ក្រុងអ៊ិស្លាម៉ាបាដៈ តុលាការមួយនៅប៉ាគីស្ថានកាលពីថ្ងៃអង្គារ បានលុបចោលនូវរឿងក្តីប្រមាថសាសនាអ៊ិស្លាមចម្រូងចម្រាសមួយប្រឆាំងក្មេងស្រីសាសនិកម្នាក់ដែលត្រូវចោទប្រកាន់ដោយអ្នកជិតខាងនាងថាបានដុតគម្ពីរធម៌«គួរអាន»ជាច្រើនទំព័រ។
ក្មេងស្រីដែលគេស្គាល់ថា រីមសា និងមានវ័យ១៤ឆ្នាំ ត្រូវបានគេឃុំខ្លួនក្នុងពន្ធនាគារដែលមានសន្តិសុខតឹងរ៉ឹងកាលពីខែកក្កដាដោយញ៉ាំងឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីអន្តរជាតិ។
ការចាប់ខ្លួននាង បានកើតមានបន្ទាប់ពីការចោទប្រកាន់ជាច្រើនរបស់បព្វជិតមូស្លីមដែលពេលនេះកំពុងប្រឈមមុខនឹងរឿងក្តីមួយដែលតាមចោទប្រកាន់ថា បានប្រឌិតភស្តុតាង។
មេធាវីរបស់នាងរីមសា បាននិយាយថារឿងក្តីនេះ គឺជាការយល់ច្រឡំខាងច្បាប់។ គ្រួសាររបស់នាង ទទួលការគំរាមកំហែងជីវិតហើយក៏បានលាក់ខ្លួន។
បន្ទាប់ពីការស្រែកតវ៉ាជុំវិញរឿងក្តីនេះ នាងរីមសា ដែលក្រុមវេជ្ជបណ្ឌិតបាននិយាយថា ក្មេងស្រីមានស្មារតីក្មេងជាងវ័យ១៤ឆ្នាំត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយមានបង់ប្រាក់ធានាជាទង្វើដ៏កម្រមួយក្នុងរឿងក្តីប្រមាថ។
អ្នកយកព័ត៌មាននៃទូរទស្សន៍ប៊ីប៊ីស៊ី ក្នុងក្រុងអ៊ិស្លាម៉ាបាដ បាន និយាយថា ករណីប្រឆាំងនឹងបព្វជិតមូស្លីមដែលគេចោទថាបានទម្លាក់កំហុសលើក្មេងស្រីនោះ នឹងដំណើរការ។ លោក នឹងត្រូវគេជំនុំជម្រះពីបទបង្កើតការចោទប្រកាន់មិនពិត។
ពុំមានការឆ្លើយតបណាមួយពីនាងរីមសា ឬគ្រួសាររបស់នាងនៅឡើយទេ។ ពួកគេ នៅតែកំពុងលាក់ខ្លួន។
សមាជិកសាសនាគ្រិស្តតែម្នាក់គត់នៅក្នុងគណៈរដ្ឋមន្រ្តីសហព័ន្ធរបស់ប៉ាគីស្ថានលោក ប៉ូល ផាទី បានបញ្ជាក់ថា រឿងក្តីនេះ ត្រូវលុបចោលដោយតុលាការកំពូលនៅរដ្ឋធានីអ៊ិស្លាម៉ាបាដ។ លោក បន្តថា៖«ខ្ញុំសូមស្វាគមន៍បញ្ជានេះ។ យុត្តិធម៌ពិតជាមាន ហើយច្បាប់ប្រទេសនេះ ត្រូវបានប្រកាន់ដោយតុលាការ»៕ NR
ភ្នំពេញ ប៉ុស្តិ៍







