ក្រុងប៉េកាំងៈ ប្រធានាធិបតីចិនដែលជិតផុតអាណត្តិលោក ហ៊ូជីនតាវ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អំពើពុករលួយ បានគំរាមកំហែងបក្សកុម្មុយនីស្ត កំពុងកាន់អំណាច និងរដ្ឋប៉ុន្តែបាន ថ្លែងថាបក្សត្រូវតែរ៉ាប់រងខណៈខ្លួនប្រយុទ្ធនឹងភាពចលាចលក្នុងសង្គមកំពុងកើនឡើងៗ។
លោកក៏បានសន្យាធ្វើការកែទម្រង់នយោបាយប៉ុន្តែមិនបានផ្តល់ការកែប្រែគួរឲ្យកត់សម្គាល់ណាមួយទេនិងបានបដិសេធមិនចម្លងតាមស្ទីលរដ្ឋាភិបាលនៃលោកខាងលិចទេ។
នៅក្នុងសុន្ទរកថា«ថ្នាក់រដ្ឋ»មួយទៅកាន់គណៈប្រតិភូបក្សដែលគេជ្រើសយ៉ាងសម្រិតសម្រាំងប្រមាណ២៣០០នាក់ មុនពេលលោកប្រគល់អំណាច លោក ហ៊ូបានទទួលស្គាល់ថាកំហឹងសាធារណៈកំពុងកើនឡើងជុំវិញអំពើពុករលួយ និងបញ្ហាជាច្រើនដូចជាការខូចខាតបរិស្ថាន បានបំផ្លាញការគាំទ្ររបស់បក្ស និងនាំទៅរកការតវ៉ាកាន់តែច្រើនឡើងៗ។
លោក ហ៊ូ បានព្រមានថា៖«ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការលើកស្ទួយសុចរិតភាពខាងនយោបាយដែលបញ្ហាកង្វល់ធំនយោបាយចំពោះពលរដ្ឋ គឺជាការប្តេជ្ញាខាងនយោបាយដាច់ណាត់និងយូរអង្វែងរបស់បក្ស»។ លោកកំពុងបើកសមាជរយៈពេលមួយសប្តាហ៍មួយ នៅឯមហាសាលប្រជាជននៅក្រុងប៉េកាំងដែលនឹងធ្វើការផ្លាស់ប្តូរម្តងក្នុងមួយទសវត្សរ៍នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកនេះ។
ក្នុងសុន្ទរកថារយៈពេលជិតពីរម៉ោងលោក ហ៊ូ បានបញ្ជាក់ថា៖
«ប្រសិនបើយើងមិនដោះស្រាយបញ្ហានេះឲ្យបានល្អទេ វាអាចមានគ្រោះថ្នាក់ខ្លាំងដល់បក្ស និងថែមទាំងបង្កការដួលរលំបក្សនិងរដ្ឋ។ ដូច្នេះយើងត្រូវតែបន្តខិតខំដើម្បីប្រយុទ្ធនឹងអំពើពុករលួយ»។
នៅមុនកិច្ចប្រជុំដែលគេរៀបចំយ៉ាងប្រុងប្រយ័ត្ននេះ ដែលលោក ហ៊ូ នឹងប្រគល់តំណែងរបស់លោកជាមេបក្សទៅឲ្យអ្នកស្នងតំណែងគឺអនុប្រធានាធិបតីចិនលោក ស៊ី ជីនភីងត្រូវសៅហ្មងដោយរឿងអាស្រូវពុករលួយដែលពាក់ព័ន្ធនឹងអ្នកនយោបាយដែលធ្លាប់ល្បីឈ្មោះលោក បូ ស៊ីឡាយ។
គណបក្ស បានចោទលោកពីបទទទួលសំណូក និងរំលោភអំណាចរបស់ខ្លួនដើម្បីបិទបាំងអំពើឃាតកម្មរបស់ភរិយាខ្លួនលើពាណិជ្ជករអង់គ្លេសនៅក្នុងក្រុងចុងគីងភាគនិរតី ដែលលោកធ្លាប់បានគ្រប់គ្រង។
ខណៈលោកហ៊ូមិនបានលើកពី ឈ្មោះលោកបូ ជាបុរសដែលធ្លាប់គេចាត់ទុកថាជាគូប្រជែងសម្រាប់តំណែងកំពូលលោក បានបន្សល់ក្តី មន្ទិលតិចតួចអំពីគោលបំណងនៃប្រសាសន៍របស់លោក។
លោកហ៊ូ បានប្រាប់សមាជិកប្រតិភូដែលមានវត្តមានអតីតប្រធានាធិបតីលោក ហ្សាង ហ្ស៊ីមីន ដែរថា៖«អ្នកទាំងឡាយណាដែលរំលោភវិន័យបក្សនិងច្បាប់រដ្ឋទោះបីពួកគេជានរណានិងអំណាចជាអ្វី ឬមានតំណែងផ្លូវការអ្វីក៏ដោយ ក៏ត្រូវតែនាំពួកគេមកកាត់ទោសដោយគ្មានយោគយល់»។
លោក បានថ្លែងបន្តថា៖ «ក្រុមមន្រ្តីឆ្នើមៗជាពិសេសក្រុមមន្រ្តីជាន់ខ្ពស់ ត្រូវតែប្រើស្វ័យវិន័យតឹងរ៉ឹង និងពង្រឹងការអប់រំ និងការឃ្លាំមើលលើគ្រួសារ និងបុគ្គលិករបស់ពួកគេហើយពួកគេមិនគួរស្វែងរកបុព្វសិទ្ធិមកកាពារទេ»។
កាសែតញូវយ៉កថែម បានរាយការណ៍ពីខែមុនថា គ្រួសាររបស់នាយករដ្ឋមន្រ្តីចិន លោក វេន ជា ប៉ាវ បានប្រមូលប្រាក់យ៉ាងតិច២,៧ពាន់លានដុល្លារ«ដោយលួចធ្វើអ្នកមាន»ជារបាយការណ៍មួយដែលរដ្ឋាភិបាលចិនបានចាត់ទុកថាជាការបង្ខូចកេរ្តិ៍ឈ្មោះ។
លោកហ៊ូ បានចូលក្នុងអង្គប្រជុំអមទៅដោយលោក ហ្សាង ហ្ស៊ីមីនជាសញ្ញាប្រាប់ថាអតីតប្រធានាធិបតីរូបនោះ នៅតែប្រើឥទ្ធិពលយ៉ាងច្រើននៅក្នុងបក្សនិងក្នុងកិច្ចពិភាក្សាសម្ងាត់ដើម្បីសម្រេចចិត្តលើក្រុមថ្នាក់ដឹកនាំថ្មី។
សមាជនេះ នឹងចប់នៅថ្ងៃទី១៤ វិច្ឆិកា នៅពេលគណៈកម្មាធិការអចិន្រៃ្តយ៍ថ្មីបក្សត្រូវគេប្រកាស។ មានតែលោក ស៊ី និងអនុរបស់លោកគឺលោក លី កេឈាងដែលនឹងប្រាកដថានៅក្នុងគណៈកម្មាធិការ៧រូប៕ NR
ភ្នំពេញ ប៉ុស្តិ៍








