ភ្នំពេញៈ ធនាគារជប៉ុនម៉ារ៉ូហាន់បានសហការជាមួយ ក្រុមហ៊ុន Eightball Production ក្នុងការរៀបចំឲ្យមានការប្រកួតរត់ប្រណាំងសប្បុរសធម៌កម្សាន្តមួយដែលមានឈ្មោះថា MARUHAN Japan Bank Charity FunRun នៅពហុកីឡដ្ឋានអូឡាំពិក វេលាម៉ោង៧ព្រឹកនាថ្ងៃទី១០ ខែធ្នូខាងមុខនេះ ដើម្បីប្រមូលមូលនិធិជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ នៅអង្គការដើម្បីភាពញញឹមនៃកុមារ(PSE) សម្រាប់ជនក្រីក្រនៅកម្ពុជា។
នៅក្នុងការសន្និសីទសារព័ត៌មាននៅឯភោជនីយដ្ឋាន Le Lotus Blanc ក្នុងសង្កាត់បឹងកេងកង១ កាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ ទាំងតំណាងធនាគារម៉ារ៉ូហាន Eightball Production និងតំណាង PSE បាននិយាយផ្តោតសំខាន់ទៅលើការប្រមូលមូលនិធិពីសប្បុរសជន ដើម្បីជួយដល់យុវជន និងកុមារក្រីក្រនៅកម្ពុជាឲ្យទទួលបាននូវឱកាសសិក្សានៅលើមុខវិជ្ជាផ្សេងៗសម្រាប់លើកកម្ពស់ការរស់នៅរបស់ពួកគេទៅថ្ងៃអនាគត។
លោក Onishi Shizuo នាយកគ្រប់គ្រងនៃម៉ារ៉ូហាន់ធនាគារជប៉ុន បានថ្លែងឲ្យដឹងថា៖«ម៉ារ៉ូហាន់ដែលជាសមាជិកមួយនៃ MARUHAN Japan Bank ASEAN Financial Group មានការជឿជាក់ខ្លាំងទៅការលើកតម្កើងការលូតលាស់ និងសុខុមាលភាពនៅក្នុងសង្គម។ យើងចង់ប្រើប្រាស់ការសហការ និងទំនួលខុសត្រូវរបស់យើង ដើម្បីជួយឧបត្ថម្ភយុវជនក្រីក្រនូវគ្រប់សកម្មភាព»។
លោកបានបន្ថែមថា៖«ការវិនិយោគសម្រាប់យុវជនកម្ពុជានាពេលបច្ចុប្បន្ន គឺជាគន្លឹះដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់មួយ ហេតុនេះថវិកាដែលប្រមូលបានពីកម្មវិធីនេះ នឹងត្រូវប្រគល់ឲ្យអង្គការPSEទាំងអស់ សម្រាប់ជួយឧបត្ថម្ភកុមារក្រីក្រចំនួន១៥០០នាក់ក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅPSE ដើម្បីឲ្យពួកគេចាប់យកជំនាញនៅលើមុខវិជ្ជាប្រមាណ៣០ប្រភេទនៅទីនោះ សម្រាប់យកទៅរកការងារធ្វើរកប្រាក់មកចិញ្ចឹមជីវិតនៅថ្ងៃអនាគត»។
ចាប់តាំងពីឆ្នាំ១៩៩៤មក PSE បានធ្វើការផ្តល់អាហារ ជម្រក តំហែរក្សាសុខភាព ចំណេះដឹង និងវិជ្ជាជីវៈទៅដល់កុមាររងគ្រោះ ក៏ដូចជាកុមារមិនមានឱកាសទទួលយកចំណេះដឹង នៅក្នុងក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប។
មកដល់ពេលនេះPSEបានជួយកុមារលើសពី៦៥០០នាក់ ជួយឧបត្ថម្ភដល់សិស្សប្រហែល៣០០០នាក់ឲ្យចូលសិក្សានៅតាមសាលារដ្ឋ ១៥០០នាក់ក្នុងកម្មវិធីពន្លឿន និង១៥០០នាក់ផ្សេងទៀតនៅក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ុក សុវណ្ណ នាយករងនៃអង្គការ PSE បានថ្លែងឲ្យដឹងដែរថា៖«បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាមានសន្ទុះ និងកម្លាំងកើនឡើងយ៉ាងខ្លាំងក្នុងការជួយប្រទេស និងសមាគមក្រីក្រ។ យើងបានប្រទះឃើញកំណើនបុគ្គលិកស្ម័គ្រចិត្តគួរឲ្យកត់សម្គាល់ នៅក្នុងអង្គការ PSE សម្រាប់ជួយគាំទ្របុព្វហេតុកម្មវិធី និងសិស្សរបស់យើង។ ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះសាមគ្គីភាព និងការយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមកហេតុនេះយើងសង្ឃឹមថា ប្រជាជនកម្ពុជា និងអ្នកផ្សេងទៀតចូលរួមនៅក្នុងកម្មវិធី FunRun ដើម្បីប្រមូលមូលនិធិជួយដល់យុវជន និងកុមារក្រីក្រ ឲ្យបានទទួលឱកាសសិក្សានៅPSEរបស់យើងកាន់តែច្រើន»។
ចំណែកលោក Alex Hales អ្នកគ្រប់គ្រងម្នាក់នៅ Eightball Production និងជាអ្នកផ្តួចផ្តើមបង្កើតកម្មវិធី MARUHAN Japan Bank Charity Fun Run បានពន្យល់ថា គ្រប់គ្នាអាចចូលរួមរត់កម្សាន្តនៅក្នុងកម្មវិធីនេះដោយសេរីមិនចាំបាច់បង់ប្រាក់អ្វីទេ ហើយអ្នកចង់រត់ក៏បានដើរក៏បាន ប៉ុន្តែអ្នកត្រូវព្យាយាមរៃអង្គាសប្រាក់ឧបត្ថម្ភពីសហគមន៍ គ្រួសារ និងមិត្តភក្តិរបស់អ្នក ទៅតាមជុំដែលអ្នកធ្វើបាន។
លោកបានបន្ថែមថា៖«សំណួរសួរថា តើអ្នកប្រមូលលុយដោយរបៀបណា? ចម្លើយគឺវាអាស្រ័យទៅលើ សហគមន៍ គ្រួសារ និងមិត្តភក្តិរបស់អ្នក ថាតើពួកគេជួយឧបត្ថម្ភឲ្យអ្នករត់បានប៉ុន្មានជុំ។
បើសិនអ្នករត់១ជុំ ហើយអ្នកមានឧបត្ថម្ភ១០នាក់ ដែលអាចឲ្យ១ដុល្លារសម្រាប់អ្នករត់ក្នុង១ជុំ ដូច្នេះអ្នកនឹងស្វែងរកប្រាក់បាន១០ដុល្លារសម្រាប់ចូលរួមមូលនិធិរបស់យើង ហើយបើសិនអ្នកចង់ចូលរួមជួយយុវជននិងកុមារក្រីក្ររបស់យើង សូមចូលរួមចុះឈ្មោះរត់ឲ្យមានមុនថ្ងៃទី៥ ខែធ្នូ តាមរយៈ E-mail: funrun@site-pse.org ឬតាមទូរស័ព្ទ ០៧៧ ៥៨ ៦៧ ៦៨»៕
ភ្នំពេញ ប៉ុស្តិ៍






