ក្រុង ញូវយ៉ក: Budokon (ប៊ូដូខុន) ដែលជាកម្មវិធីលំហាត់ប្រាណដែលត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសអាមេរិកនៅសតវត្សរ៍ទី២១នេះ ជាកីឡាច្របាច់បញ្ចូលគ្នារវាងការអនុវត្តលំហាត់ប្រាណផ្នែករាងកាយ និងស្មារតីនៃកីឡា Yoga (យូហ្គា) និងសិល្បៈក្បាច់គុនបុរាណឲ្យក្លាយទៅជាកម្មវិធីមួយដែលមានបំណងផ្តល់ឲ្យអ្នកដែលប្រតិបត្តិតាមជាមួយនឹងរាងកាយរឹងមាំ ស្មារតីល្អ និងការបំពាក់ប្រភេទនៃខ្សែក្រវាត់ដូចកីឡាការ៉ាតេដូដែរ។
លោកស្រី Mimi Rieger ដែលជាគ្រូបង្រៀនលំហាត់ប្រាណប្រភេទកីឡាមិនមែនបុរាណពេកមួយនេះនៅមជ្ឈមណ្ឌលកាយសម្ព័ន្ធ ស្ទូឌីយ៉ូ និងនៅក្នុងកន្លែងសិក្ខាសាលាផ្សេងៗក្នុងទីក្រុង Washington, DC នោះ បាននិយាយថា៖ «Budokon គឺជាកីឡាយូហ្គាមួយ ជាសិល្បៈក្បាច់គុន និងជាការអនុវត្តដែលធ្វើឲ្យការគិតពិចារណាស្ថិតក្នុងភាពត្រឹមត្រូវល្អប្រសើរ»។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ទៅលើការអនុវត្តនៃកីឡាយូហ្គាដែលមានអាយុ៣ពាន់ឆ្នាំមួយនេះបើគិតចាប់តាំងពីឆ្នាំ២០០៣ លោកស្រី Rieger ដែលជាអ្នកបង្កើតមជ្ឈមណ្ឌលកាយសម្ព័ន្ធ Pure Fitness DC នោះ គឺជាគ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូបង្រៀនប្រមាណជា៤០០នាក់ទូទាំងពិភពលោកដែលត្រូវបានទទួលការហ្វឹកហាត់ទៅលើកីឡា Budokon ដែលជាប្រភេទលំហាត់ប្រាណមិនធ្លាប់មានពីមុនមកឡើយនៅមុនឆ្នាំ២០០២។
បើទោះបីមានការអនុវត្តជាច្រើននៅក្នុងសហរដ្ឋអាមេរិក លោកស្រី Rieger បាននិយាយថា លោកស្រីនឹងបង្រៀនកីឡា Budokonនេះនៅក្នុងប្រទេសតួកគី ដាណឺម៉ាក និងប្រទេសស៊ុយអែតនៅឆ្នាំក្រោយ ហើយសិក្ខាសាលាផ្សេងៗក៏នឹងត្រូវគ្រោងរៀបចំនៅក្នុងទីក្រុងឡុងដ៍ ក្នុងប្រទេសអាល្លឺម៉ង់ កូរ៉េ និងប្រទេសជប៉ុនផងដែរ។
លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា កីឡាប្រភេទកូនកាត់នេះ នឹងផ្តល់ឲ្យសិស្សនូវភាពខ្លាំងក្លា និងលំហាត់ប្រាណពេញរាងកាយ ខណៈដែលវាជាប្រភេទកីឡាច្របាច់បញ្ចូលគ្នារវាងមូលដ្ឋាននៃចលនាសិល្បៈក្បាច់គុនរួមជាមួយនឹងភាពលំនឹងនៃកីឡាយូហ្គា។
