ក្រុងប៉េកាំង/ភ្នំពេញៈ អ្នកការទូតចិនកំពូលម្នាក់ បាននិយាយកាលពីថ្ងៃសៅរ៍ថាជំនួបកំពូលក្នុងតំបន់មួយនៅកម្ពុជា មិនត្រូវឲ្យជម្លោះជុំវិញសមុទ្រចិនខាងត្បូងគ្របដណ្តប់នោះទេខណៈដែលស្ថានការណ៍នេះស្ថិតនៅក្រោមការគ្រប់គ្រងហើយប្រទេសជាច្រើនដែលពាក់ព័ន្ធ អាចដោះស្រាយជម្លោះដោយខ្លួនឯង។
ការអះអាងអធិបតេយ្យភាពរបស់ចិនលើដែនទឹកក្នុងសមុទ្រក្បែរឆ្នេរសមុទ្រខាងត្បូងរបស់ខ្លួននិងភាគខាងកើតនៃតំបន់ដីគោកអាស៊ីអាគ្នេយ៍បានធ្វើឲ្យប៉ះពាល់ដោយផ្ទាល់នឹងវៀតណាមនិងហ្វីលីពីន រីឯប្រ៊ុយណេ តៃវ៉ាន់ និងម៉ាឡេស៊ី ក៏បានទាមទារផ្នែកជាច្រើនផងដែរ ដោយធ្វើឲ្យវាជាចំណុចបញ្ហាយោធាជាសក្តានុពលធំបំផុតនៅអាស៊ី។
ប៉ុន្តែអនុរដ្ឋមន្រ្តីការបរទេសចិនលោកស្រីហ៊្វូយីងបានថ្លែងថាជម្លោះគេអាចគ្រប់គ្រងក្នុងដៃហើយ នៅមុនជំនួបមួយដែលកំពុងចាប់ផ្តើមនៅចុងសប្តាហ៍នេះរបស់ក្រុមមេដឹកនាំនៅក្នុងតំបន់នៅក្នុងប្រទេសកម្ពុជា ដែលប្រមុខរដ្ឋអាស៊ាននិងនាយករដ្ឋមន្រ្តីចិន លោក វេន ជាប៉ាវ និងប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ាចូលរួមផងដែរ។
លោកស្រីហ៊្វូ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖«ឲ្យតែតំបន់នេះ ត្រូវបានគេទិញដាច់គ្រប់ៗគ្នាគិតថា វាមានគ្រោះថ្នាក់មានភាពរពើតរពើងខ្លាំងណាស់ដោយសារតែបញ្ហាសមុទ្រចិនខាងត្បូង។ តាមពិតកាលពីមួយ-ពីរឆ្នាំកន្លងទៅ ចិន និងប្រទេសជាច្រើនទៀតដែលនៅជុំវិញសមុទ្រចិនខាងត្បូង បានគ្រប់គ្រងដោយជោគជ័យនូវជម្លោះនេះ និងមិនបាន ធ្វើឲ្យជម្លោះរីករាលដាលទេ»។
លោកស្រី បានបញ្ជាក់ថា បទពិសោធរបស់អាស៊ីចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ដែលគេចពីជម្លោះទ្រង់ទ្រាយធំ បានបង្ហាញថាបញ្ហាសមុទ្រចិនខាងត្បូង ក៏គេអាចគ្រប់គ្រងបានដែរ។
ទោះជាយ៉ាងណាក៏ដោយ ក៏ចិននៅតែជំទាស់នឹងសំណើសម្រាប់កិច្ចចរចាពហុភាគីលើបញ្ហាសមុទ្រនេះ ដោយចង់ព្យាយាមចរចាជម្លោះជាមួយប្រទេសនីមួយៗដែលជាអ្នកទាមទារដែលមិនសូវមានឥទ្ធិពល។ ចិនក៏បានជំទាស់នឹងការប៉ុនប៉ងចូលរួមពាក់ព័ន្ធរបស់ក្រុងវ៉ាស៊ីនតោនដែរ។ ការប្រយុទ្ធគ្នាពុំធ្លាប់មានពីមុនមកជុំវិញការជំរុញ ឲ្យដាក់ចេញក្រមសីលធម៌រួមចំពោះភាពតានតឹងទឹកដីជាមួយចិនបានធ្វើឲ្យជំនួបកំពូលអាស៊ានពីខែកក្កដាបរាជ័យ៕ NR
ភ្នំពេញ ប៉ុស្តិ៍







