ភ្នំពេញៈទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី១៧ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យទី២ខែធ្នូឆ្នាំ២០១២ ខាងមុខនេះបានទទួលអ្នកចុះឈ្មោះកើនឡើងដល់ជាង៦០០០នាក់ហើយដោយចំនួននេះអាចនឹងកើនឡើងថែមទៀតពីព្រោះការឈប់ទទួលពាក្យនឹងបញ្ឈប់ត្រឹមថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១២នេះ។
ព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនេះមានប្រវត្តិ១៧ឆ្នាំហើយ ពោលគឺត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៦ មក ហើយវាជាព្រឹតិ្តការណ៍ប្រកួតមួយសម្រាប់រកជំនួយសប្បុរសធម៌អន្តរជាតិមួយដោយអ្នកចូលរួមប្រកួតត្រូវបង់ប្រាក់។
ការបង់ប្រាក់សុំចូលរួមប្រកួតនោះគឺ ជនបរទេសក្នុងម្នាក់ត្រូវបង់ចាប់ពី៣៥ដល់៤៥ដុលា្លរអាមេរិកចំណែកឯប្រជាពលរដ្ឋខ្មែរត្រូវបង់ចាប់ពី៣ដល់៥ដុល្លារអាមេរិក។
កម្មវិធីនេះ តែងតែត្រូវបានរៀបចំឡើងនៅក្នុងតំបន់អង្គរដែលជាកេរដំណែលវប្បធម៌ដ៏ល្បីល្បាញនៅក្នុងពិភពលោកហើយត្រូវបានជ្រើសរើសនិងទទួលស្គាល់ ដោយអង្គការយូណេស្កូចាប់តាំងពីឆ្នាំ១៩៩២មកម៉េ្លះ។
ព្រឹតិ្តការណ៍នេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅដើមសប្តាហ៍នៃខែធ្នូដែលគឺវាជាទិវារកជំនួយឧបត្ថម្ភដល់កុមារនិងជនពិការនៅក្នុងប្រទេសកម្ពុជា។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថាព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តសៀមរាបឆ្នាំនេះតាមគម្រោងផ្លូវការទទួលតែអ្នកចូលរួមចំនួន៥៨០០នាក់នៅក្នុងបួនវិញ្ញាសាគឺ២១គីឡូម៉ែត្រ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រនិង៣គីឡូម៉ែត្រដោយមានការប្រកួតជាលក្ខណៈគ្រួសារផងដែរ។ ប៉ុន្តែដោយសារតែមានសន្ទុះរីកចម្រើននិងមានការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះផលប្រយោជន៍នៃការចូលរួមកីឡាក្នុងការជួយសង្គមនោះ គណៈកម្មការរៀបចំការប្រកួតបានសម្រេចបន្តទទួលយកអ្នកដាក់ពាក្យសុំរត់ថែមទៀតដែលគិតត្រឹមថ្ងៃម្សិលមិញ(ថ្ងៃទី១៣ខែវិច្ឆិកា)មានចំនួនជាង៦០០០នាក់ហើយ។
លោកវ៉ាត់ចំរើនបានបន្តថាសម្រាប់ព្រឹត្តិការណ៍ប្រកួតឆ្នាំ២០១២នេះមានការសហការជួយឧបត្ថម្ភគាំទ្រពីអង្គការនៃប្រទេសជប៉ុនក្រុមហ៊ុនស្រាបៀរអង្គរនិងក្រុមហ៊ុនមួយចំនួនទៀត។
លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ឲ្យដឹងថាកាលពីឆ្នាំ២០១១មានអ្នកចូលរួមរត់សរុបចំនួនជាង៥០០០នាក់ហើយនៅឆ្នាំនេះ២០១២នេះមានចំនួនជាង៦០០០នាក់ក្នុងនោះជនបរទេសមានចំនួនរហូតដល់៦០ភាគរយឯណោះ។
លោកក៏បានលើកឡើងផងដែរថា៖ «យើងអាចនិយាយថាកីឡាជាផលិតផលនៃទេសចរណ៍ហើយវិស័យពីរនេះគឺផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដែលយើងមិនអាចផ្តាច់ចេញពីគ្នាបាននោះឡើយ»។
លោកបានបន្តថា៖«ទិន្នន័យនៃសន្ទុះកើនឡើងនេះបង្ហាញឲ្យយើងឃើញពីភាពរីកចម្រើននិងការយល់ដឹងរបស់ពលរដ្ឋកម្ពុជាយ៉ាងទូលំទូលាយលើវិស័យកីឡា»៕
ភ្នំពេញ ប៉ុស្តិ៍






