ក្រុងណៃរូប៊ី: ប៉ូលិសកេនយ៉ាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលបានវាយប្រហារជនជាតិភាគតិចសូម៉ាលីនៅក្នុងខណ្ឌណៃរូប៊ីដែលគេហៅថាក្រុង«មូហ្គាឌីស៊ូតូច»កាលពីថ្ងៃចន្ទដោយគប់ដុំថ្មនិងវាយកម្ទេចបង្អួចបន្ទាប់ពីការវាយប្រហារដោយ គ្រាប់បែកកាលពីចុងសប្ដាហ៍នៅទីនោះបានសម្លាប់មនុស្ស៩នាក់។
អំពើហិង្សានេះ បានកើតឡើងជួនពេលគ្នានឹងការចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតទូទៅនៅខែមីនាដោយបន្ថែមលើកង្វល់សន្តិសុខនៅមុនពេលការបោះឆ្នោតជាតិដំបូងតាំងពីឆ្នាំ២០០៧ដែលជម្លោះមួយ អំពីលទ្ធផលឆ្នោតបានបញ្ឆេះការសម្លាប់ជនជាតិភាគតិច ដែលបានសម្លាប់មនុស្សជាង១២០០នាក់និងបង្ខំឲ្យមនុស្សប្រមាណ៣០ម៉ឺននាក់ចាកចេញពីផ្ទះពួកគេ។
ហ្វូងមនុស្សមានកំហឹងបានទម្លាយចូលក្នុងផ្ទះនិងហាងរបស់ពលរដ្ឋសូម៉ាលីនានា ដោយសារកំហឹងចំពោះការវាយប្រហារពីថ្ងៃអាទិត្យលើរថយន្តមីនីបឺសមួយដែលសម្លាប់មនុស្សយ៉ាងតិច៩នាក់នៅក្នុងខណ្ឌអ៊ីសឡេកក្នុងក្រុងណៃរូប៊ីសម្បូរដោយពលរដ្ឋកេនយ៉ាសូម៉ាលីនិងបងប្អូនជនជាតិភាគតិចពួកគេដែលបានរត់គេចពីការប្រយុទ្ធគ្នានៅសូម៉ាលី។
ជនជាតិភាគតិចសូម៉ាលីដែលអ្នកខ្លះកាន់កាំបិតផ្គាក់បានប្រយុទ្ធតបវិញនិងបានគប់ដុំថ្មដាក់ក្រុមអ្នកវាយប្រហារខ្លួនដែលបានឆ្លើយតបដោយការបាញ់ចម្ពាមនិងដុំថ្ម។ ប៉ូលិសប៉ារ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេដែលកំពុងប្រយុទ្ធ ចេញពីគ្នា។
ដោយចង្អុលទៅផ្លូវដែលត្រូវបានបង្កើតជាព្រំដែនរវាងសហគមន៍ពីរមេបញ្ជាការប៉ូលិសតំបន់ណៃរូប៊ីលោក ម៉ូសេសអុំបាទីបានថ្លែងថា៖ «យើងកំពុងព្យាយាមបង្កើតតំបន់ទ្រនាប់មួយកុំឲ្យពួកគេឆ្លងកាត់»៕ PN
ភ្នំពេញ ប៉ុស្តិ៍







