Headlines:

អ.ស.ប.ថ្កោល​ទោស​ក្រុម​ឧទ្ទាម​កុង​ហ្គោ​ដែល​ចូល​កាន់​កាប់​ក្រុង​ហ្គូម៉ា



121122_18d
កង​ទ័ព​បដិ​វត្តន៍​កុង​ហ្គោ M23 ឈរ​ការពារអគារក្នុង​ក្រុង​ហ្គូ​ម៉ា។ Reuters

ក្រុង​ញូវ​យ៉ក/ហ្គូ​ម៉ាៈ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​ថ្កោល​ទោស​ក្រុម​ឧទ្ទាម M23​នៅ​ភាគ​ខាង​កើត​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ​កាល​ពី​ថ្ងៃ​ពុធ ពី​បទ​ដណ្តើម​កាន់​កាប់​ទី​រួម​ខេត្ត​មួយ ខណៈ​អ.ស.ប.បាន​ការពារ​កម្លាំង​រក្សា​សន្តិ​សុខ​របស់​ខ្លួន​ដែល​បាន​បោះ​បង់​ការ​ប្រយុទ្ធ​ដើម្បី ក្រុង​ហ្គូម៉ា។

ក្រុម​ប្រឹក្សា​ដែល​មាន​សមា​ជិក​១៥​ប្រទេស បាន​អនុម័ត​ជា​ឯក​ច្ឆន្ទ​នូវ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​គេ​ក៏​ស្នើ​ឲ្យ​អគ្គ​លេខា​ធិការ​អ.ស.ប.លោក បាន​គីមូន​«​ធ្វើ​សេចក្តី​រាយ​ការណ៍​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​»​អំពី​ការ​ចោទ​ប្រកាន់​លើ​ការ​គាំ​ទ្រ​ពី​ខាង​ក្រៅ​ដល់​ក្រុម M23​ដែល​ខ្លួន​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចាត់​វិធាន​ការ​បន្ថែម។

យុទ្ធ​ជន​ឧទ្ទាម​M23 ដែល​ក្រុម​អ្នក​ជំនាញ​អ.ស.ប.និយាយ​ថា​ត្រូវ​គាំ​ទ្រ​ដោយ​ប្រទេស​ជិត​ខាង​រ៉្វាន់ដា និង​ត្រូវ​ជួយ​ដោយ​អ៊ូហ្គង់ដា ដើម្បី​ចូល​ក្រុង​ហ្គូម៉ា កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​ថ្ងៃ​ជា​មួយ​ទាហាន​កុង​ហ្គោ​គាំទ្រ​ដោយ​អ.ស.ប.ដែល​បាន​បង្ខំ​ពល​រដ្ឋ​រ៉ាប់​ម៉ឺន​នាក់​គេច​ខ្លួន​។

រ៉្វាន់​ដា និង​អ៊ូហ្គង់ដា បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​រាល់​ការ​ចោទ​ប្រកាន់​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​នៅ​ក្នុង​របាយ​ការណ៍​សម្ងាត់​មួយ​ដែល​រ៉យ​ទ័រ​បាន​មើល​ឃើញ​កាល​ពី​ខែ​មុន​។

ក្រុម​ប្រឹក្សា​នេះ បាន​សម្តែង​«​ពី​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​ជា​ច្រើន​ដែល​កំពុង​បង្ហាញ​ថា ការ​គាំទ្រ​ពី​ខាង​ក្រៅ គេ​នៅ​បន្ត​ផ្តល់​ឲ្យ​ឧទ្ទាម​M23 ដែល​ក្នុង​នោះ​មាន​ទាំង​ទ័ព​ជំនួយ ដំបូន្មាន​យុទ្ធ​សាស្រ្ត និង​ការ​ផ្គត់​ផ្គង់​គ្រឿង​បំពាក់​ដែល​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​លទ្ធ​ភាព​យោធា​របស់​ក្រុម​M23​និង​ទាមទារ​ឲ្យការ​គាំទ្រ​ពី​ខាង​ក្រៅ​ណា​មួយ និង​ទាំង​អស់​ដល់​ក្រុម​M23 ឲ្យ​បញ្ឈប់​ជា​បន្ទាន់​»​។

