Headlines:

លោក ស៊ី ជិន​ភីង​ត្រូវ​​តែង​តាំង​ឲ្យ​ដឹក​នាំ​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ថ្មី



121116_17a
សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ការិ​យាល័យ​នយោ​បាយ​ថ្មី នាំមុខ​ដោយ​លោក​ស៊ី ជីនភីង និង​លី​ កេ​ឈាង​ ជួប​អ្នក​កាសែត​នៅ​ថ្ងៃព្រហស្បតិ៍។ Reuters

ក្រុង​ប៉េកាំងៈ​ប្រធានា​ធិបតី​កំពុង​រង់​ចាំ​របស់​ចិន​លោក​ស៊ី ជិន ភីង​បាន​ទទួល​អំណាច​ដ៏​រឹង​មាំ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ដឹក​នាំ​ប្រទេស​សេដ្ឋ​កិច្ច​ធំ​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក​និង​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​ដែល​មាន​ចាប់​ពី​អំពើ​ពុក​រលួយ​រហូត​ដល់​ភាព​មិន​ប្រាកដ​ប្រជា​ខាង​សេដ្ឋ​កិច្ច​។

លោក ស៊ី ត្រូវ​បាន​គេ​តែង​តាំង​ជា​ប្រធាន​បក្ស​កុម្មុយនីស្ត​កំពុង​កាន់​អំណាច​ផង និង​ប្រមុខ​ស្ថាប័ន​យោធា​កំពូល​របស់​ចិន​ផង​ខណៈ​បក្ស​កុម្មុយ​នីស្ត​កំពុង​កាន់​អំណាច​បាន​ប្រកាស​បញ្ជី​សមាជិក​ថ្នាក់​ដឹក​នាំ​ថ្មី​ដែល​មាន​ទាំង​ក្រុម​អភិរក្ស និង​ក្រុម​កំណែ​ទម្រង់​ហិរញ្ញ​វត្ថុ​ដែល​គេ​គោរព​។

ក្នុង​សុន្ទរកថា​មួយ​នៅ​ពេល​បិទ​សមាជ​៥​ឆ្នាំ​ម្តង​របស់​បក្ស លោក ស៊ី បាន​ថ្លែង​ថា លោក​បាន​យល់​ពី បំណង​ប្រាថ្នា​របស់​ប្រជាជន​ចង់​បាន​ជីវ​ភាព​កាន់​តែ​ប្រសើរ​ប៉ុន្តែ​បាន​ព្រមាន​ពី​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​នៅ​ខាង​មុខ​។

បន្ទាប់​ពី​បាន​បង្ហាញ​ជូន​សមាជិក​គណៈ​កម្មា​ធិការ​អចិន្រៃ្តយ៍​៦​រូប​ទៀត​នៅ​ឯ​មហា​សាល​ប្រជាជន​ក្នុង​ពិធី​ដែល​រៀប​ចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​រដ្ឋ លោក បាន​និយាយ​ថា​៖​«​បក្ស​យើង ត្រូវ​បាន​ឧទ្ទិស​ដើម្បី​បម្រើ​ប្រជាជន​»​។

ថ្លែង​ជា​ភាសា​ចិន​កុក​ងឺ​ដ៏​សុក្រិត​លោក​បាន​បន្ថែម​ថា​៖ «​បក្ស​ធ្លាប់​បាន​ដឹក​នាំ​ប្រជាជន​ក្នុង​ការ​សាង​សមិទ្ធ​ផល​ធំ​ៗ​នៅ​ក្នុង​ពិភព​លោក​ហើយ​យើង​មាន​គ្រប់​ហេតុ​ផល​ដើម្បី​មោទន​ភាព​ចំពោះ​សមិទ្ធ​ផល​ទាំង​នោះ»​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ប៉ុន្តែ​យើង​មិន​ទាន់​ស្កប់​ស្កល់​ទេ​ហើយ​យើង​នឹង​មិន​សម្រាក​នៅ​ពី​លើ​ជ័យ​លាភី​របស់​យើង​ទេ​។ ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​ថ្មី បក្ស​របស់​យើង ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​ជា​ច្រើន ហើយ​ក៏​មាន​បញ្ហា​បន្ទាន់​ជា​ច្រើន​ក្នុង​បក្ស​ដែល​គេ​ត្រូវ​តែ​ដោះ​ស្រាយ ជា​ពិសេស​អំពើ​ពុក​រលួយ ដែល​បាន​បែក​ខ្ញែក​ពី​ប្រជាជន ដោយ​ឆ្លង​កាត់​ទម្រង់​បែប​បទ និង​ការិយាល័យ​ធិបតេយ្យ​និយម​ដែល​បង្ក​ឡើង​ដោយ​ក្រុម​មន្រ្តី​បក្ស​ខ្លះ​»។

