ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់កំពតខេស៊ីមេនលើកទីបួនដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែវិច្ឆិកានោះ បានរកឃើញម្ចាស់ជើងឯកជាផ្លូវការហើយកាលពីថ្ងៃសៅរ៍ ដោយពិធីចែករង្វាន់បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាហែលទឹកស្ម័គ្រចិត្តកម្ពុជា។
លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍នាឱកាសនោះថា៖ «នេះគឺជាពេលវេលាដ៏សំខាន់ក្នុងការជំរុញឲ្យក្មេងៗបញ្ចេញសមត្ថភាពនិងទេពកោសល្យរបស់ពួកគេ»។
ការប្រកួតនេះ គឺជាផ្នែកមួយក្នុងការសម្រិតសម្រាំងស្វែងរកកីឡាករ-ការិនីឆ្នើមដើម្បីហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិនាពេលខាងមុខ។
លោក ហែម ថុន អគ្គលេខាធិការនៃសហព័ន្ធកីឡាហែលទឹកស្ម័គ្រចិត្តកម្ពុជា បានមានប្រសាសន៍ថា៖ «គោលបំណងរបស់សហព័ន្ធ និងក្រុមហ៊ុនខេស៊ីមេនគឺដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់កីឡាករ-ការិនី ឲ្យកាន់តែរឹងមាំ ព្រោះថានៅឆ្នាំ២០១៣ ខាងមុខនេះ កម្ពុជានឹងចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសមីយ៉ាន់ម៉ា រួមទាំងការត្រៀមខ្លួននៅក្នុងព្រឹត្តិការណ៍យុវជនអូឡាំពិកឆ្នាំ២០១៤ នៅប្រទេសចិន»។
ចំពោះលទ្ធផលនៃការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល៤ថ្ងៃនៅក្នុងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិកមានដូចខាងក្រោម៖
ការប្រកួតហែលសេរីចម្ងាយ១០០ម៉ែត្រផ្នែកបុរសអាយុលើស១៦ឆ្នាំ លេខមួយបានទៅលើកីឡាករ ម៉ាក់ស៊ីម៉ូហ្វ ចំរើន យូរី មកពីវិទ្យាល័យជម្ពូវ័នលេខពីរបានទៅលើកីឡាករហែម ថុនពន្លឺ មកពីក្លិបគមនាគមន៍ និងចំណាត់ថ្នាក់លេខបី បានទៅលើកីឡាករ ធឿន ថុល មកពីក្លិបអូឡាវីអេស ខេត្តកំពង់ចាម។
សម្រាប់ការប្រកួតក្នុងវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រផ្នែកនារីអាយុលើស១៦ឆ្នាំ លេខមួយបានលើកីឡាការិនី ហែម ថុនវិទិនី មកពីក្លិបគមនាគមន៍ លេខពីរបានលើកីឡាការិនី សេង សម្ផស្ស មកពីវិទ្យាល័យជម្ពូវ័ន និងលេខបី បានលើកីឡាការិនី សុវណ្ណ បុទុមពរ មកពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
រីឯការប្រកួតហែលទឹកសេរីចម្ងាយ១០០ម៉ែត្រផ្នែកជនពិការ លេខមួយបានទៅលើកីឡាករ ឈឹម ទាត់ មកពីវិទ្យាល័យជម្ពូវ័ន លេខពីរបានទៅលើកីឡាករ កន កាន មកពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលេខបី បានទៅលើកីឡាករ សេង គង់ មកពីក្លិបគមនាគមន៍។
ក្រៅពីជ័យលាភីសំខាន់ទាំងនេះ មានលទ្ធផលនៃការប្រកួតជាក្រុមតាមកម្រិតអាយុ និងចម្ងាយផ្សេងៗទៀត៕
ភ្នំពេញ ប៉ុស្តិ៍






