ក្រុងញូវយ៉ក: ប្រធានាធិបតីមីយ៉ាន់ម៉ាបានសន្យាពិចារណាពីសិទ្ធិថ្មីសម្រាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាគ្មានរដ្ឋនៅមុនពេលដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាប៉ុន្តែមិនបានធ្វើការប្ដេជ្ញាចិត្តទាំងស្រុងថា ភាពជាពលរដ្ឋនិងសេរីភាពថ្មីផ្សេងទៀតនឹងត្រូវបានផ្ដល់ឲ្យនោះទេ។
ក្នុងលិខិតមួយដែលបានផ្ញើទៅអ.ស.ប.កាលពីថ្ងៃសុក្រប្រធានាធិបតីថេន សេនបានធ្វើសេចក្តីថ្លែងការណ៍ផ្សះផ្សាគ្នាដែលបានថ្កោលទោស«អំពើហិង្សាគ្មានន័យ»នៅក្នុងរដ្ឋរ៉ាក់ឃីនភាគខាងលិចរវាងក្រុមពុទ្ធសាសនិករ៉ាក់ឃីន និង មូស្លីមរ៉ូហ៊ីងយ៉ា។
លោក ថេន សេនបានប្រាប់ក្រុមមេដឹកនាំសាសនាថា៖ «មានក្រុមជាតិនិយមនិងក្រុមសាសនាជ្រុលនិយមដែលបានញុះញង់និងអុជបញ្ឆេះដោយមិនសមហេតុផលនៅពីក្រោយហេតុការណ៍នេះដើម្បីធ្វើឲ្យរាលដាលអំពើហិង្សាក្នុងសាសនា»។
ដោយមិនបញ្ជាក់អត្តសញ្ញាណពួកគេលោកបានថ្លែងថា៖ «ក្រៅពីនេះមានអង្គការជាតិនិងអន្តរជាតិខ្លះដែលបានព្យាយាមបញ្ឆេះភ្លើងដោយផ្សព្វផ្សាយព័ត៌មានមិនពិតនិងប្រឌិត»។
ដោយអំពាវនាវឲ្យមានការរួបរួមគ្នារវាងរដ្ឋាភិបាលព្រះសង្ឃពុទ្ធសាសនានិងពលរដ្ឋគ្រប់ជាតិសាសន៍និងសាសនាលោកបានថ្លែងថា៖ «ប្រទេសនេះនឹងបាត់បង់មុខមាត់នៅក្នុងចំណោមសហគមន៍អន្តរជាតិបើសិនយើងមិនអាចបន្តបទដ្ឋានសិទ្ធិមនុស្សនិងកិច្ចការមនុស្សធម៌ដែលប្រទេសជាច្រើនកំពុងតែអនុវត្តនោះទេ»។
មនុស្សជិត២០០នាក់ត្រូវបានស្លាប់និងជាង១០ម៉ឺននាក់ទៀតត្រូវបានខ្ចាត់ព្រាត់ចាប់តាំងពីខែមិថុនាមក នៅក្នុងការប្រយុទ្ធគ្នារវាងសហគមន៍ទាំងពីរ។
ការធ្វើទុក្ខបុកម្នេញអម្បូររ៉ូហ៊ីងយ៉ាក៏ប៉ះពាល់ដល់បង់ក្លាដែសផងដែរ។ នៅពេលមានអំពើហិង្សាសហគមន៍កើតឡើងនៅមីយ៉ាន់ម៉ាក្រុមជនជាតិភាគតិចតែងនាំគ្នារត់ចូលបង់ក្លាដែសតាមតំបន់ព្រំដែនតិកណាហ្វ៕ PN
ភ្នំពេញ ប៉ុស្តិ៍







