់ជួយចេញថវិកាផ្ទាល់ខ្លួននិងមានមន្ត្រីចាស់ទុំនិងសប្បរសជនក្នុងវិស័យឯកជនជួយគាំទ្រដើម្បីលើកស្ទួយវិស័យកីឡា៕
ភ្នំពេញ ប៉ុស្តិ៍







