ភ្នំពេញៈ ប្រភេទកីឡាដ៏ពេញនិយមនៅប្រទេសជឿនលឿន និងកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើននៅតំបន់អាស៊ី គឺកីឡាយុទ្ធសិល្ប៍ចម្រុះ Mixed Martial Arts(MMA) ដែលគេស្គាល់ជាទូទៅថាជាប្រភេទកីឡាវាយដាក់ទ្រុងនោះ នឹងបើកការប្រកួតសាកល្បងជាលើកដំបូងនៅលើសង្វៀនស៊ីធីអិន នាល្ងាចថ្ងៃពុធនេះ។
មុននឹងឈានដល់បើកឲ្យមានការប្រកួតសាកល្បងនេះ សមាគមកីឡាយុទ្ធសិល្ប៍ចម្រុះកម្ពុជា Cambodia Mixed Martial Arts Association (CMMAA) បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្បាច់គុន ច្បាប់នៃការប្រកួត នឹងលក្ខណៈវិនិច្ឆ័យផ្សេងៗរបស់ចៅក្រម ទាក់ទងទៅនឹងការប្រកួតវាយដាក់ទ្រុងនេះ។
នៅក្នុងសិក្ខាសាលាក្បាច់គុនដ៏កម្រមួយ នៅក្លិបកីឡា K1 ដែលមានអាសយដ្ឋានជិតសាលារៀនទួលស្វាយព្រៃ ខណ្ឌចំការមន កាលពីល្ងាចថ្ងៃចន្ទកន្លងមក គឺមានកីឡាករកម្ពុជាចំនួន១៥នាក់ មកពីក្លិបកីឡាប្រយុទ្ធចំនួន៦ និងកីឡាករបរទេសជាង១០នាក់ភាគច្រើននៅក្នុងក្លិប K1 បានទទួលការបង្ហាត់បង្ហាញខ្លះៗពីរបៀបប្រកួត និងលក្ខខណ្ឌមួយចំនួនទាក់ទងទៅនឹងការប្រកួតនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសមាគមកីឡាយុទ្ធសិល្ប៍ចម្រុះកម្ពុជា និងជាគ្រូឧទ្ទេសនាមពោរពេញទៅដោយបទពិសោធក្នុងវគ្គសិក្ខាសាលានេះ បានពន្យល់ប្រាប់ដល់សិក្ខាកាមឲ្យដឹងថា CMMAA ត្រូវបានរៀបចំឲ្យស្ថិតនៅក្នុងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយលក្ខខណ្ឌមួយចំនួននឹងត្រូវសម្រួលតាមច្បាប់កីឡាជាតិនិងអន្តរជាតិ។
លោកបន្តថា CMMAA មានប្រភពនិងមរតកបានមកពីកីឡាយុទ្ធសិល្ប៍កម្ពុជា ប៉ុន្តែនឹងសម្រួលឲ្យនៅក្នុងការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីតម្រូវសេចក្តីត្រូវការនិងអភិវឌ្ឍន៍ឈានទៅរកការប្រកួតដ៏ពេញនិយម ហើយកីឡាប្រយុទ្ធប្រភេទណាក៏អាចចូលរួមប្រកួតបានដែរ គ្រាន់តែគោរពច្បាប់ និងលក្ខខណ្ឌនៃការប្រកួត ដែលមានចែងទៅបានហើយ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖«គោលបំណងរបស់CMMAA