ក្រុងកូវ៉ែត: មេដឹកនាំអ៊ិស្លាមកំពុងកាន់អំណាចនៅប្រទេសឈូងសមុទ្រអារ៉ាប់នេះ បាននិយាយពីថ្ងៃពុធថា ពលរដ្ឋកូវ៉ែតគួរតែប្រើប្រអប់ឆ្នោតដើម្បីបញ្ជាក់ការទាមទាររបស់ខ្លួននៅក្នុងការបោះឆ្នោតសភានៅថ្ងៃទី១ធ្នូហើយមិនចេញទៅតាមផ្លូវ«ស្រែក»នៅក្នុងការតវ៉ានោះឡើយ។
មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មជាប្រចាំចាប់តាំងពីចុងខែតុលាមកប្រឆាំងនឹងក្រឹត្យគ្រាអាសន្នរបស់លោក សាបះ អាល់អះម៉ាត់អាល់សាបះដែលកាត់បន្ថយចំនួនសន្លឹកបោះឆ្នោតដែលបានអនុញ្ញាតឲ្យពលរដ្ឋម្នាក់ពីបួនមកត្រឹមមួយដើម្បីហេតុផល«សន្ដិសុខនិងស្ថិរភាព»។
ចលនាប្រឆាំងដែលមានការចូលរួមពីអតីតសមាជិកសភានិងក្រុមយុវជននេះបានអំពាវនាវឲ្យមានការធ្វើពហិការការបោះឆ្នោតនៅក្នុងប្រទេសផលិតប្រេងដ៏ធំ និងជាសម្ព័ន្ធមិត្តអាមេរិកដែលស្ថិតក្នុងតំបន់យុទ្ធសាស្ត្រនៅទល់មុខអ៊ីរ៉ង់នេះ។
ការតវ៉ាជាច្រើន ត្រូវបានគ្រោងធ្វើនៅមុនពេលបោះឆ្នោតមួយថ្ងៃនៅប្រទេសកូវ៉ែតដែលមានប្រព័ន្ធនយោបាយបើកចំហបំផុតនៅតំបន់ឈូងសមុទ្រដោយសភាអាចអនុម័តច្បាប់និងចោទសួរក្រុមរដ្ឋមន្ត្រី។ ប៉ុន្តែមេដឹកនាំអ៊ិស្លាមរូបនោះជាអ្នកសម្រេចជាចុងក្រោយស្តីពីបញ្ហារដ្ឋខ្លះៗហើយអាចប្រើសិទ្ធិវ៉េតូប្រឆាំងនឹងច្បាប់។
ក្នុងប្រសាសន៍ដែលទីភ្នាក់ងារព័ត៌មានរដ្ឋKUNAបានចេញផ្សាយ លោកសាបះ បានថ្លែងថា៖
«ភាពតានតឹង និងភាពតប់ប្រមល់និងភាពអន្ទះសានៅពីលើប្រទេសនិងសង្គមយើងធ្វើឲ្យអ្នកឈឺចាប់ក៏ដូចជារូបខ្ញុំផងដែរ»។
មេដឹកនាំរូបនេះ បាននិយាយថា៖«វាគឺជាមហាសោកនាដកម្មដែលអំពាវនាវឲ្យចេញទៅតវ៉ាតាមដងផ្លូវ។ ហេតុអ្វីមានចលាចលនិងកុបកម្ម? ហេតុអីមានការស្រែកតវ៉ា ស្រែកយំនិងការរំខានពាណិជ្ជកម្មរដ្ឋនិងប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ?»។
លោកបន្តថា៖ «យើងមានភារកិច្ចការពារជាតិយើងពីគ្រោះថ្នាក់នៅជុំវិញខ្លួនយើងដូចជារញ្ជួយផែនដីដែលកំពុងតែធ្វើឲ្យពិភពអារ៉ាប់រង្គោះរង្គើ»។
ការជួបជុំនៅខាងក្រៅសភាត្រូវបានធ្វើជាប្រចាំនិងអហិង្សាអស់ពេលជាច្រើនឆ្នាំប៉ុន្តែការដើរក្បួនធំៗបីតាំងពីកណ្ដាលខែតុលាមកត្រូវបានប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែកបំបែក៕ PN
ភ្នំពេញ ប៉ុស្តិ៍







