ក្រុងភើតៈរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រីហ៊ីឡារី គ្លីនតុន មើលឃើញការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះទ្វីបអាស៊ីដែលមានទំនាក់ទំនងមិនអាចបដិសេធបានចំពោះមិត្តភាពដ៏យូរអង្វែងរបស់ខ្លួនជាមួយអូស្រ្តាលី។
រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានបង្ហាញពីការគាំទ្ររបស់អាមេរិកសម្រាប់ទំនាក់ទំនងកំពុងតែដុះពន្លករបស់អូស្រ្តាលីជាមួយឥណ្ឌា និងបានលើកទឹកចិត្តអូស្ត្រាលីឲ្យពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនកាន់តែស៊ីជម្រៅដែលរួមមានតាមរយៈសមយុទ្ធផ្លូវសមុទ្ររួមជាមួយឥណ្ឌា ជារដ្ឋប្រជាធិបតេយ្យធំបំផុតពិភពលោក។
ក្នុងសុន្ទរកថាដំបូងរបស់លោកស្រី ក្នុងដំណើរទស្សនកិច្ចមួយទៅក្រុងភើតដើម្បីកិច្ចចរចាថ្នាក់ខ្ពស់ជាមួយរដ្ឋាភិបាលរបស់លោកស្រី នាយករដ្ឋមន្ត្រី ជូលៀ ជីឡាដលោកស្រី ហ៊ីឡារី បានលើកឡើងអំពីចិនក្នុងសុន្ទរកថាយ៉ាងខ្លីរបស់លោកស្រី នៅឯសាកលវិទ្យាល័យWestern Australia គ្រាន់តែនិយាយថា «យើងព្យាយាមគាំទ្រ ការឡើងកូដដោយសន្តិវិធីរបស់ប្រទេសចិន»។
លោកស្រី ហ៊ីឡារី កំពុងស្ថិតនៅក្រុងភើតដើម្បីកិច្ចពិភាក្សាថ្នាក់ក្រសួងអូស្រ្តាលីអាមេរិក (AUSMIN)ជាទីដែលលោកស្រី នឹងពិភាក្សាស៊ីជម្រៅស្តីពីកិច្ចសហប្រតិបត្តិរវាងអូស្ត្រាលី និងអាមេរិក ខណៈប្រទេសរបស់លោកស្រី ព្យាយាមផ្តោតអារម្មណ៍យុទ្ធសាស្ត្ររបស់ខ្លួននៅអាស៊ី។ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ឡេអូន ផាណេតា ក៏ស្ថិតនៅក្នុងក្រុងនេះដែរសម្រាប់កិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរបស់អូស្រ្តាលីលោកស្ទេហ្វិន ស្មីត និងរដ្ឋមន្រ្តីការបរទេសលោក បប់ ខារ។
ដោយសរសើរឥណ្ឌាជា«ប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតក្នុងពិភពលោក និងជាប្រទេសសេដ្ឋកិច្ចកំពុងតែដុះពន្លកយ៉ាងខ្លាំង»លោកស្រីហ៊ីឡារី បានស្វាគមន៍«ទំនាក់ទំនងកំពុងដុះពន្លក»របស់អូស្រ្តាលីជាមួយប្រទេសនេះ។
ដោយសំដៅដល់ក្រុមប្រទេស១៩ លោកស្រី បានបញ្ជាក់ថា៖
«យើងនឹងស្វាគមន៍សមយុទ្ធរួមកងទ័ពជើងទឹកអូស្រ្តាលីឥណ្ឌានៅពេលអនាគតហើយយើងចង់ធ្វើការរួមគ្នាជាមួយសមាគមប្រជាជាតិជាយមហាសមុទ្រឥណ្ឌាសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់»។
លោកស្រី ក៏បានបញ្ជាក់ដែរថាអាមេរិក បានចាត់ទុកជាអាទិភាពជាយុទ្ធសាស្ត្រដោយលើកទឹកចិត្តរដ្ឋាភិបាលក្រុងញូវដែលីឲ្យដើរតួកាន់តែធំក្នុងកិច្ចការពិភពលោក។
មុននេះលោកស្មីត បានថ្លែងដោយមោទនភាពអំពីតួនាទីយុទ្ធសាស្រ្តសំខាន់ដែលមហាសមុទ្រឥណ្ឌា នឹងដើរតួនាទីក្នុងកិច្ចការពិភពលោកនៅពេលអនាគត ខណៈលោកបានផ្តល់ជាសញ្ញាថាកិច្ចចរចាពីថ្ងៃពុធ នឹងដាក់បញ្ចូលកិច្ចពិភាក្សាដំណាក់កាលដំបូងអំពីការដាក់កងទ័ពជើងទឹកអាមេរិកកាន់តែច្រើនមកកាន់មូលដ្ឋានHMAS Stirling នៅក្រុងភើត។
លោកស្រីហ៊ីឡារី បានប្រកាន់យកគោលការណ៍ដូចគ្នាដោយនិយាយដល់មហាសមុទ្រឥណ្ឌាថា៖ «ដែនទឹកទាំងនេះ ស្ថិតនៅចំបេះដូងនៃសេដ្ឋកិច្ចពិភពលោក និងជាការផ្តោតសំខាន់មួយនៃការភ្ជាប់ខ្លួនកំពុងពង្រីករបស់អាមេរិកនៅក្នុងតំបន់ ជាអ្វីដែលយើងពេលខ្លះហៅថាការផ្តោតសំខាន់របស់យើងចំពោះអាស៊ី»។
ផ្ទុយពីឥណ្ឌា លោកស្រីហ៊ីឡារី បាននិយាយតែបន្តិចបន្តួចអំពីចិនដែលជាដៃគូសេដ្ឋកិច្ចរបស់ប្រទេសអូស្រាលី។
សម្រាប់ប្រទេសចិនវិញ លោកស្រី បានថ្លែងថា គេគួរតែត្រូវលើកទឹកចិត្តឲ្យឡើងកូដដោយសន្តិវិធី ក្នុងជាអ្នករួមចំណែកមួយដែលមានការទទួលខុសត្រូវនៅក្នុងតំបន់នេះ៕ NR
ភ្នំពេញ ប៉ុស្តិ៍