ក្រុម​ប្រឹក្សា​នេះ បាន​ទាម​ទារ​«​ការ​ដក​ចេញ​ជា​បន្ទាន់​នូវ​ក្រុម​M23 ពី​ក្រុង​ហ្គូម៉ា​បញ្ឈប់​ការ​រុល​ទៅ​មុខ​ថែម​ទៀត​របស់​M23​ហើយ​សមា​ជិក​របស់​ខ្លន រំសាយ​ជា​បន្ទាន់ និង​ជា​អចិន្រៃ្តយ៍​និង​ទម្លាក់​អាវុធ​»​។

ក្រុម​ប្រឹក្សា​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ខ្លួន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ពិចារណា​ការ​ដាក់​ទណ្ឌ​កម្ម​លើ​គោល​ដៅ​បន្ថែម​ទៀត​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ​M23​និង​អ្នក​ទាំង​ឡាយ​ណា​ដែល​ផ្តល់​ការ​គាំទ្រ​ពី​ខាង​ក្រោយ​ដល់​M23 និង​រំលោភ​ការ​ហ៊ុម​ព័ទ្ធ​អាវុធ​លើ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ​។

ក្រុម​មន្រ្តី បាន​និយាយ​ថា​ប្រធានា​ធិបតី​អ៊ូហ្គង់ដា នឹង​ព្យាយាម​សម្រប​សម្រួល​កិច្ច​ប្រជុំ​មួយ​រវាង​ក្រុម​មេដឹក​នាំ​កុង​ហ្គោ និង​រ៉្វាន់​ដា នៅ​ក្រុង​កាំប៉ាឡា ក្នុង​អំឡុង​ថ្ងៃ​ពុធ​រី​ឯ​ក្រុម​អ្នក​ការ​ទូត​នៅ​ក្នុង​ក្រុង​ញូវ​យ៉ក បាន​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​លើ​របៀប​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ការ​ដួល​រលំ​របស់​ទី​ប្រជុំជន​នោះ​ទៅ​ក្រុម​ឧទ្ទាម​M23​។

សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ បាន​ចោទ​ប្រកាន់​ប្រទេស​ជិត​ខាង​រ៉្វាន់ដា ដែល​កង​ទ័ព​របស់​ពួក​គេ បាន​ធ្វើ​អន្ត​រាគមន៍​ម្តង​ហើយ​ម្តង​ទៀត​នៅ​ក្នុង​ជម្លោះ​របស់​កុង​ហ្គោ​ក្នុង​អំឡុង​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ពី​បទ​គាំ​ទ្រ​ក្រុម​ឧទ្ទាម​។ ក្រុង​គីហ្គាលី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ហើយ​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ចរចា។

ខណៈ​ដែល​រាត្រី​កាល​ចូល​មក​ដល់​នៅ​ក្រុង​ហ្គូម៉ា​ជា​ក្រុង​របស់​ទី​រួម​ខេត្ត​គី​វូ ខាង​ជើង​ស្នូរ​កាំ​ភ្លើង​នៃ​ការ​ប្រយុទ្ធ​គ្នា បាន​ស្ងប់ ហើយ​វិថី​ទាំងអស់​ស្ងាត់​ជ្រងំ ក្រៅ​តែ​ពី​ការ​ល្បាត​នៅ​តាម​ផ្លូវ​ពី​ក្រុម​ឧទ្ទាម​។

ក្រុម​ឧទ្ទាម​បាន​ប្រើ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​ក្នុង​តំបន់​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ស្ងប់​ស្ងាត់ ប៉ុន្តែ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាចពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហើយ​មនុស្ស​រាប់​ម៉ឺន នាក់​បាន​រត់​គេច​ខ្លួនពី​លំនៅដ្ឋាន​ពួកគេ​រួច​ហើយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាច្រើន​ថ្ងៃ​រវាង​ក្រុម​ឧទ្ទាម និង​ទាហាន​កុងហ្គោ​ដែល​គាំ​ទ្រ​ដោយ​កម្លាំង​អ.ស.ប.៕ ​NR