ភ្នំពេញៈ កីឡាករនៃក្រុមជម្រើសជាតិកម្ពុជា នឹងមានការរំជួលចិត្តពីការរំភើបផ្សេងៗតាមរយៈក្តីសង្ឃឹមនៅមុនពេលយុទ្ធនាការនៃការប្រកួតក្នុងព្រឹត្តិការណ៍ NagaWorld Cambodia ITF Futures នៅសប្តាហ៍ក្រោយ ខណៈដែលពេលវេលាដ៏ធំនៃកីឡាវាយកូនបាល់ត្រឡប់ទៅកាន់ទីលាននៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនវិញ ក្រោយពីអវត្តមានស្ទើរតែរយៈពេល២០ខែ។
ព្រឹត្តិការណ៍ Futures ដែលផ្តល់ការឈ្នះទឹកប្រាក់ចំនួន១០.០០០ដុល្លារអាមេរិករបស់កម្ពុជាមួយនេះ ដែលត្រូវបានឧបត្ថម្ភទាំងស្រុងដោយទីកន្លែងកម្សាន្ត និងសណ្ឋាគារណាហ្គាវើល គឺជាព្រឹត្តិការណ៍ទី១ក្នុងចំណោមព្រឹត្តិការណ៍ប្រកួតផ្នែកបុរសចំនួនបីបន្តបន្ទាប់គ្នាដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់រយៈពេលបីសប្តាហ៍។
លោក Braen Aneiros គ្រូបង្វឹកនៃក្រុមជម្រើសជាតិ និងជាប្រធានព្រឹត្តិការណ៍ Futures នេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា៖ «ជាទូទៅកីឡាករជម្រើសជាតិរបស់យើងដូចជា ប៊ុន កេននី មុំ បញ្ញារ៉ាបងប្រុសរបស់គេ មុំ ផល្គុន និងកីឡាករវ័យក្មេងជាងគេបំផុត ឡុង សំនៀង សុទ្ធសឹងមានការរំភើប។ នៅពេលជាមួយគ្នានេះ ពួកគេមានការភ័យខ្លាចបន្តិចអំពីរបៀបដែលរយៈពេលបីសប្តាហ៍បន្ទាប់ទៀតនឹងដំណើរការ»។
លោកបានបន្ថែមទៀតថា៖ «កីឡាករដឹងថា ការលេងនៅលើទឹកដីខ្លួនឯងនឹងជួយដល់ស្មារតីរបស់ពួកគេ ប៉ុន្តែវាក៏អាចដាក់សម្ពាធទៅលើទម្រង់លេងផងដែរ ហើយមធ្យោបាយដ៏ល្អបំផុតក្នុងការរត្រៀមលក្ខណៈសម្រាប់យុទ្ធនាការនេះ គឺការហ្វឹកហាត់ដ៏លំបាកជាអ្វីដែលពួកគេចាប់ផ្តើមពីឥឡូវទៅ»។
ការផ្តល់លិខិតអនុញ្ញាតិសម្រាប់ការប្រកួតវគ្គចាប់ឆ្នោតសម្រាប់កីឡាករ៣២នាក់នៅថ្ងៃចន្ទ បានប្រគល់រួចជាស្រេចទៅឲ្យ ប៊ុន កេននីបងប្អូនត្រកូលមុំ។ ចំណែក ឡុង សំនៀង បានទទួលលិខិតអនុញ្ញាតិដើម្បីទៅប្រកួតក្នុងវគ្គជម្រុះជុំទី២ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក។
ការចាប់ឆ្នោតជាផ្លូវការសម្រាប់កីឡាករប្រកួតក្នុងវគ្គជម្រុះ នឹងធ្វើឡើងនៅថ្ងៃនេះ ខណៈការចាប់ឆ្នោតប្រកួតសម្រាប់កីឡាករទាំង៣២នាក់ នឹងត្រូវធ្វើឡើងនៅម៉ោង៤ល្ងាចនៅថ្ងៃអាទិត្យ។
លោក Punit Gupta សញ្ជាតិឥណ្ឌា ដែលជាមន្ត្រីរៀបចំការប្រកួតរបស់ ITF និងដែលជាអ្នកបានដឹកនាំក្រុមមន្ត្រីកាលពីឆ្នាំ២០១១នោះ នៅតែរក្សាជាប្រធានរៀបចំការប្រកួតនេះដដែល។
ចំពោះក្រុមមន្ត្រីអាជ្ញាកណ្តាលទាំង៥ក៏រាប់បញ្ចូលទាំងមន្ត្រីរបស់ ITF ផងដែរដែលរួមមាន លោក Supreeth Kadavigare (សញ្ជាតិឥណ្ឌា) លោក Razmee Rawi (សញ្ជាតិម៉ាឡេស៊ី) លោក Herta Shiro (ឥណ្ឌូនេស៊ី) និងលោក Petrus Widiyanto (ឥណ្ឌូនេស៊ី)។ ចំណែកសមាជិកអាជ្ញាកណ្តាលទី៥គឺលោក Nhan Vo Huynh សញ្ជាតិវៀតណាម ដែលជាអាជ្ញាកណ្តាលជម្រើសជាតិ។ ក្រុមអាជ្ញាកណ្តាលក្នុងស្រុកចំនួន១២ ទៅ១៥នាក់ នឹងទទួលខុសត្រូវក្នុងនាមជាអាជ្ញាកណ្តាលខ្សែបន្ទាត់៕ IS
ភ្នំពេញ ប៉ុស្តិ៍







