ក្រុងភើតៈរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រីហ៊ីឡារី គ្លីនតុន បានមកដល់ក្រុងភើតដើម្បីកិច្ចចរចាទ្វេភាគីប្រចាំឆ្នាំមួយរវាងអូស្រ្តាលី និងអាមេរិក។
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ឡេអូន ផាណេតា គ្រោងនឹងមកដល់នៅពេលបន្ទាប់នៅថ្ងៃអង្គារដែរមុនពួកគេជួបគ្នានៅថ្ងៃពុធជាមួយរដ្ឋមន្រ្តីការពារជាតិលោក ស្ទេហ្វិន ស្មីត និងរដ្ឋមន្រ្តីការបរទេសលោក បប់ខារ។
ក្រុមមេដឹកនាំអាមេរិក ក៏នឹងជួបជាមួយនាយករដ្ឋមន្រ្តី លោកស្រីជូលៀ ជីឡាដ ផងដែរ។
កម្លាំងសន្តិសុខតឹងរ៉ឹងដែលរួមមានក្បួនរថយន្ត១៥គ្រឿង ហើយឧទ្ធម្ភាគចក្រពីរគ្រឿងដែលឃ្លាំមើលព្រលានយន្តហោះអន្តរជាតិភើតពីខាងលើកំពុងតែដំណើរការសម្រាប់ការមកដល់នៃយន្តហោះ C-37 របស់លោកស្រី ហ៊ីឡារី។
លោកស្រី ហ៊ីឡារី ត្រូវស្វាគមន៍ដោយព្រឹទ្ធសមាជិកលោក ខារនិងលោក ស្មីត នៅឯព្រលានយន្តហោះជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំអាមេរិកលោក គីមប៊ីស្លី និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអូស្រ្តាលីលោក ជេ្រហ្វីប្លីច។នាយករដ្ឋមន្រ្តីអូស្រ្តាលីខាងលិចលោក Colin Barnett និងភរិយាលោកស្រី លីនក៏បានចូលរួមស្វាគមន៍លោកស្រីហ៊ីឡារីដែរ។
នេះគឺជាជំនួបប្រចាំឆ្នាំដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានបំពេញទស្សនកិច្ចអូស្រ្តាលីកាលពីឆ្នាំមុនហើយបានធ្វើឲ្យចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្រ្តាលីមួម៉ៅដោយប្រកាសថា ទាហានម៉ារីនអាមេរិករហូតដល់២៥០០នាក់ នឹងប្តូរវេនតាមរយៈទីតាំងហ្វឹកហ្វឺនយោធាចម្រុះនៅដាវីន។
ក្រោមការរៀបចំនេះ វត្តមានយោធាអាមេរិក នឹងត្រូវបន្ថែមទៅកាន់មូលដ្ឋានកងទ័ពជើងទឹកអូស្រ្តាលីនៅខាងត្បូងក្រុងភើត និងទីតាំងទម្លាក់គ្រាប់បែកនៅភាគខាងជើងអូស្រ្តាលីជាផ្នែកមួយនៃការផ្លាស់ប្តូរកម្លាំងអាមេរិកទៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
អាហ្វហ្គានីស្ថាន ដែលមានទាហានអូស្ត្រាលី១៥៥០នាក់ក៏នឹងជួបពិភាក្សាដែរ៕ NR
ភ្នំពេញ ប៉ុស្តិ៍







