ក្រុងញូវយ៉កៈ ព្យុះរដូវរងាមួយ បានបង្កឲ្យមានព្រឹល និងទឹកភ្លៀងនៅភាគឦសានអាមេរិកកាលពីថ្ងៃពុធដោយនាំមកនូវខ្យល់បក់ដ៏គ្រោះថ្នាក់ហើយបានធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយដែលមនុស្សរាប់សែននាក់នៅតែគ្មានភ្លើងប្រើប្រាស់នៅឡើយបន្ទាប់ពីព្យុះកំណាចសែនឌី។
ព្យុះឦសានបាននាំមកនូវទុក្ខសោកថ្មីដល់មនុស្សរាប់ពាន់នាក់នៅរដ្ឋញូវជឺស៊ី ញូវយ៉ក និងខុន ណិកធីខាត់ដែលផ្ទះរបស់ពួកគេ ត្រូវបំផ្លាញដោយព្យុះសែនឌី នៅពេលដែលវាបានវាយប្រហារដល់ច្រាំងកាលពីថ្ងៃ២៩ ខែតុលាដោយនាំឲ្យមានទឹកជំនន់ និងខ្យល់បក់ខ្លាំងជាប្រវតិ្តសាស្រ្ត។
លំនៅដ្ឋាននិងទីតាំងធ្វើអាជីវកម្មប្រមាណ២២ពាន់កន្លែងចាប់ពីរដ្ឋខារ៉ូឡៃណា ដល់រដ្ឋញូវយ៉ក បានដាច់ភ្លើងកាលពីថ្ងៃពុធ ដូច ជាអតិថិជនជាង៦៤ម៉ឺននាក់ដែលនៅតែគ្មានភ្លើងប្រើប្រាស់ដោយសារតែព្យុះធំបំផុត និងចំណាយប្រាក់ច្រើនបំផុតដែលពុំធ្លាប់បានវាយប្រហារអាមេរិក។
រដ្ឋញូវយ៉ក និងរដ្ឋញូវជឺស៊ី បានជម្លៀសមនុស្សចេញពីតំបន់ឆ្នេរសមុទ្រដែលងាយរងគ្រោះបំផុតមុនព្យុះឦសានដែលត្រូវបានគេព្យាករថានឹងនាំមកនូវទឹកជោរកម្ពស់៦០ស.ម.លើសកម្រិតធម្មតានៅព្រឹកថ្ងៃសុក្រ។
ព្យុះនេះ ក៏បានបង្កការខូចខាតដល់ការធ្វើដំណើរពេលយប់ចេញពីក្រុងញូវយ៉កដោយធ្វើឲ្យផ្លូវដែកLong Island Rail បិទបណ្តោះអាសន្នគ្រប់ប្រតិបត្តិការទៅកាន់ជាយក្រុងភាគខាងកើតនិងបានធ្វើឲ្យអាជ្ញាធរបិទស្ថានីយ Penn របស់ក្រុងញូវយ៉ក។
មិនមានទឹកជំនន់ធំណាមួយ ត្រូវបានគេរាយការណ៍ទេក្នុងអំឡុងព្យុះប៉ុន្មានម៉ោងដំបូង ទោះបីក្រុងញូវយ៉ក បានព្រមានថាអ្នកក្រុងដែលផ្ទះរបស់ពួកគេ បានជន់លិចក្នុងអំឡុងព្យុះសែនឌីឲ្យពិចារណាផ្លាស់ទៅផ្ទះរបស់មិត្តភក្តិនៅតំបន់ខ្ពស់ជាងឬទៅជម្រកក្រុង។
អ្នកស្រីគ្រីស្ទីន ចូនវ័យ៧៣ឆ្នាំ បានថ្លែងថាអ្នកស្រីបន្តរស់នៅ ដោយគ្មានប្រព័ន្ធកម្ដៅ ឬភ្លើងនៅក្នុងអគារផ្ទះល្វែងមាត់សមុទ្រនៅឆ្នេរសមុទ្រFar Rockaway នៅក្នុងរដ្ឋញូវយ៉កថ្វីបើត្រូវឡើងតាមកាំជណ្តើរទៅផ្ទះល្វែងជាន់ទី១០របស់អ្នកស្រីដោយប្រើពិលកាន់នឹងដៃក៏ដោយ។
អ្នកស្រី បានបញ្ជាក់ថា៖«ពួកគេ ប្រាប់យើងឲ្យជម្លៀស។ ពួកគេបារម្ភថា ពួកគេនឹងត្រូវប្លន់ពីក្រុមក្មេងប្រុសជំទង់ដែលព្យាយាមមកគាស់ផ្ទះ»។ អ្នកស្រី បានបន្ថែមថា ប៉ុន្តែអ្នកស្រី និងអ្នកជិតខាងមិនចង់ចាកចេញទេ»៕ NR
ភ្នំពេញ ប៉ុស្តិ៍






