ក្រុងអាថែនៈរដ្ឋាភិបាលក្រិកបានបោះឆ្នោតឈ្នះក្នុងគម្លាតតែបន្តិចកាលពីថ្ងៃព្រហស្បតិ៍ដើម្បីអនុម័តកញ្ចប់ត្បិតត្បៀតមួយដែលគេត្រូវការដើម្បីទទួលបានជំនួយសំខាន់ និងបញ្ចៀសការក្ស័យធនថ្វីបើជម្លោះផ្ទៃក្នុងមួយ និងការតវ៉ាដោយហិង្សានៅឯខ្លោងទ្វារសភាក្តី។
សមាជិកសភាបានអនុម័តការកាត់បន្ថយចំណាយ ការដំឡើងពន្ធ និងវិធានការនានាដែលធ្វើឲ្យកាន់តែងាយស្រួលក្នុងការជួល និងបណ្តេញកម្មករបន្ទាប់ពីពលរដ្ឋក្រិកជិត១០ម៉ឺននាក់គ្រវីទង់ជាតិ និងបានស្រែកព្រមៗគ្នាថា«ប្រយុទ្ធ!ពួកគេ កំពុងតែជញ្ជក់ឈាមយើងហើយ!»បានមកដល់ទីលានSyntagmaនៅកណ្តាលក្រុងអាថែន។
ថ្វីបើមិនមានសំឡេងឆ្នោតពីដៃគូកាន់អំណាចតូចរបស់ពួកគេគឺបក្សប្រជាធិបតេយ្យឆ្វេងក៏ដោយ ក៏បក្សប្រជាធិបតេយ្យថ្មីរបស់លោកនាយករដ្ឋមន្រ្តី អាន់តូនីស សាម៉ារ៉ាស់ និងបក្សសម្ព័ន្ធមិត្តPASOKសង្គមនិយមបានអនុម័តសេចក្តីព្រាងច្បាប់ដែលមាន៥០០ទំព័របន្ទាប់ពីពាក់កណ្តាលអាធ្រាត្រ។
ពួកគេ ប្រមូលបាន១៥៣សំឡេងក្នុងចំណោមអាសនៈ៣០០នៅក្នុងសភាដោយបក្សប្រជាធិបតេយ្យថ្មី និងបក្សPASOK បណ្តេញតំណាងរាស្រ្ត៧រូបពីតំណែងរបស់ពួកគេដោយសារតែមិនគាំទ្រវិធានការនេះ។ សេចក្តីព្រាងច្បាប់នេះរួមមានវិធានការត្បិតត្បៀត១៧,២ពាន់លានដុល្លារដែលរដ្ឋាភិបាល ត្រូវគេរំពឹងថានឹងដាក់ឆ្លងសភានៅថ្ងៃអាទិត្យ។
កាលពីក្បាលព្រលប់ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅពេលដែលក្រុមអ្នកតវ៉ាមួយក្តាប់តូច បានព្យាយាមទម្លុះរបាំងមួយដើម្បីចូលសភា។ ប៉ូលិសបានឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែកគ្រាប់បែកភ្លើង និងកាណុងទឹក នៅក្នុងការតវ៉ាប្រឆាំងការត្បិតត្បៀតមួយនៅទីនេះ។
នៅខាងក្នុងសភា ក៏មានភាពចលាចលផងដែរដោយបុគ្គលិកសភាបានដើរចេញពីសម័យប្រជុំមួយរយៈពេលខ្លីនៅពេលពួកគេដឹងថា ប្រាក់ខែពួកគេត្រូវបានកាត់៕ NR
ភ្នំពេញ ប៉ុស្តិ៍







