ភ្នំពេញ: នៅក្នុងចំណោមកីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ស្វាយ រដ្ឋា បានក្លាយជាកីឡាកររបស់កម្ពុជាតែម្នាក់គត់ ដែលអាចរក្សាការដណ្តើមបានមេដាយសំរឹទ្ធចំនួន២លើកជាប់ៗគ្នា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៥ និងលើកទី២៦នាពេលកន្លងមក ប៉ុន្តែមកដល់ពេលនេះ ស្វាយ រដ្ឋា បានឃ្លាតឆ្ងាយពីសង្វៀនប្រដាល់ជាង១ឆ្នាំហើយ។
អ្នកជំនាញប្រើកណ្តាប់ដៃឆ្វេង ស្វាយ រដ្ឋា បានឈប់សម្រាកពីអាជីពជាអ្នកប្រដាល់ កាលពីចុងឆ្នាំ២០១១ បន្ទាប់ពីរូបគេវិលត្រឡប់មកពីប្រកួតស៊ីហ្គេមលើកទី២៦នៅប្រទេសឥណ្ឌូនេស៊ី ហើយនៅពេលនេះរូបគេបាននិងកំពុងប្រើដៃជើងដ៏រឹងមាំ ដែលកើតចេញពីការហ្វឹកហាត់រយៈពេលជាង១០ឆ្នាំរបស់គេ ធ្វើការងារជាអ្នកដាំដំឡូង នៅឯខេត្តកំពង់ធំជាមួយមីងរបស់ខ្លួន ដើម្បីស្វែងរកប្រាក់កម្រៃផ្គត់ផ្គង់ប្រពន្ធ និងកូនប្រុសដែលទើបចាប់កំណើតបានជាង១ខែរបស់គេ។
តែទោះបីជាយ៉ាងណា ការផ្ញើខ្លួនជាអ្នកដាំដំឡូងជាមួយផ្ទៃដីជាង២០ហិកតានោះ មិនមែនជាមុខរបរពិតប្រាកដ ឬជាទិសដៅសំខាន់សម្រាប់ការរកប្រាក់រយៈពេលយូរមកចិញ្ចឹមជីវិតនៃគ្រួសារដ៏ថ្មោងថ្មី ដែលទើបមានកំណើតជាង១ឆ្នាំរបស់ ស្វាយ រដ្ឋា នោះទេ ព្រោះចិត្តគំនិតរបស់ ស្វាយ រដ្ឋា មិនអាចកាត់ផ្តាច់ចេញពីការបង្ហូរញើសឈាមស្រស់ៗ នៅលើសង្វៀនប្រដាល់នោះឡើយ។
បុរសវ័យ២៧ឆ្នាំ មានដើមកំណើតនៅខេត្តបាត់ដំបង ស្វាយ រដ្ឋា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទកាលពីព្រឹកម្សិលមិញថា៖«ខ្ញុំសុំគេសម្រាករយៈពេល១ឆ្នាំ ព្រោះមានការងាររវល់ មិនមែនខ្ញុំឈប់ប្រដាល់រហូតនោះទេ ហើយខ្ញុំនឹងវិលទៅហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិវិញ នៅពេលគេប្រមូលផ្តុំហ្វឹកហាត់ ក្នុងអំឡុងខែមីនានាឆ្នាំ២០១៣ខាងមុខនេះ»។
កើតក្នុងត្រកូលកសិករ ដែលមានបងប្អូនប្រុសស្រី៨នាក់ រស់នៅក្រោមការចិញ្ចឹមបីបាច់ថែរក្សារបស់លោកឪពុក ស្វាយ ធឿន និងអ្នកម្តាយ ហ៊ុន គឹមហូ នៅលើទឹកដីនៃស្រុករតនមណ្ឌលខេត្តបាត់ដំបង ស្វាយ រដ្ឋា ដែលបានទទួលការបណ្តុះបណ្តាលក្បាច់គុនបុរាណខ្មែរពីបងប្រុសធំរបស់ខ្លួន ស្វាយ រិទ្ធី តាំងពីនៅក្មេងនោះ បានសម្រេចបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៦ រួចបានធ្វើដំណើរមកផ្សងព្រេងជាអ្នកប្រដាល់គ្មានគោលដៅនៅភ្នំពេញ។
ដោយមានការណែនាំពីអតីតកីឡាករប្រដាល់ជើងចាស់ ភិន សុផល ដែលជាមិត្តភក្តិរបស់ ស្វាយ រិទ្ធី បានធ្វើឲ្យក្មេងប្រុសដែលទើបមានអាយុ១៧ឆ្នាំ ស្វាយ រដ្ឋា បានចូលហ្វឹកហាត់នៅក្នុងក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅឆ្នាំ២០០៣ ហើយអត្តចរិតដ៏ស្លូតបូតរបស់គេបានធ្វើឲ្យគ្រូបង្វឹកប្រចាំក្លិបគឺលោក វ៉ែន សុផល បានយកគេធ្វើជាកូនចិញ្ចឹម ព្រមទាំងផ្តល់ការជ្រោមជ្រែងគ្រប់បែបយ៉ាងចំពោះរដ្ឋា។
