ក្រុងអាំម៉ាន់: ការតវ៉ាបានផ្ទុះឡើងនៅក្នុងក្រុងអាំម៉ាន់នៃប្រទេសហ៊្សកដានីនិងទីរួមខេត្តជាច្រើនបន្ទាប់ពីរដ្ឋាភិបាលនេះ បានកាត់ បន្ថយការឧបត្ថម្ភធនប្រេងជាវិធានការមួយដើម្បីទទួលបានប្រាក់កម្ចីចំនួន២ពាន់លានដុល្លារពី អង្គការរូបិយវត្ថុអន្តរជាតិ(IMF)ប៉ុន្តែវាបានធ្វើឲ្យប្រេងឡើងថ្លៃ។
មនុស្សជាង១ពាន់នាក់បាននាំគ្នាចេញមកតាមផ្លូវនានាក្នុងក្រុងអាំម៉ាន់កាលពីរាត្រីថ្ងៃអង្គារហើយការតវ៉ាក្នុងទ្រង់ទ្រាយតូចៗបានកើតឡើងនៅក្នុងទីរួមខេត្តជាច្រើនបន្ទាប់ពីក្រុមអ៊ិស្លាមនិយមនិងក្រុមប្រឆាំងកុលសម្ព័ន្ធបាននិយាយថា ពួកគេនឹងធ្វើបាតុកម្ម។
អ្នកតវ៉ារាប់រយនាក់បានស្រែកព្រមៗគ្នាប្រឆាំងនឹងមហាក្សត្រអាប់ឌុលឡះនិងកម្លាំងចារកម្មដ៏មានអំណាចជាពាក្យស្លោកដែលយកព្រះរាជាផ្ទាល់ជាគោលដៅ និងមិនធ្លាប់ឮតាំងពីមុនរលកនៃការតវ៉ាផ្ការីកអារ៉ាប់ដែលបានវាយប្រហាររាជាណាចក្រនេះកាលពីដើមឆ្នាំមុន។
ខណៈហ្វូងមនុស្សមានកំហឹងជេរប្រទេចការដំឡើងថ្លៃប្រេងដ៏ច្រើនយុវជនម្នាក់បានស្រែកនៅឯទីលានធំនៅកណ្តាលក្រុងអាំម៉ាន់ថា៖ «សេរីភាព! សេរីភាព! រលំទៅ អាប់ឌុលឡះ!»។
ក្រុមអាជ្ញាធរបានពង្រឹងសន្ដិភាពនៅទូទាំងប្រទេសដែលជាផ្លូវកែងនៅមជ្ឈិមបូព៌ាជាប់ព្រំដែនអារ៉ាប៊ីសាអ៊ូឌីតអ៊ីរ៉ាក់ ស៊ីរី តំបន់វេសប៊ែង និងអ៊ីស្រាអែល។
ការតវ៉ាតាមផ្លូវប្រឆាំងនឹងភាពផ្ដាច់ការ អំពើពុករលួយនិងការគ្រប់គ្រងមូលនិធិមិនត្រូវបាននាំដល់ការផ្ដួលរំលំនៃមេដឹកនាំអារ៉ាប់ដែលកាន់អំណាចយូរយារជាច្រើនរូបក្នុងមានមេដឹកនាំប្រទេសទុយនីស៊ី អេហ្ស៊ីប លីប៊ី និងយេម៉ែនផងដែរ។
ប៉ុន្តែខុសពីបាតុកម្មផ្ការីកអារ៉ាប់គាំទ្រប្រជាធិបតេយ្យនៅក្នុងរដ្ឋជិតខាងជាច្រើនដែលបានក្លាយជាអំពើហិង្សានោះការតវ៉ានៅហ៊្សកដានីមិនបានបង្កឲ្យមានអ្នកស្លាប់ម្នាក់សោះនៅក្នុងការតវ៉ាសន្តិវិធីជិតពីរឆ្នាំនេះ។
នៅកន្លែងផ្សេងក្នុងប្រទេសនេះការតវ៉ានៅគ្រប់កន្លែងបានកើត ឡើងដោយអហិង្សាប៉ុន្តែស្ថានីយប្រេងត្រូវបានក្រុមយុវជនដែលមានកំហឹងដុត នៅក្នុងទីក្រុងIrbid ជាក្រុងធំបំផុតទីពីរនៅភាគខាងជើងប្រទេសនេះ។
វិធានការប្រកាសដោយគណៈរដ្ឋមន្ត្រីនិងចូលជាធរមានបន្ទាប់ពីរំលងអធ្រាត្រគឺជាការដំឡើងថ្លៃប្រេងដ៏ធំដំបូងតាំងពីមានការតវ៉ាតាមផ្លូវពីដើមឆ្នាំមុន៕
ភ្នំពេញ ប៉ុស្តិ៍







