ក្រុងប៉េកាំងៈ ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃអង្គារថា បក្សកុម្មុនីស្តចិននៅថ្ងៃព្រហស្បតិ៍នឹងប្រកាសក្រុមមេដឹកនាំកំពូលថ្មីៗដែលនឹងដឹកនាំប្រទេសសម្រាប់រយៈពេលមួយទសវត្សរ៍ខាងមុខគឺ មួយថ្ងៃបន្ទាប់ពីសមាជរយៈពេល មួយសប្តាហ៍របស់ខ្លួនបញ្ចប់។
ការកំណត់ពេលវេលាដែលគេរំពឹងជាទូទៅនេះ ត្រូវបានបញ្ជាក់ដល់បុគ្គលិកយកព័ត៌មានសមាជកំពុងដំណើរការនៅក្រុងប៉េកាំង ដែលត្រូវបានធ្វើឡើងរាល់៥ឆ្នាំ ម្តង។ ប្រធានាធិតីចិនលោក ហ៊ូជីនតាវ ដែលកាន់អំណាច១០ឆ្នាំ ជាទូទៅត្រូវបានគេរំពឹងថានឹងផ្ទេរការគ្រប់គ្រងរបស់បក្សកំពុងកាន់អំណាចទៅឲ្យអនុប្រធានាធិបតីរបស់លោកគឺលោក ស៊ី ជីនភីង។
ថ្នាក់ដឹកនាំដែលគេសម្រេចចិត្តក្នុងការតថ្លៃគ្នាសម្ងាត់រវាងក្រុមជាច្រើននៅក្នុងបក្ស នឹងត្រូវប្រកាសឲ្យពលរដ្ឋក្នុងប្រទេសដឹងនៅពេលដែលសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ការិយាល័យនយោបាយ បង្ហាញខ្លួនជាជួរនៅមុខម៉ាស៊ីនថតនៅមហាសាលប្រជាជននៅក្នុងក្រុងប៉េកាំង។ ក្រុមបុគ្គលិកបក្ស បានប្រាប់អ្នកយកព័ត៌មានថា គណៈកម្មាធិការអចិន្រៃ្ដយ៍ថ្មី ដែលពេលនេះមានសមាជិក៩រូបនឹង«ជួបសារព័ត៌មាន»នៅថ្ងៃព្រហស្បតិ៍។រហូតមកដល់ពេលនេះគណបក្សពុំទាន់បានបញ្ជាក់ជាផ្លូវនូវការកំណត់ពេលទេ។
លោក ស៊ី ត្រូវគេរំពឹងជាទូទៅថានឹងចាកចេញពីតំណែងដំបូងរបស់លោកក្នុងគណៈកម្មាធិការនេះដោយបង្ហាញថា លោក នឹងក្លាយជាមេដឹកនាំបក្សថ្មី។ បន្ទាប់មកលោក នឹងត្រូវតែងតាំងជាផ្លូវការជាប្រធានាធិបតីរបស់ប្រទេសនេះនៅខែមីនាឆ្នាំក្រោយដោយសភាប្រថាប់ត្រារបស់ចិន។ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ដូចជាលោកស៊ី គឺលោកឧបនាយករដ្ឋមន្រ្តីលី កេឈាង ក៏នឹងត្រូវគេរំពឹងយ៉ាងមុតមាំថានឹងឡើងទៅជាថ្នាក់ដឹកនាំកំពូលរបស់គណៈកម្មាធិការនេះហើយត្រូវគេដាក់នៅលើផ្លូវដែលគេនឹងត្រូវតែងតាំងជានាយករដ្ឋមន្រ្តី ដោយជំនួសលោក វេន ជាប៉ាវ ដែលកំពុងកាន់តំណែងបច្ចុប្បន្ន។
ពួកគេនឹងកាន់តំណែងនៅពេលលំបាកមួយនៅពេលប្រទេសមហាអំណាច សេដ្ឋកិច្ចនេះ កំពុងតែជួបការធ្លាក់ចុះដ៏កម្រមួយ ហើយមានតម្រូវការឲ្យកែប្រែកើនឡើងពីអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឥតសំចៃរបស់ប្រទេសនេះ។ប្រសិនបើអ្វីៗដំណើរការទៅបានតាមទម្លាប់លោក ស៊ី និងលោក លី នឹងរំពឹងថានឹងកាន់តំណែងបាន១០ឆ្នាំ។
ទោះជាយ៉ាងនេះក្តីក៏គណៈកម្មាធិការអចិន្ត្រៃយ៍ តាមធម្មតាធ្វើការកែប្រែបន្តិចបន្តួចរៀងរាល់៥ឆ្នាំដោយរុះរើគណៈកម្មាធិការថ្នាក់ ទាប។ សមាជិកភាពផ្សេងទៀត នៃគណៈកម្មាធិការដែលគេនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ នៅតែជាបញ្ហាចចាមអារ៉ាមដដែល។
ក្នុងសុន្ទរកថាបើកសមាជកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក ហ៊ូ បានសរសើរសមិទ្ធផលរបស់ប្រទេសក្នុងអំឡុងអាណត្តិរបស់លោក។ ប៉ុន្តែលោក ក៏បានព្រមានខ្លាំងៗអំពីតម្រូវការចាំបាច់ដើម្បីដោះស្រាយបញ្ហាក្តៅគគុក ជុំវិញអំពើពុករលួយ ការបំផ្លាញបរិស្ថាន និងសម្ពាធសាធារណដើម្បីលទ្ធិប្រជាធិបតេយ្យ។
លោកបានថ្លែងថា អំពើពុករលួយអាចបង្ហាញពីការស្លាប់ចំពោះបក្ស និងអាចជាបុព្វហេតុនៃការដួលរលំរបស់ខ្លួនដោយបន្ថែមថា បក្សដ៏មានអំណាចគ្រប់យ៉ាងត្រូវតែកែប្រែរចនាសម្ព័ន្ធ នយោបាយ និងផ្តល់ឲ្យប្រជាជននូវលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែទូលំទូលាយ៕ NR
ភ្នំពេញ ប៉ុស្តិ៍







