ភ្នំពេញៈ ការបញ្ចេញពន្លឺព្រះអាទិត្យដ៏ក្តៅ បាននាំឲ្យមានការធ្លាក់ចេញដ៏ខកចិត្តមួយដល់កីឡាករវាយកូនបាល់សញ្ជាតិក្រូអាស៊ី Marin Bradaric ដែលមានលេខ២ប្រចាំព្រឹត្តិការណ៍ ចេញពីការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ ITF nagaWorld Futures Championships នៅលើទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិកាលពីថ្ងៃម្សិលមិញ។
កីឡាករជំនាញដៃឆ្វេងរូបនេះ បានរង់ចាំចំពោះការពន្យារពេលរហូតដល់ទៅ១ម៉ោងកន្លះដោយសារតែបញ្ហាភ្លៀងដើម្បីទទួលជ័យជម្នះក្នុងសិតទី១របស់គេក្នុងវគ្គ Tie-Break (ពិន្ទុស្មើ) នៅពេលជួបជាមួយនឹងកីឡាករសញ្ជាតិអូទ្រីស Maximillian Neuchrist ដែលមានលេខ៦ប្រចាំព្រឹត្តិការណ៍។
ពេលចាប់ផ្តើមការប្រកួតក្នុងសិតទី២ កីឡាករលេខ២ប្រចាំព្រឹត្តិការណ៍រូបនេះហាក់បង្ហាញអារម្មណ៍ពីបញ្ហាជាមួយនឹងកម្តៅថ្ងៃ បើទោះបីគេបានបន្តការប្រកួតយ៉ាងក្លាហានក៏ដោយ នៅមុនពេលរងបរាជ័យក្នុងសិតទី២ក្នុងលទ្ធផល ៥-៧។
ប៉ុន្តែនៅពេលឈានដល់សិតទី៣ វាហាក់បានបង្ហាញថា Bradaric ស្ថិតក្នុងសភាពគ្មានកម្លាំងក្នុងការបន្ត ខណៈដែលរូបគេស្ថិតក្នុងសភាពហេវហត់យ៉ាងខ្លាំង។ បន្ទាប់មក Bradaric បានដើរចេញពីទីលានទាំងខកចិត្ត ខណៈដែលរូបគេបានក្លាយជាកីឡាករទី៤ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះដែលបោះបង់ការប្រកួតដោយសារតែបញ្ហាកម្តៅថ្ងៃ។
កីឡាករ Neuchrist ដែលបានខិតខំព្យាយាមយ៉ាងខ្លាំងនៅក្នុងការប្រកួតនោះ នឹងឈានទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវប៉ះជាមួយនឹងកីឡាករសញ្ជាតិអាមេរិក Mico Santiago ដែលបានបញ្ចប់ក្តីសុបិនរបស់កីឡាករKatsushi Fukuda ក្នុងលទ្ធផល ៦-១ និង៦-១។
កីឡាករ Fukuda សញ្ជាតិជប៉ុន វ័យ៣៦ឆ្នាំ ដែលមានរហស្សនាមថា «Samurai Warrior» មិនអាចទប់ទល់នឹងវាយខ្លាំងៗរបស់កីឡាកររបស់សហរដ្ឋអាមេរិកបានឡើយ។
លោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានកត់សម្គាល់ថា៖ «Fukuda មិនអាចរក្សាភាពខ្លាំងដូចកាលពីថ្ងៃពុធ។ ប៉ុន្តែយើងត្រូវតែគោរពការខិតខំរបស់គេ។ គេបានបង្ហាញពីភស្តុតាងទាក់ទងនឹងការសម្រេចចិត្តរបស់យើងក្នុងការផ្តល់លិខិតអនុញ្ញាតិដល់រូបគេ»។
នៅក្នុងការប្រកួតវគ្គ១ភាគ៤នាថ្ងៃដដែលនេះផងដែរ កីឡាករ Axel Michon ដែលមានលេខ៣ប្រចាំព្រឹត្តិការណ៍ បានធ្វើការវាយបកពីការបរាជ័យក្នុងសិតទី១ដើម្បីកត់ត្រានូវជ័យជម្នះក្នុងលទ្ធផល ២-៦ ៧-៥ និង៦-៣ លើកីឡាករសញ្ជាតិបារាំង Antoine Escoffier ដែលមានចំណាត់ថ្នាក់លេខ៦ប្រចាំព្រឹត្តិការណ៍។
កីឡាករប្រើដៃឆ្វេង Axel Michon បានបណ្តោយឲ្យមានការរងបរាជ័យរបស់ខ្លួនយ៉ាងងាយក្នុងសិតទី១ ខណៈដែល Escoffier បានបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅមុនពេលសម្រាកដោយសារតែបញ្ហាភ្លៀង។ នៅពេលដែលកីឡាករទាំងពីរបានត្រឡប់ចូលទីលានវិញ Axel Michon មិនស្ថិតក្នុងសភាពដូចមុនឡើយ។
បន្ទាប់ពីការទទួលជ័យជម្នះរបស់ខ្លួន Axel Michon បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ការសម្រាកពិតជាជួយដល់ខ្ញុំ។ ខ្ញុំបានដើរវិលត្រឡប់ទៅកាន់បន្ទប់សម្រាក។ ធ្វើការតាំងចិត្តរបស់ខ្ញុំ និងបានសម្រេចចិត្តថា ខ្ញុំត្រូវតែលេងឲ្យបានល្អប្រសើរ។ នៅពេលដែលខ្ញុំបានវិលត្រឡប់មកវិញ ខ្ញុំអាចធ្វើបានដូច្នោះ»។
បច្ចុប្បន្នកីឡាករលេខ៣ប្រចាំព្រឹត្តិការណ៍រូបនេះ នឹងជួបប្រកួតជាមួយនឹងកីឡាករសញ្ជាតិនូវែលសេឡង់ Artem Sitak ដែលបានគ្រប់គ្រងទាំងស្រុងលើកីឡាករលេខ៨ Sebestien Boltz របស់បារាំង ដើម្បីទទួលជ័យជម្នះក្នុងលទ្ធផល ៦-១ និង៦-១៕ IS
ភ្នំពេញ ប៉ុស្តិ៍







