ក្រុងហាណូយៈទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាម ប្តេជ្ញាទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានភេរវករស្របតាមអនុសាសន៍ និងការប្តេជ្ញាចិត្តអន្តរជាតិ ជាពិសេសអនុសាសន៍របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ និងអាស៊ីប៉ាស៊ីហ្វិកទទួលបន្ទុកការលាងលុយកខ្វក់(APG)។
លោកឧបនាយករដ្ឋមន្រ្តីវូវ៉ាន់និញ បានបញ្ជាក់ដូច្នេះនៅឯសិក្ខាសាលាAPG Typologiesដែលបានបើកនៅក្រុងហាណូយពីថ្ងៃទី១៩ វិច្ឆិកា។
លោកនិញ បានថ្លែងថា វៀតណាម នឹងអនុវត្តវិធានការនោះដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានភេរវកម្មដែលរួមមានការបង្កើត និងការបង្ហើយក្របខ័ណ្ឌច្បាប់ទៅតាមស្តង់ដារអន្តរជាតិ។
មុនពេលចូល APG វៀតណាម បានចេញក្រឹត្យមួយស្តីពីការប្រឆាំងការលាងលុយកខ្វក់។ ចាប់តាំងពីខែឧសភា ឆ្នាំ២០០៧ នៅពេលវៀតណាម ចូលរួមជាមួយក្រុមការងារនេះប្រទេសនេះ បានចាត់ទុកការលាងលុយកខ្វក់ និងសកម្មភាពផ្តល់ហិរញ្ញប្បទានភេរវកម្មជារឿងព្រហ្មទណ្ឌដោយដាក់បញ្ចូលវាក្នុងច្បាប់ព្រហ្មទណ្ឌផងដែរ។ លោកនាយករដ្ឋមន្រ្តី បាននិយាយថា កាលពីខែមិថុនា ឆ្នាំ២០១២ សភាជាតិ បានអនុម័តច្បាប់ស្តីពីការប្រឆាំងការលាងលុយកខ្វក់ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ខែមករា ឆ្នាំ២០១៣។
នាយកប្រតិបត្តិAPG លោក ដេវីដ សានណុនបានថ្លែងថា APG គាំទ្រសមាជិករបស់ខ្លួន«ក្នុងការប្រមាញ់»លុយនៅពីក្រោយក្រុមឧក្រិដ្ឋជនដើម្បីកាត់បន្ថយផលប៉ះពាល់របស់វាលើសេដ្ឋកិច្ច និងសង្គម។
លោក បានបញ្ជាក់ថា សិក្ខាសាលាឆ្នាំនេះ គឺធ្វើឡើងក្នុងបំណងបង្រួប បង្រួមប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋជន និងភេរវកម្មគ្រប់ប្រភេទ។
ថ្លែងទៅកាន់សិក្ខាសាលាទេសាភិបាលធនាគាររដ្ឋវៀតណាមលោកង្វៀន វ៉ាន់ប៊ិញBinh បានថ្លែងថាការលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម គឺជាបញ្ហាដែលគំរាមកំហែងតម្លាភាពនៃប្រព័ន្ធហិរញ្ញវត្ថុទូទាំងពិភពលោក។ គេត្រូវតែសិក្សា ពីការលាងលុយកខ្វក់ និងវិធីផ្តល់ហិរញ្ញវត្ថុដល់ភេរវករ និងធ្វើឲ្យគោលនយោបាយហិរញ្ញវត្ថុប្រយុទ្ធនឹងក្រុមឧក្រិដ្ឋជនប្រភេទទាំងនេះ៕ NR
ភ្នំពេញ ប៉ុស្តិ៍







