ក្រុង ប៉េកាំង: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីថ្ងៃចន្ទថា ក្រុមប៉ូលិសចិនបានជួយសង្គ្រោះក្មេង៨៩នាក់និងចាប់ខ្លួនជនសង្ស័យ៣៥៥នាក់ក្នុងអំឡុងពេលចុះបង្ក្រាបទៅលើក្រុមជួញដូរកុមារ៩ក្រុមនៅទូទាំងប្រទេស។
ប្រធានការិយាល័យប្រឆាំងការជួញដូរកុមារ នៅក្នុងក្រសួងសន្តិសុខសាធារណៈលោកឈិន ស៊ីគូ បាននិយាយថា ប៉ូលិសបានចាប់ផ្ដើមប្រតិបត្តិការកាលពីថ្ងៃទី១៨ធ្នូនៅក្នុងខេត្តជាច្រើន ក្នុងនោះមានខេត្តក្វាងទុងនិងខេត្តស៊ីឈន់ដែលខេត្តពីរនេះមានប្រជាជនច្រើនជាងគេបំផុតនៅចិន។
ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការបានរាយការណ៍ថាកុមារទាំងនេះកំពុងត្រូវបានថែទាំនៅក្នុងអគារថែទាំមនុស្សចាស់ក្នុងតំបន់ហើយប៉ូលិសកំពុងស្វែងរកម្ដាយឪពុកពួកគេ។
ទីភ្នាក់ងារនេះបានស្រង់សម្ដីលោកឈិនដូចបាននិយាយថា៖ «យើងនឹងប្រមូលឌីអិនអេ(DNA)របស់កុមារទាំងនេះហើយប្រើវាដើម្បីស្វែងរកឪពុកម្ដាយពួកគេនៅក្នុងមូលដ្ឋានទិន្នន័យ DNA ជាតិ ដែលបានបង្កើតឡើងក្នុងគោលបំណងប្រឆាំងការជួញដូរមនុស្ស»។
ការជួញក្មេងទាំងនេះ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅចិនដែលគេបានចោទទៅលើគោលនយោបាយ«មានកូនតែមួយ»ដ៏តឹងរ៉ឹងដែលបានដាក់ប្រាក់ធានាភ័យលើទារក។
មន្ត្រីអនុវត្តច្បាប់កម្រិតខ្ពស់នៅក្នុងខេត្តហ្វូជាន លោក វ៉ាង ស៊ីចាងបានថ្លែងថា ប្រាក់កម្រៃដ៏ច្រើនបានជំរុញឲ្យមានពាណិជ្ជកម្ម។
លោក វ៉ាង ត្រូវបានស្រង់សម្ដីដូចដែលបាននិយាយថា ក្មេងប្រុសមានសុខភាពល្អម្នាក់ដែលគេទិញត្រឹមតម្លៃ៤.៨១០ដុល្លារនៅក្នុងខេត្តក្រីក្រដូចជាខេត្តយុនណានជាដើមអាចលក់បានចំនួនពី៩ម៉ឺនទៅ១០ម៉ឺនដុល្លារនៅក្នុងខេត្តអ្នកមានដូចជាខេត្តហ្វូជាននិងក្វាងទុងជាដើម៕ PN
ភ្នំពេញ ប៉ុស្តិ៍






