ក្រុងម៉ា្រឌីដ/លីស្បោន: បុគ្គលិកកម្មករអេស្ប៉ាញនិងព័រទុយហ្គាល់រាប់លាននាក់ បានចូលរួមធ្វើកូដកម្មទូទៅដំបូងមួយ នៅទូទាំងឧបទ្វីបអ៊ីបេរី កាលពីថ្ងៃពុធដោយបិទការដឹកជញ្ជូនផ្អាកជើងហោះហើរនិងបិទសាលារៀនដើម្បីតវ៉ាប្រឆាំងនឹងការកាត់បន្ថយចំណាយនិងការដំឡើងពន្ធ។
សហជីពនៅក្រិកនិងអ៊ីតាលីក៏ឈប់ធ្វើការនិងធ្វើបាតុកម្មនៅថ្ងៃ«ទិវាសកម្មភាពនិងសាមគ្គីភាពអឺរ៉ុប»ប្រឆាំងនឹងគោលនយោបាយត្បិតត្បៀតដែលក្រុមមេដឹកនាំសហជីពបានស្ដីបន្ទោសពីបទអូសបន្លាយនិងធ្វើឲ្យវិបត្តិសេដ្ឋកិច្ចនៅឧបទ្វីបនេះកាន់តែអាក្រក់។
ប៉ូលិសអេស្ប៉ាញ បានចាប់ខ្លួន មនុស្ស៣២នាក់តាំងពីព្រលឹម ខណៈការវាយតប់គ្នាកើតមាននៅ តាមបង្កាន់ដៃដែក។ ការប្រើភ្លើងបានធ្លាក់ចុះ ១១% ខណៈរោងចក្រទាំងឡាយបិទការផលិត។ រថភ្លើងព័រទុយហ្គាល់ស្ទើរតែមិនរត់ ហើយមេត្រូ ត្រូវបានបិទ។
ប្រធានសហជីពកម្មករទូទៅ UGT លោកកាន់ឌីដូ ម៉េនដេស បាននិយាយថា៖ «យើងកំពុងធ្វើកូដកម្មដើម្បីបញ្ឈប់គោលនយោបាយធ្វើអត្តឃាតទាំងនេះ»។
ប្រធានសហជីព Comisiones Obrerasដ៏ធំបំផុតនៅអេស្ប៉ាញលោកហ្វឺរណាន់ដូ តូសូបានថ្លែងថា ការសម្របសម្រួលពីអន្តរជាតិបង្ហាញថា៖ «យើងកំពុងបង្កើតពេលវេលាជាប្រវត្តិសាស្ត្រមួយនៅក្នុងចលនាសហភាពអឺរ៉ុប»។
អេស្ប៉ាញដែលកម្មករម្នាក់ក្នុងចំណោមបួននាក់គ្មានការងារធ្វើពេលនេះកំពុងស្ទាក់ស្ទើរក្នុងការអំពាវនាវសុំកញ្ចប់ថវិកាសង្គ្រោះពីអឺរ៉ុបដោយលោកនាយករដ្ឋមន្ត្រីម៉ារីយ៉ាណូរ៉ាចយ ព្យាយាមបញ្ចប់ការជួយសង្គ្រោះដែលអាចតម្រូវឲ្យមានការកាត់បន្ថយថវិកា តាមអឺរ៉ុបកាន់តែច្រើន។
កំហឹងកាន់តែឆាបឆេះឡើងចាប់តាំងពីសប្ដាហ៍មុននៅពេលដែលស្ត្រីអេស្ប៉ាញម្នាក់បានលោតពីលើផ្ទះល្វែងសម្លាប់ខ្លួន ខណៈមន្ត្រី តម្រួតបានព្យាយាមបណ្ដេញនាងចេញនៅពេលធនាគារនាង បានប្ដឹងរឹបអូសទូទាត់នឹងប្រាក់កម្ចី។ ពលរដ្ឋអេស្ប៉ាញបានខឹងសម្បាខ្លាំងចំពោះធនាគារដែលកំពុងត្រូវគេជួយសង្គ្រោះជាមួយសាច់ប្រាក់សាធារណៈខណៈពលរដ្ឋសាមញ្ញៗរងគ្រោះ។
លោក សាន់ត្រាហ្គុងសាឡេសអាយុ១៩ឆ្នាំជានិស្សិតផ្នែកកិច្ចការសង្គមដែលដើរក្បួនជាមួយក្រុមមិត្តភក្ដិនិងអ្នកតវ៉ារាប់ពាន់នាក់ទៀតបាននិយាយឲ្យដឹងថា៖ «យើងកំពុងធ្វើការតវ៉ាព្រោះពួកគេកំពុងព្រងើយនឹងសិទ្ធិរបស់ពលរដ្ឋ។ ពលរដ្ឋកំពុងត្រូវគេបណ្ដេញចេញហើយពួកគេកំពុងតែដំឡើងពន្ធដារ»៕ PN
ភ្នំពេញ ប៉ុស្តិ៍







