នៅពេលប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ានិងមេដឹកនាំជាង១០នាក់ផ្សេងទៀត បានអញ្ជើញមកដល់កម្ពុជាសម្រាប់ជំនួបកំពូលក្នុងតំបន់ក្នុងសប្តាហ៍នេះ មានតែមេដឹកនាំតែមួយរូបក្នុងចំណោមពួកគេមានរៀបចំពិធីទទួលស្វាគមន៍ ដោយបដាជាច្រើនចងឲ្យរយោងតាមដងវិថី។
បដាមួយបានសរសេរថា«សូមស្វាគមន៍នាយករដ្ឋមន្រ្តីចិន វេន ជាប៉ាវ!» និងបដាមួយទៀតសរសេរថា«ជយោ!សាធារណរដ្ឋប្រជាមានិតចិន»។
ខណៈក្រុមមេដឹកនាំបានចាកចេញបដាបៃតងសនោះ នៅតែត្រូវតាំងនៅខាងក្រៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញធ្វើឲ្យគេនឹក ឃើញដល់ឥទ្ធិពលដ៏មានអំណាចនិងកំពុងកើនឡើងរបស់ចិនខណៈក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន និងប្រាក់ដើម្បីទទួលបានមិត្តភក្តិនិងធ្វើឲ្យរកាំចិត្តដល់អ្នកដែលមិនសុខចិត្តអំពីការទាមទារទឹកដីជាមួយចិន។រីឯកម្លាំងយោធាចិនក៏មានភាពខ្លាំងឡើង។
នៅឯជំនួបកំពូលអាស៊ីបូព៌ាដែលរួមមានប្រមុខរដ្ឋមកពីប្រទេសអាស៊ានទាំង១០ និងដៃគូមកពីអាមេរិក ចិន ជប៉ុន និងរដ្ឋអាស៊ី-ប៉ាស៊ីហ្វិកជាច្រើនទៀតអ្នកការទូតអាស៊ីម្នាក់បាននិយាយថា៖ «រដ្ឋខ្លះ ត្រូវរងឥទ្ធិពលលុយកាក់ដោយងាយ។ ប្រសិនបើពួកគេឃើញលុយពួកគេនឹងបោះបង់ចោលគោលការណ៍របស់ពួកគេដោយងាយ។ ចិនបាននិងកំពុងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន និងទិញភក្តីភាពនៃរដ្ឋខ្លះនៅអាស៊ី»។
គំរូឧទាហរណ៍ធំមួយគឺ កម្ពុជា ដែលនាយករដ្ឋមន្រ្តីរបស់ខ្លួនលោក ហ៊ុន សែន បានជួយចិនសម្រេចបាននូវជោគជ័យការទូតមួយ នៅឯជំនួបកំពូលនេះ។ ចិន បានរារាំងកិច្ចពិភាក្សាលើសេចក្តីសម្រេចចិត្តមួយស្តីពីជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ដោយបានជំទាស់រាល់ការប៉ុនប៉ងរបស់ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍មិនឲ្យចាប់ផ្តើមកិច្ចចរចាផ្លូវការលើបញ្ហានេះ ហើយបានគេចពីការស្តីបន្ទោសពីលោកអូបាម៉ា ជុំវិញមហិច្ឆតាទឹកដី។ ក្រុមអ្នកធ្វើអត្ថាធិប្បាយ បានប្រកាសថា ចិន គឺជាអ្នកឈ្នះពិតប្រាកដនៅឯជំនួបកំពូលនោះ។
សេចក្តីថ្លែងការណ៍របស់លោកហ៊ុន សែន ប្រធានអាស៊ានដែលមាន១០ប្រទេសនៅឆ្នាំនេះ មិនបាននិយាយអំពីសមុទ្រចិនខាងត្បូងទេ ជាជោគជ័យមួយទៀតសម្រាប់ការប៉ុនប៉ងរបស់ចិនដើម្បីទប់ស្កាត់កិច្ចចរចាពហុភាគីស្តីពីជម្លោះនោះ។
ចិនបានបង្ហូរការវិនិយោគ និងប្រាក់កម្ចីមកឲ្យកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួននិងជាម្ចាស់បំណុលទ្វេភាគី។ បំណុលរបស់កម្ពុជាជំពាក់ចិន ពេលនេះសរុបមានយ៉ាងតិច៤,៧ពាន់លានដុល្លារស្មើនឹងប្រមាណ១/៣នៃសេដ្ឋកិច្ចរបស់ខ្លួន។
ក្រុមអ្នកវិភាគ បាននិយាយថា តម្លៃនៃសម្បទាននោះកាន់តែច្បាស់នៅឆ្នាំនេះ ខណៈដែលកម្ពុជា បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ានដើម្បីកម្រិតព្រំដែនកិច្ចពិភាក្សាលើបញ្ហាមួម៉ៅនៃការទាមទារដែនសមុទ្ររបស់ចិនដោយធ្វើឲ្យក្រុមនេះមានការបែកបាក់គ្នានា និងបានធ្វើឲ្យសម្ព័ន្ធអាមេរិកនិងហ្វីលីពីន មានការរកាំចិត្ត៕ NR
ភ្នំពេញ ប៉ុស្តិ៍