លោកស្រី Rieger ដែលស្ថិតក្នុងចំណោមស្ត្រីក្នុងការទទួលបានខ្សែក្រវាត់ពណ៌ត្នោតក្នុងខ្សែក្រវាត់ទាំង៦របស់កីឡា Budokon ដោយរួមមានពណ៌ស ក្រហម ខៀវ ស្វាយ ត្នោត និងពណ៌ខ្មៅនោះ បានឲ្យដឹងថា៖ «វាហាក់ដូចជាកីឡាពីរប្រភេទបញ្ចូលគ្នាអ៊ីចឹងដែរ»។
Budokon ដែលជាឈ្មោះជាភាសាជប៉ុនតំណាងឲ្យ «ផ្លូវនៃស្មារតីអ្នកប្រយុទ្ធ» នោះ បានចាប់ផ្តើមក្នុងឆ្នាំ២០០០ ក្នុងនាមជាគំនិតច្នៃប្រឌិតរបស់លោក Cameron Shayne ដែលជាអ្នកជំនាញផ្នែកសិល្បៈក្បាច់គុន និងជាអ្នកស្រឡាញ់កីឡាយូហ្គាដែលមានដើមកំណើតមកពីទីក្រុង Charlotte រដ្ឋ North Carolina។
លោកកំពុងតែសម្លឹងរកនូវដំណោះស្រាយលើបញ្ហាដ៏លំបាកមួយដែលត្រូវបានប្រឈមមុខក្នុងការអនុវត្តលំហាត់ប្រាណផ្ទាល់ខ្លួនរបស់លោក។
លោក Shayne ដែលជាអ្នកបង្កើតសាកលវិទ្យាល័យ Budokon ក្នុងទីក្រុង Miami រដ្ឋ Florida បានមានប្រសាសន៍ថា៖ «តាមរយៈសិល្បៈក្បាច់គុនដែលខ្ញុំធ្លាប់មានបទពិសោធទៅលើផ្នែកការគិតពិចារណា ទាំងកីឡាយូហ្គា និងសិល្បៈក្បាច់គុនសុទ្ធសឹងចែករំលែកនូវការផ្តល់ផលសងមកវិញផ្ទាល់ខ្លួន ប៉ុន្តែទោះបីជាយ៉ាណា កីឡាទាំងពីរសុទ្ធសឹងផ្តល់នូវផលអាក្រក់ដូចគ្នាទៅលើការធ្វើលំហាត់ប្រាណតាមបែបតំបន់ខាងលិច»។
វគ្គហ្វឹកហាត់កីឡា Budokon មួយ ចាប់ផ្តើមជាមួយនឹងការហ្វឹកហាត់កីឡាយូហ្គាក្រោមពន្លឺព្រះអាទិត្យរយៈពេល២០នាទី ខណៈដែលលោក Shayne បាននិយាយថា វាជាការ «ធ្វើឲ្យភ្លឺ និងការបើកចំហលើរាងកាយ» បន្ទាប់មកអនុវត្តដូចជាការហាត់សិល្បៈក្បាច់គុនមួយ ដែលមានចលនាដូចជាការរាំ។ នៅក្នុងដំណាក់កាលចុងក្រោយគឺការណែនាំធ្វើឲ្យមានស្មារតីគិតពិចារណាល្អ។
លោក Shayne ដែលបានបង្ហើបថា ចលនាផ្សេងៗមានលក្ខណៈដូចជាញ័រនោះ បាននិយាយបន្ថែមថា៖ «វាគ្មាននូវការរាប់ពីដង្ហើមឡើយ ព្រោះយើងមិនបានឈប់ឡើយ។ អ្នកអង្កេតនឹងកត់សម្គាល់នូវសំឡេងផ្សេងៗដូចជាកីឡាតៃជិ។ កីឡាយូហ្គាសម័យទំនើបអាចនឹងមានចលនាចុះឡើងគ្រប់ជ្រុងទាំងអស់។ ស៊េរីជាបឋមរបស់យើងគឺជាធ្វើជារង្វង់មូល ដែលជាដំណើរអនុវត្តផ្លាស់ប្តូរជាបន្តបន្ទាប់»៕ IS
ភ្នំពេញ ប៉ុស្តិ៍