ការបោះជំហានជាន់សង្វៀនប្រដាល់រយៈពេលជាង១ឆ្នាំ ស្វាយ រដ្ឋា ហាក់មិនបានធ្វើឲ្យខ្លួនឯងមានភាពល្អប្រសើរនោះទេ ខណៈការប្រកួតក្បាច់សេរីរបស់គេទទួលលទ្ធផលចាញ់ច្រើនជាងឈ្នះនោះ។ ភាពល្វីងជូរចត់នេះ បានបង្ខំឲ្យអ្នកប្រដាល់ជំនាញខាងម៉ាត់ម្នាក់នេះ ផ្លាស់ប្តូរពីការប្រកួតសេរី មកប្រកួតសកលវិញម្តង។
ក្រោមការបង្ហាត់បង្ហាញបន្ថែមពីលោក វ៉ែន សុផល បានជំរុញឲ្យ ស្វាយ រដ្ឋា ក្លាយជាកីឡាករជើងខ្លាំងម្នាក់ផ្នែកប្រដាល់សកល ដោយរូបគេបានឈ្នះជើងឯករៀងរាល់ការប្រកួតកីឡាប្រដាល់(សកល)ជ្រើសរើសជើងឯកប្រចាំឆ្នាំ។ ជ័យជម្នះនេះ ស្វាយ រដ្ឋា ត្រូវបានគេជ្រើសរើសឲ្យចូលហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិ ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់ឆ្នាំ២០១១។
ស្វាយ រដ្ឋា បាននិយាយថា៖«កាលពីដំបូងឡើយខ្ញុំជាអ្នកប្រដាល់សេរីម្នាក់ ប៉ុន្តែខ្ញុំប្រកួតចាញ់ច្រើនពេក ទើបខ្ញុំប្តូរមកប្រកួតសកលវិញនៅក្នុងឆ្នាំ២០០៤ ហើយចាប់តាំងពីការប្រកួតកីឡាប្រដាល់(សកល)ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០០៥ មកដល់ឆ្នាំ២០១១ ខ្ញុំបានគ្រប់គ្រងជើងឯករហូត»។
នៅក្នុងរយៈពេលហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិនោះ ស្វាយ រដ្ឋា ត្រូវបានបញ្ជូនឲ្យទៅប្រកួតនៅក្រៅប្រទេសជាបន្តបន្ទាប់ ប៉ុន្តែការប្រកួតដែលធ្វើឲ្យពិភពលោកស្គាល់រូបគេកាន់តែច្បាស់នោះគឺការប្រកួតកីឡាស៊ីហ្គេមលើកទី២៥ នាឆ្នាំ២០០៩ នៅប្រទេសឡាវ និងស៊ីហ្គេមលើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១១កន្លងមកនេះ ដោយរូបគេបានឈ្នះមេដាយសំរឹទ្ធជាប់ៗគ្នា។
ទោះបីជាយ៉ាងណា ការឃ្លាតឆ្ងាយពីសង្វៀនប្រដាល់ អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ស្វាយ រដ្ឋា មិនមានពេលបានរំឭកឡើងវិញនូវវិជ្ជាគុន និងល្បិចប្រកួតដែលខ្លួនធ្លាប់បានឆ្លងកាត់យ៉ាងលំបាករយៈពេលជាង១០ឆ្នាំនោះឡើយ ដោយរូបគេមានការមមាញឹកខ្លាំងពេកទៅលើការដាំដំឡូងមី និងការចំណាយពេលធ្វើដំណើរពីខេត្តកំពង់ធំ មកមើលប្រពន្ធកូនខ្ចី នៅផ្ទះម្តាយក្មេកនៅឯខេត្តកំពង់ចាម។
អ្នកប្រដាល់ទម្ងន់៦៥គីឡូក្រាម រដ្ឋា បានត្អូញត្អែរថា៖«បងអើយ! សមត្ថភាពរបស់ខ្ញុំនៅពេលនេះ មិនដូចមុននោះទេ ព្រោះតាំងតែពីសុំឈប់សម្រាកពីក្រុមជម្រើសជាតិ នៅចុងឆ្នាំ២០១១រហូតមកដល់ពេលនេះ ខ្ញុំមិនដែលបានហាត់ ឬឡើងប្រកួតនៅកន្លែងណាឡើយព្រោះខ្ញុំរវល់ខ្លាំងពេក»។
តែទោះបីជាយ៉ាងណា ស្វាយ រដ្ឋា បានប្តេជ្ញាថា៖«នៅពេលខ្ញុំវិលត្រឡប់ទៅហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិវិញ ខ្ញុំនឹងព្យាយាមហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្ញុំឡើងវិញ។ ខ្ញុំចង់ឈ្នះមេដាយជាបន្តទៀត ក្នុងការប្រកួតស៊ីហ្គេម នៅមីយ៉ាន់ម៉ា នាឆ្នាំ២០១៣ខាងមុខ ហើយខ្ញុំនឹងនៅតែចាប់យកអាជីពជាអ្នកប្រដាល់ ដរាបណាខ្ញុំទៅមុខលែងរួច ព្រោះខ្ញុំចង់សាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យកីឡាប្រដាល់ និងចង់ទទួលបានប្រាក់កាសពីការឈ្នះមេដាយរបស់ខ្ញុំ យកទៅផ្គត់ផ្គង់ប្រពន្ធ និងកូនរបស់ខ្ញុំ»៕
ភ្នំពេញ ប៉ុស្តិ៍