ដំណើរ​ឈាន​ទៅ​ដល់​ការ​ផ្ទេរ​អំណាច​នេះ​ត្រូវ​បាន​សៅ​ហ្មង​ដោយ​រឿង​អាស្រូវ​ធំ​បំផុត​ក្នុង​បក្ស​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ​ដោយ​ជន​មាន​មហិច្ឆតា​លោក​បូ ស៊ីឡៃ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​មេ​បក្ស​ក្រុង​ចុង​គីង​នៅ​ភាគ​និរតី​បន្ទាប់​ពី​ភរិយា​របស់​លោក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឃាត​អ្នក​ជំនួញ​អង់​គ្លេស​ម្នាក់​។

លោក​ស៊ី នឹង​ដឹក​នាំ​ចិន​យ៉ាង​តិច​៥​ឆ្នាំ​ជា​មួយ​ក្រុម​ចម្រុះ​មួយ​ដែល​ក្នុង​នោះ​មាន​នាយក​រដ្ឋ​មន្រ្តី​ដែល​នឹង​ត្រូវ​គេ​តែង​តាំង​បន្ទាប់​ជា​អ្នក​ចេះ​ដឹង និយាយ​ភាសា​អង់​គ្លេស​លោក លី កេ​ឈាង​និង​សេដ្ឋ​កិច្ច​វិទូ​ដែល​សិក្សា​នៅ​កូរ៉េ​ខាង​ជើង​លោក ចាង ដេជាំង។

លោក​ស៊ី នឹង​ស្នង​តំណែង​ថ្នាក់​រដ្ឋ​របស់​លោក​ហ៊ូ ក្នុង​ខែ​មីនា​ក្នុង ជំនួប​សភា​ប្រចាំ​ឆ្នាំ ហើយ​លោក​លី​នឹង​ស្នង​តំណែង​លោក​វេន​។

រឿង​នោះ អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​កំណែ​ទម្រង់​ដែល​ចិន​ចង់​បាន​បំផុត​ថ្វី​បើ​មាន​ការ​លំបាក​ខ្លាំង​ខាង​ហិរញ្ញ​វត្ថុ ឬ​សង្គម​ក៏​ដោយ​។ មេ​ដឹក​នាំ​ជាន់​ខ្ពស់​ពីរ​រូប​ដែល​មាន​សមត្ថ​ភាព​កំណែ​ទម្រង់​រឹង​មាំ គឺ​មេ​បក្ស​ក្វាង​ទុង​លោក វ៉ាង យ៉ាង​និង​មេ​បក្ស​លោក​លី យួន​ចាវ​ពុំ​បាន​ចូល​ក្នុង​គណៈ​កម្មា​ធិការ​អចិន្រៃ្ដយ៍​ទេ។

លោក វ៉ាង ឈីសាន​វ័យ​៦៤​ឆ្នាំ បច្ចុប្បន្ន​នេះ​ជា​ឧបនាយក​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​កិច្ច​ការ​សេដ្ឋ​កិច្ច នឹង​កាន់​តួនាទី​ប្រឆាំង​អំពើ​ពុក​រលួយ មិន​មែន​កិច្ច​ការ​សេដ្ឋ​កិច្ច​ទេ។

អ្នក​ជំនាញ​ខាង​នយោ​បាយ​ចិន​លោក Jean-Pierre Cabestan បាន​ថ្លែង​ថា​៖ «​ថ្នាក់​ដឹក​នាំ​ចិន​ត្រូវ​បាន​គេ​បំបែក​»​៕ ​NR