ក្រុងតូក្យូៈ ក្រោមសម្ពាធពីបក្សប្រឆាំងកាន់តែខ្លាំងឲ្យរក្សាពាក្យសន្យាដែលអំពាវនាវឲ្យមានការបោះឆ្នោតឆាប់ៗនាយករដ្ឋមន្រ្តីជប៉ុនលោកយូស៊ីហ៊ីកូ ណូដាមើលទៅទំនងជាមានទំនោរទៅរកការអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់ក្នុងខែក្រោយបន្ទាប់ពីការសន្យាគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលដឹកនាំដោយអាមេរិកដ៏ចម្រូងចម្រាស។
លោកណូដាដែលពុំមានប្រជាប្រិយភាព អាចសង្ឃឹមយកឈ្នះល្បែងបោះឆ្នោតដ៏ក្លាហានរបស់មេដឹកនាំលោក ជូនីឈីរ៉ូ កូអ៊ីហ្សូមីនិងប្រើប្រាស់ការអំពាវនាវឲ្យមានកំណែទម្រង់សេដ្ឋកិច្ចធំមួយដើម្បីសម្រួលការខ្មាសអៀនដែលគណបក្សប្រជាធិបតេយ្យរបស់លោក ត្រូវគេរំពឹងថានឹងរងគ្រោះក្នុងដៃអ្នកបោះឆ្នោតដែលមានការខកចិត្ត។
ពាក្យសន្យារបស់លោក កូអ៊ីហ្សូមី ដែលឯកោដើម្បីធ្វើឯកជនភាវូបនីយកម្មប្រព័ន្ធប្រៃសណីយ៍ធំជាសញ្ញាមួយនៃកំណែទម្រង់ធំដែលបានជួយលោកដឹកនាំក្រុមប្រជាធិបតេយ្យសេរីនិយមដែលកាន់អំណាចនៅគ្រានោះថ្វីបើមានការជំទាស់ពីក្រុមអ្នកបោះឆ្នោតនៅក្នុងបក្សលោកផ្ទាល់ក្តី។
អតីតរដ្ឋមន្រ្តីយុទ្ធសាស្រ្តជាតិលោក ម៉ូតូហ៊ីសា ហ៊្វូរូកាវ៉ា បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា៖«យើងគិតថា ការបោះឆ្នោត គឺកៀកណាស់ហើយ។ វាពិតជាអាចធ្វើនៅថ្ងៃទី១៦ ធ្នូ។ លោកបានបញ្ជាក់ថា៖«ខ្ញុំគិតថា ស្ថានការណ៍ នឹងមិនប្រសើរទេ ប្រសិនបើ យើង ពន្យារពេលនោះ»។
ដោយការគាំទ្រពីអ្នកបោះឆ្នោត សម្រាប់គណៈរដ្ឋមន្រ្តីរបស់លោកធ្លាក់ក្រោម២០ភាគរយ ពេលនេះលោកណូដាចង់បន្តការគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP)ដែលដឹកនាំដោយអាមេរិកជាយុទ្ធនាការឃោសនាថ្មីរបស់គណបក្ស។
លោកណូដា បានប្រាប់ក្រុមអ្នកយកព័ត៌មានពីចុងសប្តាហ៍ថា៖
«យើងនឹងស្វែងរកស្របគ្នាជាមួយនឹងTPP»៕ NR
ភ្នំពេញ ប៉ុស្តិ៍






