ក្រុង គូឡាឡាំពួៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីបរ៉ាហ្សាក់ បានធានាជាមួយក្រុមគ្រិស្តសាសនិករបស់ប្រទេសលោកថា លោក នឹងនៅតែបើកចំហស្តាប់រាល់ក្តីកង្វល់ក្តីសង្ឃឹម និងគំនិតរបស់ពួកគេជានិច្ច។
ក្នុងសារបុណ្យណូអែលរបស់លោក លោកនាយករដ្ឋមន្រ្តី បានទទួលស្គាល់សហគមន៍សាសនាគ្រិស្តរបស់ប្រទេសនេះសម្រាប់តួនាទីរបស់ពួកគេនៅក្នុងសង្គមម៉ាឡេស៊ីជាពិសេសនៅរដ្ឋសាបះ និងសារ៉ាវ៉ាក់។
ក្នុងសារដែលត្រូវបានផ្សាយក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់លោកលោកបានថ្លែងថា៖ «យើងមានសំណាងណាស់ដែលម៉ាឡេស៊ី បន្តរីករាយនឹងទំនាក់ទំនងអហិង្សារវាងជំនឿផ្សេងៗ និងពូជសាសន៍ខុសៗគ្នា។ រឿងនេះមិនអាចកើតមានទេបើសិនជាគ្មានកិច្ចប្រឹងប្រែងជាបន្តដើម្បីរក្សាវាតាមរបៀបនោះដូច្នេះខ្ញុំនឹងបើកចំហស្តាប់នូវក្តីសង្ឃឹមក្តីកង្វល់និងគំនិតដែលសមាជិកនៃសហគមន៍សាសនាគ្រិស្តមានជានិច្ច»។
ដោយជូនពរក្រុមគ្រិស្តសាសនិកម៉ាឡេស៊ីរីករាយថ្ងៃបុណ្យណូអែលលោក ណាជីប បានថ្លែងថា លោក រីករាយដែលបានចូលរួមជាមួយសមាជិកនៃជំនឿក្នុងពិធីផឹកតែថ្ងៃបុណ្យណូអែលដែលលោកបានស្តាប់ទស្សនៈរបស់ពួកគេ។
លោកបានបញ្ជាក់ថា ថ្វីបើប្រទេសម៉ាឡេស៊ី ជារដ្ឋមូស្លីមភាគច្រើនក្តីក៏ពលរដ្ឋខ្លះអាចមិនដឹងថា ក្នុងពលរដ្ឋម៉ាឡេស៊ី១០នាក់ មានគ្រិស្តសាសនិកម្នាក់ទេ។
ចាប់តាំងពីក្លាយជានាយករដ្ឋមន្រ្តីលោកណាជីប បានបញ្ជាក់ថា លោក បានសង្កត់ធ្ងន់លើគំនិតបង្រួបបង្រួមម៉ាឡេស៊ីតែមួយនិងចលនានិយមកណ្តាលពិភពលោក។
ខណៈដែលគំនិតរបស់ពួកគេគឺមួយផ្នែកនិយាយអំពីការបង្កើតកិច្ចចរចា លោក ណាជីបក៏បានរំឭកពីការជួបជាមួយសម្តេចប៉ាប។ ដោយលើកឡើងពីទំព័រទ្វីតធើរ របស់បុរីវ៉ាទីកង់ លោក ណាជីប បានមានប្រសាសន៍បន្តថា៖«ខ្ញុំរីករាយណាស់ ដែលបានជួបសម្តេចប៉ាបបេណេឌីកដោយផ្ទាល់ហើយពេលនេះកំពុងរង់ចាំការទេសនាជាថ្មីទៀត»៕ NR
ភ្នំពេញ ប៉ុស្តិ៍







