ក្រុងហ្សេរូសាឡឹម/ហ្គាហ្សា: ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលបានធ្វើឲ្យរង្គើតំបន់ហ្គាហ្សាស្ទ្រីពហើយគ្រាប់រ៉ុក្កែតប៉ាឡេស្ទីនជា ច្រើន បានវាយប្រហារទូទាំងព្រំដែនខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីឡារីគ្លីនតុនបានធ្វើការចរចានៅក្នុងក្រុងហ្សេរូសាឡឹមកាលពីព្រលឹមថ្ងៃពុធដោយស្វែងរកបទឈប់បាញ់មួយដែលអាចរារាំងប្រតិបត្តិការនៃកងទ័ពជើងគោករបស់អ៊ីស្រាអែល។
ក្រុមហាម៉ាស់ជាចលនាអ៊ីស្លាមនិយមបានគ្រប់គ្រងតំបន់ហ្គាហ្សានិងអេហ្ស៊ីបដែលរដ្ឋាភិបាលអ៊ិស្លាមនិយមថ្មីរបស់ខ្លួនកំពុងព្យាយាមសម្របសម្រួលបទឈប់បាញ់មួយដោយផ្ញើក្ដីសង្ឃឹមចំពោះបទឈប់បាញ់កាលពីរាត្រីថ្ងៃអង្គារប៉ុន្តែនៅពេលលោកស្រី ហ៊ីឡារីបានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីននេតានីញ៉ាហ៊ូវាក៏ប្រាកដថានឹងមានការជជែកតវ៉ាច្រើនទៀតនិងអំពើហិង្សាបន្ថែមផងដែរ។
នៅក្រុងគែរក្រុមមេដឹកនាំក្រុមហាម៉ាស់បានចោទប្រកាន់រដ្ឋជ្វីហ្វនេះថាមិនបានឆ្លើយតបសំណើទាំងនោះទេ និងបាននិយាយថា ការប្រកាសស្ដីពីបទឈប់បាញ់នឹងមិនកើតមានទេនៅមុនពេលថ្ងៃនៅថ្ងៃពុធ។ វិទ្យុអ៊ីស្រាអែលបានស្រង់សម្ដីមន្ត្រីអ៊ីស្រាអែលម្នាក់ដូចបានថ្លែងថាបទឈប់បាញ់ត្រូវបានបង្អាក់ដោយ សារតែ«មានការពន្យារពេលនាទីចុងក្រោយនៅក្នុងការយោគយល់គ្នារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល»។
ទោះជាយ៉ាងនេះក្តីការផ្អាកការវាយប្រហារជំហានដំបូងមិនបានឃើញភាគីទាំងសងខាងដកកម្លាំងខ្លួនចេញពីសមរភូមិភ្លាមៗនោះទេ ប៉ុន្តែលោកស្រី ហ៊ីឡារីដែលធ្វើដំណើរទៅកាន់ក្រុងគែរដើម្បីជួបប្រធានាធិបតីអេហ្ស៊ីបលោក ម៉ូហាម៉េតមួរស៊ី កាលពីរាត្រីថ្ងៃពុធបានថ្លែងពីកិច្ចព្រមព្រៀងមួយ «ជាមុនសិន»។
ខណៈលោកស្រីបានអញ្ជើញដល់អ៊ីស្រាអែលនៅរាត្រីនោះអ៊ីស្រាអែលកំពុងបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួន។កាំភ្លើងធំនិងមីស៊ីលដែលបានបាញ់ចេញពីនាវាចម្បាំងនៅឯឆ្នេរសមុទ្របានវាយប្រហារធ្ងន់ធ្ងរលើទឹកដី ហ្គាហ្សា ហើយការវាយប្រហារផ្លូវអាកាសបានកើតឡើងជារឿយៗ នៅរាល់១០នាទីម្ដង។
បន្ទាប់ពីមានតែអរិភាពរយៈពេល៧ថ្ងៃដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង១៣០នាក់និងពលរដ្ឋអ៊ីស្រាអែល៥នាក់ដែលពីរនាក់បានស្លាប់កាលពីថ្ងៃអង្គារភាគីទាំងពីរកំពុងស្វែងរកលើសពីការវិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់យូរៗម្តងដែលកើតមាននៅទូទាំងតំបន់បរិព័ទ្ធភូមិដែលគេបានហ៊ុមព័ទ្ធចាប់តាំងពីអ៊ីស្រាអែលបានបញ្ចប់ការវាយប្រហារលើដីនិងផ្លូវអាកាសដ៏បង្ហូរឈាម៤ឆ្នាំមកហើយ។
លោក នេតានីញ៉ាហ៊ូដែលប្រឈមនឹងការបោះឆ្នោតក្នុងរយៈពេល២ខែទៀតដែលពេលនេះលោកសង្ឃឹមថាឈ្នះនោះបានប្រាប់លោកស្រី ហ៊ីឡារីថា លោកចង់បានដំណោះស្រាយ«រយៈពេលវែង»មួយ។ ដោយបរាជ័យចំពោះរឿងនោះលោក នេតានីញ៉ាហ៊ូបានបញ្ជាក់ច្បាស់ថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីបង្កើនយុទ្ធនាការយោធាដើម្បីបញ្ឈប់សំឡេងគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់។
ចំពោះភាគីក្រុមហាម៉ាស់វិញកំពុងស្វែងរកឱកាសដែលការបះបោរអារ៉ាប់កាលពីឆ្នាំមុនបានធ្វើឲ្យខ្លួនទទួលបានការគាំទ្រពីរដ្ឋាភិបាលរដ្ឋអ៊ិស្លាមនិយមថ្មីនិងពីមហាអំណាយឈូងសមុទ្រនិកាយស៊ុននីដែលរីករាយទាក់ទាញខ្លួនឲ្យចេញពីអ៊ីរ៉ង់ខាងនិកាយស៊ីអ៊ីត។ ពួកគេបានប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដែលមីស៊ីលខ្លះអ៊ីរ៉ង់បានបញ្ជូនមកនិងសង្ឃឹមថា លើសលប់លើប្រធានាធិបតីប៉ាឡេស្ទីនលោកម៉ះមូដអាបាស់គាំទ្រដោយបស្ចិមប្រទេស។
លោកស្រីហ៊ីឡារី ដែលបានបញ្ចប់ទស្សនកិច្ចអាស៊ានជាមួយប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ានិងដែលបានធានាចំពោះលោក នេតា នីញ៉ាហ៊ូ ពីការគាំទ្រ«ដ៏រឹងមាំ»របស់អាមេរិកសម្រាប់សន្តិសុខអ៊ីស្រាអែលបានថ្លែងពីការស្វែងរក«លទ្ធផលស្ថិតថេរ»និងពី«ការទទួលខុសត្រូវ»របស់ប្រទេសអេហ្ស៊ីបដើម្បីលើកស្ទួយសន្តិភាព៕ PN
ភ្នំពេញ ប៉ុស្តិ៍









