ក្រុងឡុងដ៍ៈ អ្នកជំនាញមួយក្រុមដែលកំពុងអំពាវនាវឲ្យមានសន្ធិសញ្ញាពិភពលោកមួយឲ្យបញ្ឈប់ពាណិជ្ជកម្មសម្លាប់ជីវិតនៃឱសថក្លែងក្លាយត្រូវបានគេរារាំងមិនឲ្យចូលរួមជំនួបអង្គការសុខភាពពិភពលោក(WHO)មួយទេ ដោយបង្ហាញពីការបែកបាក់គ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរារាំងដល់ការវិវត្តលើប្រធានបទនេះ។
សាស្រ្តាចារ្យល្បីឈ្មោះ និងអ្នកអាជីពសុខាភិបាលសង្ឃឹមថានឹងជំរុញឲ្យមានការដេញដោលគ្នាលើតម្រូវការសម្រាប់ច្បាប់អន្តរជាតិថ្មីមួយដើម្បីទប់ស្កាត់ឱសថក្លែងក្លាយ និងក្រោមស្តង់ដារដែលទៅដល់ទីផ្សារជាមួយឯកសារមួយដែលគេបោះពុម្ពក្នុងទស្សនាវដ្តីវេជ្ជសាស្រ្តអង់គ្លេសពីថ្ងៃពុធ។
អត្ថបទរបស់ពួកគេដែលបង្ហាញករណីច្បាស់សម្រាប់សន្ធិសញ្ញាថ្នាំក្លែងក្លាយដូចគ្នានឹងសន្ធិសញ្ញាមានស្រាប់ស្តីពីការលាងលុយកខ្វក់ និងការជួញដូរមនុស្សបានកើតមានមួយសប្តាហ៍មុនពេលរដ្ឋចំនួន១០០ រៀបចំធ្វើជំនួបដំបូងដើម្បីពិភាក្សាអំពីបញ្ហានេះនៅក្នុងក្រុងប៊ុយណូស៊ែរ។
ប៉ុន្តែអ្នកនិពន្ធឆ្នើមលោក អាមៀរ អាត់តារ៉ាន់នៃសាកលវិទ្យាល័យ អូតាវ៉ា បានថ្លែងថា លោកត្រូវបានWHO ប្រាប់ពីថ្ងៃចន្ទថា លោក និងអ្នកតំណាងក្រៅរដ្ឋាភិបាលជាច្រើននាក់ទៀតមិនអាចចូលរួមជំនួបបានទេ បន្ទាប់ពីមានការជំទាស់ពីឥណ្ឌា។
ស្រ្តីអ្នកនាំពាក្យWHO បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតអំពីការអញ្ជើញពិសេសណាមួយទេ ប៉ុន្តែបានថ្លែងថាវាអាស្រ័យលើរដ្ឋសមាជិកក្នុងការកំណត់ថាអ្នកណាត្រូវគេអនុញ្ញាតឲ្យចូលរួម។ ក្រុមមន្រ្តីឥណ្ឌាដែលរដ្ឋាភិបាលពួកគេមានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនឱសថអន្តរជាតិដែលប្រើប្រាស់បញ្ហានេះដើម្បីទប់ស្កាត់ការប្រកួតប្រជែងភ្លាមៗនេះមិនអាចធ្វើអត្ថាធិប្បាយបានទេ។
លោកអាត់តារ៉ាន់បានហៅវាថាជា«រឿងអាស្រូវ»មួយដែលមានតែមន្រ្តីរដ្ឋាភិបាលទេនឹងចូលរួមជំនួបនៅអាហ្សង់ទីន៕
ភ្នំពេញ ប៉ុស្តិ៍






