Headlines:

អ្នក​បើក​រថ​យន្ត​ក្រុង​ក្នុង​ក្រុង​សេអ៊ូល​លុប​ចោល​កូដ​កម្ម​



121123_17c
ស្លាកក្នុង​ក្រុង​សេអ៊ូល​ប្រាប់​ថា រថយន្ត​ក្រុង​ដំណើរ​ការធម្មតា។ Reuters

ក្រុង​សេអ៊ូល​: ទី​ភ្នាក់​ងារ​យ៉ុន​ហាប់ បាន​រាយ​ការណ៍​ថា ពុំ​មាន​ការ​រាំង​ស្ទះ​ធំ​ដុំ​នៅ​ក្នុង​ម៉ោង​ដ៏​មមា​ញឹក​ពេល​ព្រឹក​ក្នុង​ក្រុង​សេអ៊ូល​ត្រូវ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទេ ខណៈ​សេវាកម្ម​រថយន្ត​ក្រុង​ទូទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​វិល​ត្រឡប់​មក​រក​ប្រក្រតី​ឡើង​វិញ​បន្ទាប់​ពី​ក្រុម​អ្នក​បើកបរ​មិន​ធ្វើ​ការ​មួយ​រយៈ​ពេល​ខ្លី​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សភា​ជាតិ​ដែល​មាន​ន័យ​ស្មើ​នឹង​ការ​បង្កើន​ប្រយោជន៍​ហិរញ្ញ​វត្ថុ​ដល់​ក្រុម​ហ៊ុន​តាក់​ស៊ី។

សមាគម​ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ជាតិ​បាន​និយាយ​ថា នៅ​ម៉ោង​៦​និង​២០​នាទី​ព្រឹក សេវា​កម្ម​រថ​យន្ត​ក្រុង​ក្នុង​ក្រុង​សេអ៊ូល​មាន​សភាព ធម្មតា​ហើយ​នៅ​ម៉ោង​៧​និង​២០​នាទី​ព្រឹក សេវា​កម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​នេះ​ក៏​ដំណើរ​ការ​។

យោង​តាម​ក្រសួង​ដឹក​ជញ្ជូន​ផ្លូវ​គោក​ឲ្យ​ដឹង​ថា មុន​នេះ​ក្នុង​ថ្ងៃ​នេះ​រថយន្ត​ប្រមាណ​២៧៦៦០​ក្នុង​ចំណោម ៤៣​៤២៧​គ្រឿង​នៅ​ក្នុង​ក្រុង​ធំ​ៗ​ចំនួន​៨​របស់​ប្រទេស​បាន​ឈប់​រត់​ក្នុង​នោះ​រថ​យន្ត​ស្ទើរ​តែ ទាំង​៧៥០០​គ្រឿង​រត់​នៅ​លើ​ផ្លូវ​ជាង​៣៦០​ខ្សែ​ក្នុង​ក្រុង​សេអ៊ូល​។

នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​សមា​គម​នេះ​បាន​និយាយ​ថា៖

«​យើង​បាន​សម្រេច​ចិត្ត​បន្ត​សេវាកម្ម​នេះ​ដើម្បី​ដោះ​ស្រាយ​ការ​លំបាក​ជា​សាធារណៈ ដែល​បណ្ដាល​មក​ពី​ការ​តវ៉ា​របស់​យើង​»។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​បើក​រថ​យន្ត​ក្រុង​បាន​ព្រមាន​ថា​ពួកគេ​នឹង​បន្ត​កូដ​កម្ម​របស់​ខ្លួន​«បើ​សិន​ជា​សេច​ក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទទួល​ស្គាល់​តាក់​ស៊ី​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណ​ជន​ត្រូវ​បាន​អនុម័ត ដោយ​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​សភា​ជាតិ»។

សេច​ក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ដែល​គណៈ​កម្មាធិការ​សភា​បាន​អនុម័ត​ជា​ឯក​ច្ឆន្ទ​ពី​ថ្ងៃ​ពុធ​ពេល​នេះ​រង់​ចាំ​ការ​អនុម័ត​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​សភា​ថ្វី​បើ​មាន​ការ​ជំទាស់​ពី​រដ្ឋាភិបាល​ក្ដី​។

បើ​សិន​ជា​សភា​អនុម័ត​មែន វា​នឹង​ដាក់​ក្រុម​ហ៊ុន​និង​អ្នក​បើក​តាក់​ស៊ី​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ពាក់​កណ្ដាល​រដ្ឋ​ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​នឹង​កំណត់​ប្រាក់​ខែ​របស់​អ្នក​បើក​តាក់​ស៊ី​និង​ប្រតិ​បត្តិការ​ផ្សេង​ទៀត​។ ផ្ទុយ​មក​វិញ ក្រុម​អ្នក​បើក​បរ​ទាំង​នោះ នឹង​ត្រូវ​ធានា​នូវ​ប្រាក់​ចំណូល​ថេរ​ហើយ​ក្រុម​ហ៊ុន​នឹង​មាន​សិទ្ធិ​ទាម​ទារ​សំណង​ពី​រដ្ឋាភិបាល​នូវ​រាល់​ការ​ខាតបង់​។

ឧស្សាហ​កម្ម​រថ​យន្ត​ក្រុង​បាន​ទទួល​ប្រាក់​ចំនួន​១,១​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ការ​ឧបត្ថម្ភ​ធន​រដ្ឋ​ផ្សេង​ៗពី​រដ្ឋាភិបាល​កណ្តាល​និង​តំបន់​ឯ​ក្រុម​ហ៊ុន​តាក់​ស៊ី​រក​ចំណូល​បាន​៧៦០​ពាន់​លាន​វ៉ុន៕ PN