គឺផ្តល់ឲ្យអ្នកចេះក្បាច់គុនគ្រប់ប្រភេទមានឱកាសដកស្រង់ផ្លាស់ប្តូរបទពិសោធគ្នា និងធ្វើឲ្យអ្នកគុននិយមមានស្មារតីស្រឡាញ់រាប់អានសាមគ្គីគ្នាស្របតាមទស្សនវិជ្ជាកីឡាសាមគ្គីភាពមិត្តភាពភាតរភាពរវាងមនុស្សជាតិនៅលើសកលលោក។ បន្ថែមលើនេះ វាក៏បានផ្តល់ឱកាសឲ្យអ្នកគុននិយមបង្កើនសមត្ថភាព លើវិជ្ជាជីវៈនិងជំនាញរបស់ខ្លួនផងដែរ ហើយនៅខែក្រោយ យើងនឹងមានសិក្ខាសាលាក្បាច់គុនរបៀបនេះរយៈពេលវែងក្រោមការជួយឧបត្ថម្ភជាដៃគូជាមួយបណ្តាញទូរទស្សន៍ស៊ីធីអិន»។
ចំណែកលោក ហុក ឈាងគីម លេខាធិការនៃ CMMAA បានប្រាប់ឲ្យដឹងកាលពីម្សិលមិញដែរថា៖«បន្ទាប់ពីសិក្ខាសាលារយៈពេលពីរថ្ងៃនេះបានបញ្ចប់ គឺនៅថ្ងៃពុធទី២៦ ខែធ្នូ វេលាម៉ោង៤ល្ងាច នឹងមានការប្រកួតចំនួន៥គូនៅស៊ីធីអិន ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសរបស់កីឡាករ ដែលបានស្ម័គ្រចិត្តចូលមកហ្វឹកហាត់និងប្រកួត»។
ការប្រកួតនេះគូទី១គឺប្រកួតក្នុងទម្ងន់៦០គ.ក្រ រវាងកីឡាករ ឈុត ឈុនលី របស់ក្លិបឃ្លាំងមឿង និង អ៊ូ តារា ក្លិបអង្គររាជ។ គូទី២ ឈិន ក្វាន់ង៉ុយ មកពីក្លិបមកុដរាជ ប្រកួតក្នុងទម្ងន់៦៥គ.ក្រ ជាមួយ Derrek Bidaut ក្លិបអង្គររាជ។ គូទី៣ ទន់ សេរី ក្លិបអង្គររាជ ប្រកួតជាមួយ មហា រាជ មកពីក្លិបដំបងដែកគិរីសុវណ្ណវន័ន្ន ក្នុងទម្ងន់៦៥គ.ក្រ រីឯគូទី៤ សុខ ស្រីណុចក្លិបដំបងដែកគិរីសុវណ្ណវន័ន្ន ជួប សុខ សុវណ្ណដែន ក្លិបបុរីកំពត ក្នុងទម្ងន់៦៥គ.ក្រ ហើយគូទី៥ចុងក្រោយគឺកីឡាករចំបាប់ ចាប លឿន ក្លិបវិហារសួគ៌ ត្រូវប្រកួតក្នុងទម្ងន់៨០គ.ក្រជាមួយ យ៉ាំង បុរី មកពីក្លិបបុរីកំពត។
ចំណែកឯលោក David Minetti នាយកបច្ចេកទេសមកពីក្លិប K1 បានបង្ហាញថា កីឡាប្រភេទប្រយុទ្ធនេះ គេបានបែងចែកជា៨ប្រភេទទម្ងន់ចាប់ពី៥២ដល់១២០គីឡូក្រាម ដែលមានឈ្មោះត្រឹមត្រូវ គឺទម្ងន់រុយ ទម្ងន់មាន់ ទម្ងន់ស្លាប ទម្ងន់ស្រាល ទម្ងន់ស្រាលមធ្យម ទម្ងន់មធ្យម ទម្ងន់ស្រាលលើមធ្យម ទម្ងន់លើមធ្យមទម្ងន់ធ្ងន់។
