ក្រុង ញូវដែលីៈ ឥណ្ឌាបានយល់ព្រមទិញឧទ្ធម្ភាគចក្រយោធា និងគ្រឿងផ្គុំយន្តហោះចម្បាំងរាប់សិបគ្រឿងនៅឯជំនួបកំពូលមួយកាល ពីថ្ងៃចន្ទដោយបញ្ជាក់ពីការរឹងមាំឡើងវិញនូវទំនាក់ទំនងរវាងសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរថ្វីបើវិធានការថ្មីៗរបស់ក្រុងញូវដែលី ផ្លាស់ប្តូរក្រុមហ៊ុនផ្គត់ផ្គង់អាវុធជាច្រើនរបស់ខ្លួនក៏ដោយ។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានលើកសរសើរភាពជាដៃគូយុទ្ធសាស្រ្តនៃប្រទេសពួកគេនៅក្នុងជំនួបកំពូលនៅក្រុងញូវដែលី នោះនិងនៅក្នុងសេចក្តីថ្លែងការណ៍ រួមមួយ ដែលបានឯកភាពគ្នាលើបញ្ហាពិភពលោកជាច្រើនដែលមានចាប់ពីភាពចលាចលនៅស៊ីរីរហូតដល់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។
កិច្ចព្រមព្រៀងទាំងនេះ ពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្រ្តយូរអង្វែងមួយដែលផ្អែកលើការសង្ស័យរួមរបស់ចិន ថ្វីក្រោយមករុស្ស៊ីបានទាក់ទាញសត្រូវរបស់ឥណ្ឌាគឺប៉ាគីស្ថានហើយឥណ្ឌា បានងាកទៅរកអាមេរិក និងអឺរ៉ុបព្រោះតែរកាំចិត្តនឹងអាវុធយុទ្ធភណ្ឌរបស់រុស្ស៊ីក្តី។
ដោយស្វាគមន៍លោកពូទីនក្នុងនាមជា«មិត្តភក្តិមានតម្លៃម្នាក់ និងជាស្ថាបនិកដំបូងនៃភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-រុស្ស៊ី»ក្នុងសេចក្តីថ្លែងការណ៍មួយលោក ស៊ីង បានថ្លែងថា៖«រុស្ស៊ី ជាដៃគូសំខាន់មួយក្នុងកិច្ចប្រឹងប្រែងរបស់យើងដើម្បីធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធរបស់យើង»។
ការទិញអាវុធរបស់ឥណ្ឌា៦០ភាគរយ នៅតែមកពីរុស្ស៊ី ប៉ុន្តែវានៅតែតិចថែមទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈខ្លួនព្យាយាមប្រៀប អានុភាពសេដ្ឋកិច្ចកំពុងកើនឡើងរបស់ខ្លួនជាមួយឥទ្ធិពលយោធានិងសម្លឹងមើលទៅចិនដែលជាយក្សជិតខាងយ៉ាងប្រុងប្រយ័ត្ន។
ប្រភពវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីនឹងលក់ឲ្យឥណ្ឌានូវឧទ្ទម្ភាគចក្រយោធា៧១គ្រឿងតម្លៃ១,៣ពាន់លានដុល្លារ និងឧបករណ៍គ្រឿងផ្គុំបច្ចេកវិទ្យាតម្លៃ១,៦ពាន់លានដុល្លារដើម្បីផ្គុំយន្តហោះចម្បាំង SU-3-MKI ចំនួន៤២គ្រឿង។ កិច្ចព្រមព្រៀងពីមុនសម្រាប់យន្តហោះនោះត្រូវបានឯកភាពពីឆ្នាំមុន៕ NR
ភ្នំពេញ ប៉ុស្តិ៍







