Headlines:

ប្រមុខ​កង​ទ័ព​ថៃ​និង​អាភីស៊ីត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចេញ​ពី​ស្រមោល​ថាក់ស៊ីន



130314_17a
អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ថាក់​ស៊ីន ស៊ី​ណាវ៉ាត់ ជាបងប្រុស។ AFP

ក្រុង បាងកកៈ មេ​បញ្ជា​ការ កង​ទ័ព​ថៃ លោក​ប្រាយុទ្ធ ចាន់ អូចា និង​មេ​ដឹក​នាំ​បក្ស​ប្រជាធិបតេយ្យ លោក​អាភីស៊ីត វេចាជីវ៉ា កាល​ពី​ថ្ងៃ​អង្គារ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ថៃ​ចេញ​ពី​ស្រមោល​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ដែល​គេ​ទម្លាក់​ពី​អំណាច​លោក ថាក់ ស៊ីន ស៊ីណាវ៉ាត់។

ពួក​គេ​កំពុង​តែ​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​ព័ត៌មាន​ជាច្រើន​ដែល​ថា អតីត​នាយក​រដ្ឋ​មន្ត្រី​រូប​នោះ​បាន​បញ្ជា​ឲ្យ​រដ្ឋការ​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ភឿ​ថៃ​បន្ត​អនុវត្ត​ឲ្យ​ប្រែ​ប្រួល​នូវ​គោល​នយោបាយ​របស់​ខ្លួន ជា​ពិសេស​លើ​ច្បាប់​លើក​លែង​ទោស និង​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​។

ឧត្តមសេនីយ៍ ប្រាយុទ្ធ បាន​និយាយ​ថា រដ្ឋាភិបាល​គួរ​តែ​ស្តាប់​សាធារណជន​ជំនួស​វិញ​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​។

លោក​បាន​ថ្លែង​ថា៖ «​យើង​គួរ​ស្តាប់​ពលរដ្ឋ​ដែល​រស់​នៅ​ទី​នេះ​គឺ​នៅ​ក្នុង​ប្រទេស និង​ទុក​អ្នក​ដែល​នៅ​បរទេស​មួយ​ឡែក​»។

ប្រភព​កង​ទ័ព​មួយ បាន​និយាយ​ថា ឥទ្ធិពល​របស់​ថាក់ស៊ីន​បាន​ធ្វើ​ឲ្យ​លោក ប្រាយុទ្ធ មាន​អារម្មណ៍​មិន​ស្រួល​ព្រោះ​វា​បាន​បង្កើត​ការ​សង្ស័យ​ជុំវិញ​ការ​ដឹក​នាំ​របស់​នាយក​រដ្ឋ​មន្ត្រី យីងឡាក់​។

លោក​អាភីស៊ីត​បាន​និយាយ​ថា លោក​ថាក់ស៊ីន កាន់​តែ​ញាក់​ខ្សែ​គាត់​ក៏​បាន​បង្កើត​ជម្លោះ​កាន់​តែ​ច្រើន​ដែរ។

លោក​បាន​និយាយ​ថា៖​«​បើ​សិន​រដ្ឋាភិបាល​ម៉ឺង​ម៉ាត់​អំពី​ការ​ផ្សះ​ផ្សា​មែន​នោះ គេ​គួរ​តែ​ឈប់​គិត​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ បើ​សិន​ជា​ថាក់ស៊ីន នៅ​តែ​បន្ត​ញាក់​ខ្សែ ប្រទេស​ជាតិ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​នៃ​ជម្លោះ​»។

នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក​ស្រី​យីង​ឡាក់​កាល​ពីថ្ងៃ​អង្គារ​បាន​បដិសេធ​ថា លោក​ថាក់ស៊ីន មិន​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​ជំរុញ​ការ​លើក​លែង​ទោស​នោះ​ទេ។

លោក​ស្រី​បាន​ថ្លែង​ថា៖​«​សាធារណជន​ចង់​ឃើញ​ដំណោះ​ស្រាយ​មួយ​។ ខ្ញុំ​មាន​សមាន​ចិត្ត​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ប្រឈម​នឹង​ការ​កាត់​ទោស​សម្រាប់​តួ​នាទី​ពួក​គេ​ក្នុង​ការ​ប៉ះ​ទង្គិច​នយោបាយ​ដូច្នេះ​ខ្ញុំ​គាំទ្រ​ការ​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​»។ សភា​មាន​សេចក្តី​ស្នើ​ច្បាប់​លើក​លែង​ទោស​ជា​ច្រើន​ដើម្បី​ពិចារណា​និង​ធ្វើ​ការ​លើ​របៀប​បន្ត​នីតិវិធី៕ CC