លោក Minettin David បញ្ជាក់ថា គណៈកម្មការបច្ចេកទេសក្នុងពេលប្រកួតរបស់កីឡាMMAនេះមានពីរផ្នែក។ ទី១ អ្នកនៅក្រៅសង្វៀនគឺមានគ្រូពេទ្យ២នាក់ សម្រាប់ត្រួតពិនិត្យតាមដានកីឡាករតាមលក្ខខ័ណ្ឌ៤ចំណុចមុនឡើងសង្វៀន និងមានចៅក្រមវិនិច្ឆ័យចំនួន៣នាក់ព្រមទាំងលេខាតុម្នាក់ទៀតធ្វើកំណត់ហេតុគ្រប់អ្វីៗ ដែលកើតមានឡើងក្នុងពេលប្រកួត ហើយទី២អ្នកនៅក្នុងសង្វៀនគឺមានអាជ្ញាកណ្តាលនៅក្នុងសង្វៀនម្នាក់និងកីឡាករ២នាក់។
លោកបញ្ជាក់ទៀតថា៖«ចំពោះបែបផែននៃការប្រកួត ត្រូវបានចែងយ៉ាងច្បាស់លាស់គឺមានក្បាច់ប្រយុទ្ធស្របច្បាប់ ហើយក្បាច់ដែលឲ្យប្រើក្នុងពេលប្រកួតមាន ដាល់ តប់ ទះ ខោក ដោយប្រើកណ្តាប់ដៃឬកដៃ ទាត់ ធាក់ អុក ដោយប្រើកែង ជង្គង់ ជើង ព្រមទាំង បោក គាប ឃ្នាប រឹត កាច់សន្លាក់។ ចំណែកក្បាច់ហាមមិនឲ្យប្រើមាន ពុះកែងពីលើក្បាល ប្រើម្រាមដៃខ្ញាំ ខ្វេះ ក្តិច បុក រុកចំណុចខ្សោយគូប្រកួត វាយ និងពុះកែងផ្នែកខាងក្រោយឆ្អឹងខ្នងនិងហាមទាត់ឬធាក់ចំមុខក្បាលគូប្រកួត នៅពេលគូប្រកួតដួលបាត់បង់លទ្ធភាពតដៃ»។
ទាក់ទងនិងការវិនិច្ឆ័យនៃការប្រកួតលោក Minettin David បានធ្វើពន្យល់ថាការសុំចុះចាញ់របស់កីឡាករមាន ពេលទះកម្រាលរន្ថើន ទះខ្លួនគូប្រកួតរន្ថើន ទន្ទ្រាំជើងរន្ថើន ឬស្រែកសុំចុះចាញ់ រីឯការបោះបង់ការប្រកួតដោយ សន្លប់ វង្វេងស្មារតីឬរបួសធ្ងន់ គ្រូពេទ្យបញ្ឈប់កីឡាករនោះដោយចាត់ទុកថាគេអសមត្ថភាព(TKO)។
លោកបានសង្កត់ធ្ងន់ថា៖«ការវិនិច្ឆ័យផ្តល់ឲ្យកីឡាករឈ្នះឬចាញ់មាន៣របៀប។ ទីមួយ ឈ្នះដោយឯកច្ឆ័ន្ទ គឺចៅក្រុមទាំង៣នាក់ឲ្យកីឡាករAឈ្នះដូចគ្នា ទី២ឈ្នះដោយឧត្តមភាព គឺចៅក្រម២នាក់ឲ្យកីឡាករAឈ្នះ តែចៅក្រមម្នាក់ទៀតឲ្យស្មើ រីឯទី៣ឈ្នះដោយការទូទាត់ពិន្ទុ គឺចៅក្រម២នាក់ឲ្យកីឡាករAឈ្នះ ប៉ុន្តែចៅក្រមម្នាក់ទៀតឲ្យកីឡាករBឈ្នះ ហើយការផ្តល់ពិន្ទុរបស់ចៅក្រមនោះគឺអ្នកឈ្នះទទួលបាន១០ពិន្ទុ និងអ្នកចាញ់ទទួលបាន៩ឬ៨ពិន្ទុទៅតាមស្ថានភាពជាក់ស្តែង»៕
ភ្នំពេញ ប៉ុស្តិ៍






